• Wed. Dec 1st, 2021

រដ្ឋាភិបាល ព្រួយ​បារម្ភពីការរាល​ដា​លកូវីដ១៩ ខណៈ​ការ​ធ្វើដំណើរ​តាម​​ដងផ្លូវ ផ្តើម​កក់ស្ទះ​ចរា​ចរណ៍​ជាថ្មី

57 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានបង្ហាញក្តីបារម្ភជាថ្មីទៀតថា  ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ការបង្ហាញក្តីបារម្ភជាថ្មីនេះ បន្ទាប់ពីសម្តេច សង្កេត​ឃើញ​ថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវមានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែ មេសា បញ្ជាក់ដូច្នេះថា« ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួន​អ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុង​ប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ 

បន្ថែមពីនេះ សម្តេច ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចង​ចាំនឹងបង្កើន​ការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាស់ការពារ មានទឹកអាល់កុល និងជែល​សម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយ​សារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។ សម្តេចបន្តថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន  គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា សូមឲ្យពលរដ្ឋ យកការព្រួយបារម្ភ និងភ័យខ្លាច​នេះទៅជាការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានការ​អនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នក​ជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លង​សរុប​១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ

57 Shares
Copy link
Powered by Social Snap