• Tue. Oct 26th, 2021

សម្តេច​ ស​ ខេ​ង ដាក់​ចេញ​គោ​ល​​កា​រ​ណ៍ចំនួន​៤ ដើម្បី​កាត់​​បន្ថយ​គ្រោះ​ថ្នាក់ចរា​ចរណ៍​ផ្លូវគោក

3 Shares

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០នេះតទៅ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវបទបញ្ជាចំនួន​៤ចំណុច សំខាន់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ បទបញ្ជាទាំងបួនរួមមាន៖ ទី១.ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក ដើម្បីចៀសវាងពីការ​ប្រឈម​ចំពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ការពារទ្រ​ព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់​ប្រទេសជាតិ។

ទី២.ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ​ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពើ​ល្មើសទៅនឹងច្បាប់​ស្តីពីចរាចរ​ណ៍​ផ្លូវគោកឱ្យបានទូលំទូលាយនិងជាប់ជាប្រចាំ។

ទី៣.ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ទូទាំង​ប្រទេស​ត្រូវរឹតបន្តឹង​ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅ​តាមនិតិវិធីច្បាប់នូវរាល់បទល្មើសច​រាចរណ៍ផ្លូវគោក​ប្រកបដោយតម្លាភាព ស្មើរភាព និងមិនរើសអើង ហើយត្រូវសហការ​ស្រាវជ្រាវ​តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួន យកមក​ផ្តន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។

ទី៤.ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាល​ចរាចរណ៍ក្រោម​ឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់​មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ត្រូវផ្តល់រង្វាន់តាមការកំណត់របស់រដ្ឋជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃនិងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្មឬ មន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។

សម្តេចក្រឡាហោមបញ្ចេញបទបញ្ជាទាំង៤ចំណុចនេះ នៅក្នុងពិធីផ្សព្វផ្សាយអនុ​ក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដី «ពីការកែ​សម្រួល​អនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧» ស្ដី «ពីការពិ​ន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក» នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០។​ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងការកោត​សរសើរមន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹង​ប្រែងធ្វើការយ៉ាង​មមាញឹក ដើម្បីពង្រឹងច្បាប់ និងកាត់បន្ថយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ៕

3 Shares
Copy link
Powered by Social Snap