• Fri. Oct 29th, 2021

ក្រសួ​ង​​សុ​​ខា​ភិ​បា​ល បន្តយ​ក​​សំ​ណា​ក​​មនុស្ស៦​៤​នា​​ក់​ ដែលរួម​ដំណើ​រជា​មួយ​ស្ត្រីជ​ន​​​ជា​តិ​អ​ង់​គ្លេស​​​​មា​ន​ឆ្លង​វីរុ​ស​កូ​វី​ដ​​១​៩ទៅ​ពិ​និត្យ

92 Shares

ភ្នំពេញ៖ មនុស្ស ៦៤នាក់ រួមមានអ្នកដំណើរ និងបុគ្គលិករបស់នាវា ដែលរកឃើញ​ស្រ្តីជនជាតិអង់គ្លេសម្នាក់ឆ្លងវីរុសកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាល​យកសំណាក​ទៅពិនិត្យ និងធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ នេះបើតាមបញ្ជាក់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ កាល​ពីយប់ថ្ងៃទី ១០ខែមីនា ឆ្នាំ ២០២០។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា អ្នកដំណើរទាំងអស់​ដែលនៅលើនាវា Viking Cruise Journey មិនអនុញ្ញាតឲ្យចុះចេញមកលើ​គោកនៅ​ឯចំណត​នាវាខេត្តកំពង់ចាមនោះទេ បន្ទាប់ពីរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុង​យកសំណាកវត្ថុវិភាគរបស់អ្នកដំណើរ និងបុគ្គលិកបម្រើការចំនួន៦៤នាក់​មកពិ​និត្យ និងធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបរាប់ពីដំណើររបស់​ស្រ្តីជនជាតិអង់គ្លេស ដែលបានឆ្លងវីរុសកូវីដ១៩ថា ស្ត្រីរូបនេះ ជាអ្នកដំណើរតាម​នាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងហួសទៅចូល​ចតប្រហែលជា​ម៉ោង៤ និង៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។ 

បច្ចុប្បន្ន ក្រសួងសុខាភិបាល បានយកស្ត្រីជនជាតិអង់គ្លេសរូបនោះ មកដាក់​នៅបន្ទប់​ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដាន​សុខភាព​គាត់។ ទន្ទឹមនឹងនោះ មានស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត ដែលជិតដិត​ជាមួយស្ត្រីជន​ជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះ ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា ហើយអ្នកដំណើរ​ផ្សេងទៀត​សរុបចំនួន ៣០នាក់ និងបុគ្គលិកបម្រើការនាវាចំនួន ៣៤នាក់ (សរុបទាំងអស់ ៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនឲ្យចុះចេញមកលើគោក ដោយរងចាំក្រុមការងារ​ឆ្លើយតប​បន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាល យកសំ​ណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ឯកឧត្ដម ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា ស្ត្រីមានវីរុសកូវីដ១៩នេះ បានធ្វើដំណើរ​តាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកទីក្រុងហា​ណូយនៃប្រទេស​វៀតណាម  កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ ។ បន្ទាប់មក ពួកគាត់បានបន្តដំណើរចាកចេញតាមនាវា Viking Cruise Journey  ពីទីក្រុងហូជីម៉ិញ សំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ហើយបានមក​ដល់ទីក្រុង​ភ្នំពេញ​នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។ 

នៅថ្ងៃដដែលមុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះ បានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នោះ មានជនជាតិវៀតណាមម្នាក់ដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩នៅទីក្រុងហាណូយ។ ពេលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនឲ្យទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានយក​សំណាកវត្ថុវិភាគចំនួន០៣នាក់ (ដោយ០២នាក់ ប្រកែកមិនព្រមឲ្យយកដាច់ណាត់​ដោយសំអាងថាពួកគាត់មិនមានបញ្ហាសុខភាពឬរោគសញ្ញាអ្វីទាំងអស់)។ ជាលទ្ធផល អ្នកទាំង៣នាក់នេះ អវិជ្ជមានវីរុសកូវីដ១៩។  

ដើម្បីឲ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់ព័ត៌មាន​មកមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយយក​វត្ថុសំណាកមនុស្ស២នាក់ដែល ពុំព្រមឱ្យវិភាគលើកមុនមកពិនិត្យ ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទីរសៀលនេះ ក៏ទទួលបាន​លទ្ធផលវិជ្ជមា​នលើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ។ ឯកឧត្ដម​រដ្ឋមន្ត្រីបានបញ្ជាក់ថា បុគ្គល​ដែល​សង្ស័យទាំង៥រូបខាងលើនេះ ត្រូវបានឱ្យ​នៅក្នុង​បន្ទប់ដាច់ដោយ​ឡែកលើ​នាវាភ្លាមៗ។ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម រួមសហ​កា​រជាមួយអាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់ក្នុងការពិនិត្យស្រាវជ្រាវ និងយ​កវត្ថុសំ​ណាកពីអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលនៅលើនាវាទាំងអស់ មកវិភា​គនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួរបញ្ជាក់ដែរថា ករណីស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំមានវិជ្ជមានវីរុសកូវីដ១៩នេះ គឺជាករណីទី៣ហើយនៅកម្ពុជា បន្ទាប់ពីករណីទី១នៅកម្ពុជា គឺបុរសទេស​ចរជន​ជាតិចិនអាយុ៦០ឆ្នាំ ពីក្រុងវូហាន ដែលត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ខែមករា ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ ក្រោយសះស្បើយ។ រីឯករណីទី២ គឺបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ដែលមានទំនាក់ទំនងជាមួយ​អ្នកជំងឺជនជាតិ​ជប៉ុនដែល​តេស្តឃើញនៅប្រទេសកំណើត របស់ខ្លួននោះ៕ AKP

92 Shares
Copy link
Powered by Social Snap