• Fri. Oct 29th, 2021

ឧកញ៉ា គួចម៉េងលី៖ កម្រមានមហាសេដ្ឋី​ណា​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​ការ​ងារ​ខ្លាំង​ណាស់​

1.5K Shares

លើលោកនេះកម្រមានមហាសេដ្ឋីឬបុគ្គលជោគជ័យណាចំណាយពេលវេលា​ជា​មួយ​គ្រួសារ​ច្រើន​ជាង​ការងារខ្លាំងណាស់។ ម្យ៉ាងក្រៅតែពីចំណាយ​វេលាជាមួយការងារនិងជំនួញនោះ អ្នក​ជោគជ័យ​ឬ​មហាសេដ្ឋី​ទាំងនោះ តែងតែចំណាយពេលទៅលើសង្គមនយោបាយ សង្គមមិត្តភក្តិ សង្គមស្នេហា និងសង្គមផ្សេងៗជាច្រើនទៀត ម្ល៉ោះហើយ​ទើបធ្វើឱ្យពួកគេ​គ្មានពេល​វេលាច្រើនសម្រាប់​ចំណាយ​លើ​ក្រុមគ្រួសារ។ និយាយបែបនេះ ពុំមែនមានន័យថាពួកគេបោះបង់គ្រួសារ​ចោលនោះទេ គឺគ្រាន់​តែពួកគេ​មិនសូវមានពេលច្រើនសម្រាប់ក្រុមគ្រួសារ ដូចជាសាមញ្ញជនតែប៉ុណ្ណោះ។

ចំពោះខ្ញុំ ទម្រាំដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនដូចសព្វថ្ងៃ គឺខ្ញុំបានចំណាយពេលវេលា​ច្រើនណាស់មក​លើក្រុមហ៊ុនរបស់ខ្ញុំ។ កាលពីមុន ខ្ញុំតែងតែងើបពីព្រលឹមមកក្រុមហ៊ុនរបស់ខ្ញុំ ហើយ​ជារឿយៗ​ខ្ញុំ​ត្រលប់​ចូលផ្ទះវិញនៅម៉ោង១០យប់ ឬជួនកាលខ្ញុំចូលដល់ផ្ទះវិញនៅម៉ោង១២កន្លះ ឬក៏ម៉ោង១​យប់​ក៏​មាន។ ដោយសារតែរវល់នឹងការងារ​បែបនេះ យូរៗទៅវាបានធ្វើឱ្យខ្ញុំស៊ាំនឹងទម្លាប់មួយនេះ ដល់​ពេល​ស៊ាំ​យូរ​ទៅ កូនៗរបស់ខ្ញុំនិងប្រពន្ធខ្ញុំ ពួកគាត់ក៏ស៊ាំនឹងការញ៉ាំ​បាយទាំងថ្ងៃទាំងល្ងាច​មុន​ជា​រឿយៗ​ទៅ។ ចំណែកខ្ញុំ ខ្ញុំតែងញ៉ាំបាយក្រោយ​គេតែម្នាក់​ឯងរៀងរាល់យប់​បន្ទាប់​ពី​ចេញ​ពី​ធ្វើការ​ដល់ផ្ទះ។

បច្ចុប្បន្នខ្ញុំធ្វើការនៅក្រុមហ៊ុនត្រឹមថ្ងៃសៅរ៍ ប៉ុន្តែកាលពីដំបូងៗខ្ញុំធ្វើការងារប្រាំពីរថ្ងៃក្នុង​មួយ​សប្តាហ៍​។ ដោយសារតែធ្វើការងាររបៀបនេះ ខ្ញុំកម្រមានពេលចំណាយពេលដើរលេង ឬញ៉ាំ​បាយ​ជុំគ្រួសារ​ណាស់។ យូរៗមានពេលម្ដងប៉ុណ្ណោះ។ នៅពេលមានពេល ខ្ញុំនាំកូននិងប្រពន្ធខ្ញុំទៅ​ក្រៅដើម្បី​ញ៉ាំ​អាហារ​ជុំគ្នា ឬបើមានពេលសម្រាកវែងបន្តិច ខ្ញុំនាំពួកគេទៅដើរកម្សាន្តនៅក្រៅប្រទេស។

ខ្ញុំគិតថា បើខ្ញុំមិនបានចំណាយពេលជាមួយនឹងការងារ ជាមួយនឹងក្រុមហ៊ុនច្រើនដូចនេះទេ ក្រុម​ហ៊ុន​ខ្ញុំប្រហែលជាមិនអាចរីកចម្រើនដូចសព្វថ្ងៃឡើយ។ អ៊ីចឹងហើយ​បានជាខ្ញុំតែង​តែប្រាប់​បុគ្គលិក​របស់​ខ្ញុំថា បើចង់ជោគជ័យការងារឬជោគជ័យលើមុខជំនួញ ដាច់ខាតត្រូវតែ​ចំណាយពេល​វេលា​ជា​មួយ​ការងារឬមុខជំនួញទាំងនោះឱ្យបានច្រើនបំផុត គឺច្រើនជាងការចំណាយពេលជាមួយគ្រួសារ។ មានន័យថា មិនមែនល្ងាចឡើងគ្រាន់តែដល់ម៉ោងភ្លាម ប្រវេប្រវាអីវ៉ាន់ប្រញាប់ប្រញាល់​ចេញ​ទៅ​ផ្ទះ​ជួប​ប្រពន្ធកូននោះទេ គឺត្រូវតែនៅបង្ហើយការងារឱ្យចប់សិនចាំចេញទៅផ្ទះ។ បើគ្រាន់តែដល់ម៉ោងទុកការងារចោល ហើយប្រញាប់ប្រញាល់ទៅផ្ទះជួបមុខប្រពន្ធកូន ខ្ញុំហ៊ាន​និយាយ​ថា ទោះបីធ្វើការ១០ឆ្នាំទៀតក៏គ្មានឱកាសបានកាន់តួនាទីឬតំណែងខ្ពស់ក្នុងក្រុមហ៊ុនដែរ។ ព្រោះគ្មានថៅកែក្រុមហ៊ុន​ណាឱ្យបុគ្គលិកមិនយកចិត្តទុក​ដាក់ការងារកាន់តួនាទី​ខ្ពស់ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ឡើយ។

បើតាមការកត់សម្គាល់របស់ខ្ញុំ បុគ្គលិកកវែកកឆ្នាំងរបស់ខ្ញុំដែល​យកចិត្តទុកដាក់នឹងការងារ និង​លះ​បង់​ពេលវេលាច្រើនក្នុងការចូលរួមអភិវឌ្ឍក្រុមហ៊ុនខ្ញុំ នៅពេលពួក​គេឈប់​ធ្វើការពី​ក្រុមហ៊ុន​ខ្ញុំ​ទៅ​កម្របរាជ័យខ្លាំងណាស់។ អ្នកខ្លះជោគជ័យលើមុខជំនួញខ្លួនឯង អ្នកខ្លះក្លាយជាអ្នក​ដឹកនាំកំពូល​នៅ​ក្នុង​ក្រុមហ៊ុនឬស្ថាប័នខាងក្រៅជាដើម។ នេះដោយសារពួកគេបានហាត់ពត់​និងលត់ដំខ្លួនជោក​ជាំ​នឹង​ការងារនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ។

ដូច្នេះ ខ្ញុំសូមផ្ដាំដល់ក្មួយៗយុវជនជំនាន់ក្រោយទាំងអស់ថា បើចង់ជោគជ័យលើការងារ​ឬលើ​មុខ​ជំនួញ​របស់​ខ្លួន គឺត្រូវចំណាយពេលវេលា​ឱ្យបានច្រើនបំផុតទៅលើការងារនិងមុខជំនួញនោះ បើពុំ​ដូច្នោះ​ទេ ក្មួយៗប្រាកដជាបរាជ័យមិនខានឡើយ៕
ប្រភព៖ MJQ University Press

1.5K Shares
Copy link
Powered by Social Snap