• Thu. Dec 9th, 2021

សម្តេច ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពល​​រដ្ឋចូលរួមទប់​ស្កាត់ព័ត៌​មាន​ក្លែងក្លាយ ពាក់ព័ន្ធនឹង​មេរោ​គកូ​រ៉ូ​ណា

13 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជំងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ​អោយ​ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake New​s)​ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។

ការលើកឡើងពីសំណាកសម្តេច តេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើ​ឡើង​គ្រាដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន១,៥៨៩នាក់ កាលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ។

នាឪកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈ​ក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវ​ត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបន្តថា មួយផ្នែកទៀតទប់ទល់​នឹងឥទ្ធិពលនៃជំងឺ​កូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមាន​ខិតខំពង្រឹង​សមត្ថភាព​សេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនី​យដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេ​ដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។

គួរបញ្ជាក់ថា ការអំពាវនាវទៅកាន់ពលរដ្ឋពីសំណាក់សម្តេច ហ៊ុន សែន ជាថ្មីម្តង​ទៀតនេះ ធ្វើឡើង​បន្ទាប់​ពីសង្កេតឃើញមួយរយៈចុងក្រោយនេះ មានការ​ផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ តាមរយៈ​បណ្តាញ​សង្គម ដែលបានផ្សព្វផ្សាយបំពុល​សង្គមពីការឆ្លងជំងឺកូរ៉ូណានៅកម្ពុជា៕ អត្ថបទ៖ សិរីកា

13 Shares
Copy link
Powered by Social Snap