• Thu. Oct 28th, 2021

មក​ស្គាល់ មុខ​ទំនិញ ដែល​គណៈ​កម្មការ​​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា

96 Shares

គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​សេចក្ដីសម្រេច​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០ ដោយ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “គ្រប់យ៉ាង​លើកលែង​តែ​អាវុធ – EBA ” ពី​កម្ពុជា។ ការ​ដក​ផ្នែក​ខ្លះ​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​បង់​ពន្ធ​ទៅ​តាម​ស្ដង់​ដា​របស់​អឺរ៉ុប សម្រាប់​ទំនិញ​មួយ​ចំនួន​ដូច​ជា ផលិតផល​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ព្រមទាំង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករស។

បើ​យោង​តាម​សេចក្ដី​សម្រេច​ចិត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​ដែល​មាន​តម្លៃ​ខ្ពស់ របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ព្រមទាំង​ឧស្សាហកម្ម​ដែល​ទើប​តែ​កើត​ថ្មី​នៅ​កម្ពុជា នឹង​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ និង​កូតា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល។

ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​តម្លៃ​ស្មើ​នឹង​ប្រមាណ ១ ភាគ​ ៥ នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​តម្លៃ​ជាង ១ប៊ីលាន​អឺរ៉ូ (ប្រមាណ​ ១.១ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក)។

សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០២០ ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​ក្រុមប្រឹក្សា និង​សភា​អឺរ៉ុប។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហភាព​អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា ខណៈ​នៅ​ឆ្នាំ២០១៨ ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ជាង ៤៥% នាំ​ចេញ​ទៅ​អឺរ៉ុប។ ៩៥.៧% នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​តម្លៃ​ប្រមាណ​ជា ៥.២ប៊ីលាន​អឺរ៉ូ (ប្រមាណ​ ៥.៦ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក) កាល​ពី​ឆ្នាំ២០១៨៕

96 Shares
Copy link
Powered by Social Snap