• Thu. Oct 28th, 2021

សម្តេច ហ៊ុន សែន ​រំលឹ​ក​ដល់​​មន្ត្រី​​ទាំងអស់​ថា «កុំធ្វើខ្លួន​ឱ្យក្លាយ​ជា​​មន្ត្រី​គ្រាប់​ល្ពៅ​ឲ្យសោះ​»

19 Shares

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកមន្ត្រីថា ត្រូវចាំឱ្យច្បាស់​ថាខ្លួនមិន​មែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានរំលឹកដល់មន្ត្រីទាំងអស់ថា «កុំធ្វើខ្លួន​ឱ្យក្លាយ​ជាមន្ត្រីគ្រាប់ល្ពៅឲ្យសោះ»។

ការលើកឡើងនេះ របស់ប្រមុខរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គ្រាដែលនឹងអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់​ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

នាឪកាសនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មន្ត្រីមិន​ត្រូវដើរពើងទ្រូងនោះទេ ការពើងទ្រូងនឹងនាំដល់ក្តីវិនាស ហេតុនេះមន្ត្រីត្រូវចាំថា ប្រជាពលរដ្ឋជាគោលដៅត្រូវយកចិត្តទុកដាក់ មិនមែនជាគោល​ដៅត្រូវបំផ្លាញ​នោះទេ។

ជាមួយគ្នានោះ សម្តេចបានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ»  ដើម្បីឲ្យសិស្ស និងសិក្ខាកាមទាំងអស់បានស្វែងយល់ ពីតួនាទីមន្រ្តី ដូច្នេះថា មានព្រះមា​ហាក្សត្រមួយអង្គ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គ ឬអត់? ព្រះអង្គបាន​​ហៅមន្រ្តីឱ្យយកគ្រាប់ល្ពៅដែលបានស្ងោររួចយកទៅដាំ ដោយមិនបានឱ្យដឹងថា គ្រាប់ល្ពៅនេះស្ងោរនោះឡើយ»។ សម្តេចបន្តថា តាមរយៈការពិសោធន៍នេះ ទទួលបានមន្ត្រី ៤ប្រភេទ គឺរួមមាន៖

មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបាន​ដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។

-មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បាន​ដឹកមកនោះទេ។

-មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។

-មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។

តាមរយៈរឿង មន្រ្តីគ្រាប់ល្ពៅនេះដែរ សម្តេច ហ៊ុន សែន បានអះអាងថា មន្រ្តីប្រភេទទី៤វិញ គឺជាមន្រ្តី​ដែលបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិ​បន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។

ដោយឡែក សម្រាប់ប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ ប៉ុន្តែ មន្រ្តីប្រភេទទី១ទៅវិញទេ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ នេះបើយោងតាម ការបញ្ជាក់បន្ថែម របស់សម្តេច ហ៊ុន សែន ៕ អត្ថបទ៖ សិរីកា

19 Shares
Copy link
Powered by Social Snap