• Fri. Mar 18th, 2022

រាជរដ្ឋាភិបាល​ថៃ ប្រកាស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស ចាប់ពី​យប់​ថ្ងៃទី ៣​មេសា​តទៅ

32 Shares

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករខ្មែរ អំពីសេចក្តីប្រកាស​បម្រាមគោចររបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីការទប់​ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ដែលនឹងចូលជាធរមានចាប់ពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០តទៅ រហូតដល់ស្ថានភាពវិលត្រឡប់មកភាពប្រក្រតីវិញ។

រាជរដ្ឋាភិបាលថៃ តាមរយៈលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដាក់បម្រាមគោចរ​ទូទាំងប្រទេស ចូលជាធរមានចាប់ពីយប់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០តទៅ ដែលមានខ្លឹមសារដូចខាងក្រោម៖

១. ហាមមិនឲ្យប្រជាជនទូទាំងប្រទេសចេញក្រៅផ្ទះ ចាប់ពីម៉ោង ១០:០០ យប់ដល់​ម៉ោង ៤:០០ ព្រឹក លើកលែងតែមានការចាំបាច់ ឬអ្នកបំពេញ​ការងារផ្នែកវេជ្ជសាស្រ្ត ធនាគារ ដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ថ្នាំពេទ្យ បរិក្ខាពេទ្យ កាសែត ប្រេងឥន្ទនៈ ទំនិញនាំចេញនាំចូល ការដឹកជញ្ជូន​មនុស្សទៅដាក់​នៅដោយឡែក ការចេញចូលធ្វើការដូរវេនយប់ ឬការធ្វើដំណើរទៅព្រលានយន្តហោះ ត្រូវមានលិខិតធានាភាពចាំបាច់ក្នុងការធ្វើដំណើរ និង​​ឯកសារបញ្ជាក់ទំនិញទាំងនោះ។ ជនណាដែលល្មើសនឹងបម្រាមខាងលើ ត្រូវជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យ​ប្រមាណ ១២៥០ដុល្លារ ឬត្រូវពិន័យ និងជាប់ពន្ធនាគារ។

២. ក្នុងករណីសេចក្តីប្រកាស ឬបទបញ្ជាកន្លងមក ដែលមានខ្លឹមសារដូចក្នុងចំណុចទី១ នៅតាមខេត្ត តំបន់ ឬទីកន្លែងផ្សេងទៀត ត្រូវបន្តអនុវត្តដដែល។

៣. ក្នុងករណីអ្នកដំណើរមិនអាចចេញពីប្រទេសថៃបាន ចាត់ឲ្យគណៈកម្មការកូវីដខេត្ត ក្រុង ចាត់ចែងគ្រប់គ្រងអ្នកទាំងនោះ ដើម្បីការពារការរាតត្បាតជំងឺតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់។

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជំរុញឲ្យពលករខ្មែរនៅថៃ ចូលរួមសហការជាមួយអា​ជ្ញាធរថៃ ក្នុងការអនុវត្តតាមសេចក្តីប្រកាសបម្រាមគោចរនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

ក្នុងករណីពលករខ្មែរនៅប្រទេសថៃមានបញ្ហា អាចទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃតាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ និងលេខ ០៩៤ ០៩២៥៩០៥៕

32 Shares
Copy link
Powered by Social Snap