• Sun. Oct 17th, 2021

ស្រី​ស្អាត ម៉េង យៀកលី គ្រោង​ចុះ​ហត្ថលេខា​ជាមួយក្រុម​ហ៊ុន​អាមេរិក​មួយ ក្រោយ​រៀប​ការ​ចប់

29 Shares

អតីត​ស្រី​ស្អាត​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys ២០១៥ បាន​លា​ជីវិត​ខ្លួន​មួយ​ក្រោយ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ជំនួញ​ធំ​ដុំ​មួយ​រូប​នា​ម្សិលមិញ ក្នុង​នោះ​តាម​ការ​បង្ហើប​របស់​សាមី​ខ្លួន គឺ​នាង​មាន​គម្រោង​រក​ស៊ី​ធំ​ដោយ​ចុះ​ហត្ថលេខា​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​មួយ​ថែម​ទៀត។

យៀកលី មិន​បាន​និយាយ​លម្អិត​ឡើយ​ជុំ​វិញ​ផែន​ការ​រក​ស៊ី​ធំ​ជាមួយ​ក្រុមហ៊ុន​មក​ពី​អាមេរិក​នេះ។ ប៉ុន្តែ​ដើម្បី​កិច្ចការ​ដ៏​សំខាន់​នេះ នាង​បាន​​ប្រាប់​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​នាង​ថា នាង​សុខ​ចិត្ត​ពន្យា​ផែន​ការ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី​នៅ​ក្រៅ​ប្រទេស​ទេ។

“ពួក​ខ្ញុំ​អត់​ទាន់​មាន​ផែន​ការ​ទៅ​ក្រេប​ទឹក​ឃ្មុំ​អី​ទេ ព្រោះ​ក្រោយ​រៀបការ​នេះ ពួក​ខ្ញុំ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​មក​ពី​អាមេរិក​មួយ រហូត​ដល់​កិច្ច​ការ​នេះ បាន​ចប់​សព្វ​គ្រប់​អស់ ទើប​ពួក​យើង​សម្រេច​ដើរ​កម្សាន្ត​ទៅ​បរទេស!”។

ត្បិត​ថា ស្រី​ស្អាត​មិន​បាន​បញ្ចេញ​លម្អិត ប៉ុន្តែ​គេ​ដឹង​ថា នោះ​ទំនង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​រវាង​ក្រុមហ៊ុន Bempire របស់​ស្វាមី​នាង​ហើយ ដែល​ក្រុម​ហ៊ុន​មួយ​នេះ គឺ​ជា​អ្នក​ចែក​ចាយ និង​ផ្គត់ផ្គង់​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ប្រភេទ ដែល​មាន​តារា​ស្រី​ថៃ​ដ៏​ល្បី គឺ​កញ្ញា ផេនខេក គឺ​ជា​ម្ចាស់​នៃ​ផលិតផល។

និយាយ​ពី​ស្វាមី​របស់ យៀកលី វិញ មាន​ឈ្មោះ​ថា ចន ប្រុស គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ចែក​ចាយ​ផលិតផល​ថែ​រក្សា​សម្រស់​ខាង​លើ។ ពួក​គេ​ទាំង​ពីរ​បាន​ស្គាល់​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ម្នាក់​ៗ នៅ​សិក្សា​ចំណេះ​ទូទៅ​មក​ម្ល៉េះ។ ប៉ុន្តែ​តាម​ភាគី​ខាង​ស្រី បាន​ឲ្យ​ដឹង​ថា ពួក​នាង​ទើប​តែ​មាន​សម្ព័ន្ធ​ភាព​ជិត​ដិត និង​ដាំដុះ​ពន្លក​ស្នេហ៍​ប្រមាណ​ជា ៣-៤​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ ក្រោយ​ពី​ពួក​គេ​មាន​ឱកាស​បាន​​ធ្វើ​ការ​រួម​គ្នា​ក្នុង​ក្រុម​ហ៊ុន​តែ​មួយ។

ទំនាក់​ទំនង​នោះ ត្បិត​ថា ទាំង​សងខាង​មិន​បាន​បញ្ចេញ ប៉ុន្តែ​ប្រភព​ដែល​នៅ​ជិត​ដិត​នឹង​ពួក​គេ​ម្នាក់ ធ្លាប់​បាន​បង្ហើប​ថា យៀកលី និង​គូស្នេហ៍​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ខណៈ​កាល​នោះ ស្រី​ស្អាត ក៏​បាន​ទទួល​ស្គាល់​ដែរ ប៉ុន្តែ​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​ឲ្យ​ដឹង​ឡើយ។ ទើប​តែ​យប់​មិញ​នេះ យៀកលី បាន​បញ្ចប់​មន្ទិល​ថា បុរស​ជា​គូស្នេហ៍​ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នាង​កាល​ពី​២​ឆ្នាំ​មុន​នោះ គឺ​ជា​ស្វាមី​របស់​នាង​នា​ពេល​នេះ​ហើយ៕

29 Shares
Copy link
Powered by Social Snap