• Sun. Oct 17th, 2021

វិធីទិញផ្ទះ ឲ្យមានសេចក្ដីសុខ តាមក្បួន ហុងស៊ុយ

68 Shares

វិធីទិញផ្ទះឲ្យមានសេចក្ដីសុខ៖ ក្នុងការជ្រើសរើសផ្ទះសម្រាប់ស្នាក់ អាស្រ័យ មនុស្សមួយចំនួនតែងប្រកាន់នូវជំនឿផ្សេងៗ ទាំងតាម ជំនឿបុរាណនិងជំនឿតាមក្បួនហុងស៊ុយ។ ខាងក្រោមនេះ ជាជំនឿ អំពីហុងស៊ុយក្នុងការទិញផ្ទះដើម្បីរស់នៅបានត្រជាក់ត្រជុំ មានសេចក្ដីសុខ៖

១. ទ្រង់ទ្រាយ

គួរជ្រើសរើសផ្ទះណាដែលមានទ្រង់ទ្រាយសមស្របអាចជារាង៤ជ្រុងស្មើ ឬ៤ជ្រុងទ្រវែង។ ពុំគួរទិញផ្ទះដែលមានរូបរាងប្លែកពេកនោះទេ ព្រោះអាចនឹងបាត់មុំ ឬជ្រុងណាមួយនៃផ្ទះ ដែលធ្វើឲ្យក្រុមគ្រួសារខាតលាភនៅផ្នែកណាមួយ។

ឧ៖ ផ្ទះដែលផត ឬគ្មានមុំឬជ្រុងទិសខាងលិច ធ្វើឲ្យគូស្វាមីភរិយាពិបាកមានបុត្រជាដើម។

២. បរិវេណ ការរចនាម៉ូត

អ្នកគួរពិនិត្យបរិវេណផ្ទះ និងធ្វើការសង្កេត តើមានកន្លែងណាមានលូទឹក ខ្សែភ្លើង កន្លែងកប់ខ្មោច ឬប៉ាឆា ឬអ្វីផ្សេងទៀតឬអត់? ព្រោះវត្ថុទាំងនោះអាចនាំគ្រោះអាក្រក់បាន។ មួយវិញទៀត អ្នកត្រូវមើលលើជ្រុង ដំបូលផ្ទះ និងការរចនាម៉ូត។ មិនគួរឲ្យមានសសរភ្លើងស្ថិតនៅចំពីមុខ ឬបុកចំទ្វាចូលផ្ទះនោះឡើយ។

៣. ទ្វារ

នៅពេលមើលពីទ្វារផ្ទះចូលទៅក្នុង គួរជាទីធ្លាទទួលភ្ញៀវធំទូលាយ ពុំមែនតូចចង្អៀត ព្រោះអាចរាំងស្ទះភាពចម្រើនរុងរឿងចូលក្នុងផ្ទះ។ ម្យ៉ាងទៀត ទ្វារចេញចូលគួរមានភាពរឹងមាំ ដែលគេជឿថានាំលាភសំណាង។ លើសពីនេះ ទ្វារធំខាងមុខ មិនត្រូវឲ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ អាចធ្វើឲ្យមានប្រាក់ហូរចេញពីក្រុមគ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។ លោកអ្នកក៏មិនគួរព្យួរកញ្ចក់នៅមុខទ្វារចេញចូលផងដែរ ព្រោះជាការបណ្ដេញភ្ញៀវដែលធ្វើឲ្យគ្មានញាតិមិត្ត បងប្អូននោះឡើយ។

៤. ផ្ទះបាយ

កុំទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសលិចឆៀងខាងជើងនៃផ្ទះ ព្រោះអាចនឹងផ្ដល់ផលអាក្រក់ដល់អ្នកជាឪពុក រួមទាំងការអសមត្ថភាពធ្វើជាឪពុកផងដែរ។ ក្នុងករណីដែលអ្នកជ្រុលទិញផ្ទះមានលក្ខណៈបែបនេះហើយ ត្រូវប្រាកដថាចង្ក្រានបាយមិនស្ថិតនៅទិសពាយ័ព្យនៃផ្ទះបាយឡើយ។ យកល្អគួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង ទើបជាការប្រសើរ។

៥. បន្ទប់គេង

កុំដាក់ក្បាលដំណេកជាប់នឹងជញ្ជាំងបន្ទប់ទឹក ព្រោះអាចបង្កឲ្យមានបញ្ហាដល់ជីវិតអាពាហ៍ពិពាហ៍ឬសម្ព័ន្ធផ្សេងៗនាអនាគត។ អ្នកគួរពិនិត្យមើលពិតាន គ្រប់ជ្រុងផងដែរ ដើម្បីឲ្យប្រាកដថា អ្នកមិនបានគេងក្រោមធ្នឹម ទុយយោទឹក នៃបន្ទប់ទឹកឬបង្គន់នោះទេ។

68 Shares
Copy link
Powered by Social Snap