• Thu. Oct 28th, 2021

កូរ៉េខាងត្បូង បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាឈានដល់ជាង៣០០លានដុល្លារ មកដល់ដើមឆ្នាំ២០២០នេះ

38 Shares

កូរ៉េខាងត្បូង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងជាង៣០០លានដុល្លារអាមេរិក មកកាន់កម្ពុជា។ការលើកឡើងពីសំណាក់សម្តេចនាពេលនេះ ត្រូវបានបង្ហាញឡើង នាឱកាសអញ្ជើញជួបសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង កាលរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

នាឪកាសនោះ សម្តេចបានឲ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងជាង៣០០លានដុល្លារអាមេរិក ហើយឆ្នាំ២០១៩កន្លងទៅនេះកូរ៉េខាងត្បូង បានផ្តល់ ជំនួយឥតសំណងមាន១៧លានដុល្លារ និងឆ្នាំ២០២០ គ្រោងផ្តល់ឲ្យកម្ពុជាចំនួន ២៤លានដុល្លារអាមេរិកថែមទៀត។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍ប្រមាណ៨៨៩លានដុល្លារ បើកប្រើប្រាស់៤៤២លានដុល្លារ ហើយការត្រៀមផ្តល់នៅឆ្នាំ២០១៩ ដល់២០២៣ ប្រមាណ៧០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន១០។

ក្នុងនោះសម្តេចថា បើគិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូង ដែលចុះបញ្ជីទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន២១៥គម្រោង ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារអាមេរិក។

ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងដែលកត់ត្រាដោយភាគីកូរ៉េ មានប្រមាណ១,០៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន៣៣៥លានដុល្លារ ហើយកម្ពុជានាំចូលមកកូរ៉េវិញមានចំនួន៦៩៦លានដុល្លារ។ សម្តេចថា អតុល្យភាពជញ្ជីងពាណិជ្ជកម្មនេះ គឺដោយសារកម្ពុជា មានតម្រូវការនៃការនាំចូលពីកូរ៉េ។

ទន្ទឹមពីភាពរីកចម្រើននៃទំហំពាណិជ្ជកម្មភាគគីនេះ សម្តេច ក៏បានបង្ហាញនូវក្តីរីករាយ ចំពោះទំនាក់ទំនងការទូតយ៉ាងល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលផ្លែផ្កានៃទំនាក់ទំនងការទូតនេះ បានជួយជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២មានការរីកចម្រើនជាបន្តបន្ទាប់ និងរួមទាំងវិស័យផ្សេងៗទៀតផងដែរ៕


អត្ថបទ៖ សិរីកា

38 Shares
Copy link
Powered by Social Snap