• Mon. Mar 14th, 2022

សម្តេច ហ៊ុន សែន​ អញ្ជើញ​ចូលរួម​ពិធីចុះ​​ហត្ថលេខា​លើការ​ផ្តល់​ជំនួ​យ​អ​ភិវឌ្ឍន៍របស់ជប៉ុន ទឹកប្រាក់ ៣១០​លាន​ដុល្លារ​​អាមេរិក

104 Shares

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជា​អធិបតី​ភាពក្នុង​ពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការរបស់​ជប៉ុន ទឹកប្រាក់សរុប ៣១០លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅ​ព្រឹកថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២០។

ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើង នៅវិមានសន្តិភាព លើលិខិតប្តូរសារដែលនឹងត្រូវចុះ​ហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ​ទូតជប៉ុន​ប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។

ចំពោះហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តលើបីគម្រោងរួមមាន៖

ទី១៖ គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣១លានដុល្លារអាមេរិក។

ទី២៖ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយ​សារមីន ដែលមានទឹកប្រាក់ចំនួន ៩លានដុល្លារអាមេរិក និងទី៣៖ គម្រោង​កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ២,៧លានដុល្លារអាមេរិក។

ចំណែកឥណទានសម្បទាន សម្រាប់អនុវត្តពីរគម្រោងរួមមាន៖

ទី១៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទំហំទឹកប្រាក់ប្រមាណ ១៦១លានដុល្លារ​អាមេរិក។

ទី២៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ប្រមាណ១០៦,៥ លានដុល្លារអាមេរិក។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាច​ក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជា​ជាតិទាំងពីរ ផងដែរ៕

104 Shares
Copy link
Powered by Social Snap