• Sun. Nov 28th, 2021

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​​ផល​ក្លែង​​ក្លាយ​ចុះ​MOU​ជា​មួយ​​ក្រុមហ៊ុន ធី អ អ៊ី អ៊ីម​ផត​អិច​ផត​

18 Shares

នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនៅកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការចុះហត្ថលេខារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អិចផត ឯ.កនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលកំពុងចរាចរណ៍នៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តម មានប្រសាសន៍ទៀតថា ការចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងនេះ មានអត្ថន័យជានិមិត្តរូបផង និងអត្ថន័យជាខ្លឹមសារផង។ មានន័យថា ជានិមិត្តរូប គឺដើម្បីបញ្ជាក់​ជូន​សាធារណជន ដល់អតិថិជន ដល់រាជរដ្ឋាភិបាលថា គណៈកម្មាធិការកំពុងគាំទ្រក្រុមហ៊ុន ឬបុគ្គលណា ដែលប្រឹងប្រែងចូលរួម ប្រយុទ្ធប្រឆាំងជំងឺកាចសាហាវ តាមរយៈការផ្គត់ផ្គង់នូវឧបករណ៍សម្ភារដែលមានគុណភាពពិតប្រាកដ យកទៅប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់។


ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា នេះក៏ជាការបញ្ជូនសារទៅដល់ក្រុមហ៊ុននានា ដែលកំពុងតែប្រកបរបរនេះដែរ តែនៅមិនបានចុះបញ្ជី ក៏ដូចជា មិនបានធានាឲ្យបានពិតប្រាកដថា ផលិតផលដែលបានយកមកចែកចាយនេះ ជាផលិតផលពិត មានគុណភាព និងប្រសិទ្ធភាព ដូចអ្វីដែលបានផ្សព្វផ្សាយ។


ឯកឧត្តម មៀច សុផាន់ណា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ឯកឧត្តម ជំរុញដល់គ្រប់ស្ថាប័ន និងគ្រប់វិស័យទាំងអស់ ចូលរួមសហការគ្នាផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពី​ផលប៉ះពាល់នៃផលិតផលក្លែងក្លាយឲ្យបានទូលំទូលាយ ដើម្បីជាការរួមចំណែកទប់ស្កាត់ការចរាចរណ៍នូវផលិតផលក្លែងក្លាយផង និងស្តារសេដ្ឋកិច្ចជាតិផង។

ជាក់ស្តែងឯកឧត្តម បានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ បានធ្វើការបង្រ្កាបទំនិញក្លែងក្លាយដូចជា ម៉ាស់ ជែល និងអាល់កុល បានជាច្រើនករណីផងដែរ នឹងធ្វើការបូកសរុបលទ្ធផល ក្រោយពេលបញ្ចប់យុទ្ធនាការប្រឆាំងកូវីដ១៩។


ទន្ទឹមនឹងនេះ ឯកឧត្តម មៀច សុផាន់ណា គាំទ្រក្រុមហ៊ុននានា បន្តផ្គត់ផ្គង់ផលិតផល ដែលមានគុណភាព ទៅដល់អតិថិជន និងសំណូមពរឲ្យជួយផ្តល់ព័ត៌មាន ប្រសិនបើដឹង​ថា ក្រុមហ៊ុនណា ប្រកបរបរទុច្ចរិត ចែកចាយទំនិញក្លែងក្លាយ ប្រកួតប្រជែងនៅលើទីផ្សារមិនស្មោះត្រង់ ដើម្បីរឹបអូសយកទំនិញទាំងនោះ មកបំផ្លាញចោល និងផ្តន្ទាទោសតាមច្បាប់។


នៅក្នុងពិធីចុះហត្ថលេខានេះដែរ លោកស្រី តែ ស៊ូអេង អគ្គនាយិកានៃក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក សម្តែងក្តីសោមនស្ស និងបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបានផ្តល់ឱកាសឲ្យក្រុមហ៊ុនលោកស្រី រួមចំណែកប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ ក្នុងការការពារសុខភាព និងសុវត្ថិភាពសង្គមជាតិ លុបបំបាត់ និងទប់ស្កាត់នូវការចរាចរណ៍ផលិតផលក្លែងក្លាយ និងផលិតផល ដែលពុំមានការត្រួតពិនិត្យ គុណភាពឲ្យបានត្រឹមត្រូវ ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ និងហានិភ័យខ្ពស់ដល់សុខភាព។


សូមបញ្ជាក់ថា ក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក ជាក្រុមហ៊ុនស្របច្បាប់ ដែលបាននាំចូលផ្តាច់មុខ នូវផលិតផលគ្រឿងសម្អាង ថែរក្សាសម្រស់ និងផលិតផលជំនួយសុខភាព ពីបណ្តាប្រទេសនៅប៉ែកអាស៊ី និងអឺរ៉ុប ចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជា៕

18 Shares
Copy link
Powered by Social Snap