• Fri. Mar 18th, 2022

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត

136 Shares


មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានរយៈពេលជាងមួយសប្តាហ៍ហើយដែលក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមមាញឹកក្នុងការជីកដីបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។


លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវការរយៈពេល២ខែទើបបញ្ចប់។ ក្នុងការជីកដីបង្កប់ទុយោ ពីមួយជួរទៅមួយជួរ គឺមានគម្លាត២០ម៉ែត្រពីគ្នា ហើយមានជម្រៅពី២តឹកកន្លះទៅ៣តឹកកន្លះឡើងទៅតាមសណ្ឋានដី។


ទាក់ទងនឹងការជីកដីបង្កប់ទុយោ លោក សុឃីម ក៏បានបញ្ជាក់ដែរថា មិនប៉ះពាល់ដល់បុរាណដ្ឋានឡើយ ព្រោះមានការពិនិត្យនិងសិក្សាច្បាស់លាស់ពីអ្នកជំនាញបុរាណវិទ្យាមុនអនុវត្តការងារ។ ចំពោះការស្រោចស្រពស្មៅវិញ ក្រុមការងារនឹងស្រោចនៅពេលល្ងាចដើម្បីចំណេញទឹកនិងមិនរំខានដល់ទេសចរផង។ រីឯប្រភពទឹកយកមកស្រោចស្មៅ គឺយកពីកសិន្ធុទឹកដែលព័ទ្ធជុំវិញប្រាសាទមកប្រើប្រាស់។


ក្រោយបញ្ចប់ការងារ លោកក៏សង្ឃឹមថា ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹងមានភាពបៃតងស្រស់ទាំងរដូវប្រាំងនិងរដូវវស្សា ពិសេសទាក់ទាញទេសចរឱ្យមកទស្សនាបូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន។ ក្រៅពីសង្គ្រោះស្មៅ ក្រុមការងារក៏នឹងរៀបចំផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យត្រូវតាមគម្រោង ហើយការរៀបចំប្រព័ន្ធទឹកស្រោចស្មៅនេះទៀតសោត ក៏នឹងធានាដល់ការបំពេញទឹកក្នុងស្រះខាងជើងនិងស្រះខាងត្បូងឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវផងដែរ៕


អត្ថបទនិងរូបភាព៖ អាជ្ញាធរអប្សរា​

136 Shares
Copy link
Powered by Social Snap