• Mon. Mar 14th, 2022

ប្រាសាទអង្គរនឹង​មាន​វាលស្មៅបៃ​តង​ទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

513 Shares

ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថាន​ល្អក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាន​នៅជុំវិញ​បរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវ​និងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរ​ជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។

ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សាហើយ​​​កិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរារៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណត្រឹម​ត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ អាជ្ញាធរជាតិអប្សរា

513 Shares
Copy link
Powered by Social Snap