• Fri. Mar 25th, 2022

មក​មើល ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​សម្រេចបាន​២០%​

202 Shares

កាល​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំ​គណៈប្រតិភូក្រសួង ដោយមានការចូលរួមពីឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា អញ្ជើញចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដំណើរបេសកកម្មនេះ ធ្វើឡើងដើម្បីពិនិត្យសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿន​លឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ក៏ដូចជាស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានា​ដែលជួបប្រទះខណៈពេលកំពុងសាងសង់ដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហ​ការ​​គ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយផលប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយ​ផល​ប៉ះ​ពាល់នេះនៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។

ឆ្លើយតបទៅនឹងក្រុមអ្នកសារព័តមាននាពេលនោះ ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវស្ថានភាព​សាង​សង់ គុណភាពផ្លូវ និងវឌ្ឍនភាពដែលទទួលបាននាពេលនេះ។

ឯកឧត្ដមប្រធានគណៈកម្មការទី៩ បានបន្តថា ផ្លូវល្បឿនលឿន និងកំពង់ផែសមុទ្រទឹកជ្រៅដែលអាចឱ្យនាវាធំៗចូលចតបាន និងដឹកជញ្ជូន ត្រង់ទៅបណ្ដា ប្រទេសនានា នឹងជំរុញឱ្យក្រុងមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសយើង។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនេះសម្រេចបាន២០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក៕

202 Shares
Copy link
Powered by Social Snap