• Thu. Mar 17th, 2022

ទទួលទានមីរាល់ថ្ងៃអាចធ្វើឱ្យបាត់បង់ជីវិតបាន

532 Shares

ដ្បិតថាការទទួលទានមីផ្ដល់ភាពងាយស្រួលដល់អ្នកគ្មានពេលវេលាចម្អិនម្ហូបអាហារក៏​ដោយ ​តែបើយើងទទួលទានច្រើននិងញឹកញាប់ពេក វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរបំផុត។ កាល​ខ្ញុំកំពុងរៀនជំនាញពេទ្យនៅសហរដ្ឋអាមេរិក ខ្ញុំបានសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការទទួលទានមី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ​របស់ខ្ញុំកាលនោះបានបង្ហាញថា ការទទួលទានមី (មីគ្រប់ប្រភេទ) គ្រប់ពេលឬរាល់ថ្ងៃត្រឹមតែរយៈពេល៣០ថ្ងៃប៉ុណ្ណោះ អាចបណ្ដាលឱ្យស្លាប់បាន។ ហេតុអ្វី? ព្រោះនៅក្នុងសរសៃមីមានសារធាតុគីមីច្រើនណាស់ ហើយសារធាតុគីមីទាំងនោះដាក់ដើម្បីរក្សាមីទុកឱ្យបានយូរ កុំឱ្យផ្អួរ ស្អុយ និងឆាប់ខូច។ និយាយរួមទៅ នៅក្នុងសរសៃ​មីសុទ្ធតែជាគ្រឿងគ្រៅដែលគេបន្ថែមទៅក្នុងបន្លែ ទឹក និងម្សៅមី ដើម្បីកុំឱ្យវាឆាប់ខូច។ ក្រៅពីគ្រឿងគ្រៅទាំងនេះ នៅក្នុងសរសៃមីនៅមានអំបិលប្រៃខ្លាំង២/៣ ដែលលើសពីការណែនាំរបស់ FDA អាមេរិក (U.S. Food and Drug Administration)។

គេរកឃើញថា ៦៨% នៃអ្នកចូលចិត្តទទួលទានមីពីរបីដងក្នុងមួយសប្ដាហ៍ នឹងទទួល​រង​ប៉ះ​ទង្គិចចម្រុះទៅលើសុខភាព ហើយវាអាចវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបំផុត។ ពោលវាបង្កទៅ​ជា​ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្លាញ់កកក្នុងឈាម និងជំងឺលើសជាតិស្ករជាដើម។

សូមជម្រាបថា មីគ្មានជីវជាតិ គ្មានជាតិសរសៃ (ហ្វៃប៊័រ) ជំនួយដល់សុខភាពឡើយ ផ្ទុយទៅ​វិញ​​វាសម្បូរទៅដោយជាតិម្សៅច្រើន ដែលធ្វើឱ្យអ្នកចិត្តទទួលទានមីឡើងគីឡូ។ មីដែលមាន​​តែជាតិម្សៅគ្មានជីវជាតិដូច្នេះ វាធ្វើឱ្យអ្នកនិយមទទួលទានពិបាកបត់ជើងធំ។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានមីច្រើន អាចធ្វើឱ្យខូចថ្លើម ខូចក្រពះ និងធ្វើឱ្យក្រពះស្ត្រេស​​ក្នុងដំណើរការកិនម្ហូបដល់ទៅរាប់ម៉ោងឯណោះ។

ដូច្នេះដើម្បីចៀសផុតពីបញ្ហាសុខភាពខាងលើនេះ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មេងវ័យជំទង់ សិស្ស និស្សិត និងអ្នកដែលរវល់ធ្វើការងារគ្មានពេលវេលាចម្អិនអាហារ សូម​ចៀស​វាង​​ការទទួលទានមីជាប្រចាំថ្ងៃ។ យល់ល្អ ក្នុងមួយសប្ដាហ៍យើងគួរទទួលទានមីត្រឹមតែម្ដងបានហើយ។ ម្យ៉ាងនៅពេលទទួលទានមី បើអាចយើងទទួលទានតែសាច់មីបានហើយ កុំទទួលទានទឹកដែលឆុងមីនោះអី ព្រោះវាធ្វើឱ្យក្ដៅក្នុង ខះក ស្រេកទឹក៕

ខ្លឹមសារ​ទាំង​ស្រុង​ដោយ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

532 Shares
Copy link
Powered by Social Snap