• Thu. Mar 17th, 2022

សម្តេច ហ៊ុន សែន ៖«ផ្លែស្វាយ​កម្ពុ​ជា មិនអន់ជាងផ្លែស្វាយ​របស់​​ប្រ​ទេ​សអាស៊ានទេ»

71 Shares

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ផ្លែស្វាយកម្ពុជា មិនអន់ជាងផ្លែ​ស្វាយរបស់ប្រទេសអាស៊ានទេ អីចឹងប្រភពទីផ្សារ ដែលយើងនាំមកកូរ៉េ វាក៏ជាផ្នែក​មួយនៃការជំរុញការដាំដុះនៅប្រទេសកម្ពុជា ហើយយើងកំពុងស្វែងរកឱកាស ក្នុងការនាំចេញនូវមុខទំនិញផ្សេងៗថែមទៀត»។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធី​ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេច បានចាត់ទុកការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េនេះ គឺជាការរីកចម្រើន​របស់ផលិតផលរបស់កម្ពុជា ដែលអាចតម្រូវបានស្តង់ដារទីផ្សារ ក្នុងប្រទេសជឿន​លឿន ដូចជាប្រទេសកូរ៉េខាងត្បូងនេះ។ ឱកាសនៃការនាំចេញ​ផ្លែស្វាយមកកាន់ទីផ្សារ​ប្រទេសកូរ៉េដ៏ធំនេះ ធ្វើផ្តល់ឱកាសដល់អ្នកដាំស្វាយនៅកម្ពុជា ពង្រីកអាជីវកម្មរបស់​ខ្លួនកាន់តែធំជាងមុន ព្រោះថាផ្លែស្វាយទាំងនោះមិនមែនត្រឹមតែផ្គត់ផ្គង់សម្រាប់​តែប្រជាជនកូរ៉េជាង៥០លាននាក់នោះទេ គឺអាចផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ដែល​មកប្រទេសកូរ៉េផងដែរ។

ទន្ទឹមគ្នានេះនោះ សម្តេច ហ៊ុន សែន ក៏បានណែនាំដល់អ្នកនាំចេញស្វាយទៅ​កាន់ប្រ​ទេស​កូរ៉េទាំងអស់ សូមគោរពតាមស្តង់អនាម័យឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំរ​កស៊ី​លក់​ផ្លូវ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនផង និងប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។

នៅឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងដែលកត់ត្រាដោយភាគីកូរ៉េ មានប្រមាណ១,០៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន​៣៣៥លានដុ​ល្លារ ហើយកម្ពុជានាំចូលមកកូរ៉េវិញមានចំនួន៦៩៦លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េបាន​កើន​ឡើង​ជាលំដាប់ ហើយការកើនឡើងនេះ មិនអាចកាត់ផ្តាច់ចេញបានទេ ពីទំនាក់ទំ​នងការទូតដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ។សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផ្លែផ្កា នៃទំនាក់ទំនងការទូតយ៉ាងល្អធ្វើឲ្យកម្ពុជា អាចនាំចេញផ្លែស្វាយ ដោយផ្ទាល់មកកាន់ប្រទេសកូរ៉េ ចាប់តាំងពីខែមករា ឆ្នាំ២០២០មក»។

សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយ​ឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕ អត្ថបទ៖ សិរីការ

71 Shares
Copy link
Powered by Social Snap