• Mon. Mar 14th, 2022

ក្រសួងការ​​បរ​ទេស បើក​សន្និ​បាត​​បូក​សរុប​លទ្ធ​ផ​ល​កា​រ​ងារ​​ឆ្នាំ២០១​​៩ និង​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​២០​២០

59 Shares

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកសន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការផង បានថ្លែងតាមរយៈរបាយការណ៍ថា អស់រយៈពេលពេញមួយឆ្នាំ២០១៩ សភាពការណ៍ពិភពលោក បន្តវិវឌ្ឍផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកប​ដោយភាពស្មុគស្មាញ ​ពិបាក​ប៉ាន់ស្មានបាន និងពោរពេញទៅដោយគ្រោះថ្នាក់ ហើយកំពុងស្ថិតក្នុង​ដំណាក់​​កាល​​​ផ្ទេរដ៏លំបាកឆ្ពោះទៅរក​ប្រព័ន្ធពហុប៉ូល ​ដែល​តួអង្គថ្មី/ចាស់ កំពុង​ប្រកួតប្រជែងដណ្តើមតួនាទីគ្នានៅ​ក្នុង​​ការ​សម្រេច​លើកិច្ចការ​ពិភពលោក និងតំបន់។

ប្រឈមនឹងបញ្ហាទាំងនេះ ជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្នុង និងក្រៅ​ប្រ​ទេសនៃក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ដោយមានការចង្អុល​បង្ហាញ​ប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន និងក្រោម​ការដឹកនាំរបស់ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានខិតខំ​បំពេញការងារយ៉ាងសកម្ម សំដៅធ្វើឱ្យសម្រេចបានជោគជ័យនូវការងារអាទិភាពទាំង ៥  រួមមាន៖

១.​ ការការពារឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ,២. ការអនុវត្តនូវ​គោល​នយោបាយការបរទេស ប្រកបដោយភាពបត់បែន វាងវៃ តប​ទៅ​នឹងសម្ពាធ​​ភូមិសាស្រ្តនយោបាយ,៣. ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹង​សេដ្ឋកិច្ចជាតិ,៤. ការចូលរួមកាន់តែសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព និងការប្រ​យុទ្ធនឹងការប្រឈមនានានៅក្នុងពិភពលោក និងទី៥. ការបន្តការដ្ឋានកំណែទម្រង់​ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកបដោយ  វិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាព។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស មានប្រកាសថា នៅឆ្នាំ២០១៩ មានសមិទ្ធផលជាច្រើន ដែលសម្រេចបានជាបន្តបន្ទាប់ នេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា-ណាចក្រកម្ពុជា ដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ កិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការ​ខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់​ពីសំណាក់​ថ្នាក់ដឹក​នាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការ​អន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យនូវការដ្ឋានកំណែទំរង់ដ៏ធំនេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងជំរុញយុទ្ធសា​ស្រ្តអា​ទិភាពថ្មី​មួយ ដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ការពឹងផ្នែកលើ​ជំនួយ​ពីខាងក្រៅ ​និងលើកកម្ពស់​ផលប្រយោជន៍កម្ពុជា​នៅក្នុងតំបន់ និងអន្តរជាតិ ដោយប្រែក្លាយ​ពីការ​អនុវត្តការទូត​ប្រ​ពៃណី ទៅ​ជាការអនុវ​ត្តការទូតទំ​នើប ដោយបន្ថែមការទូតសេដ្ឋកិច្ច និងវ​ប្បធម៌ ជាចំណែកដ៏សំខាន់មួយ​ក្នុងការ​រួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

59 Shares
Copy link
Powered by Social Snap