• Tue. Oct 19th, 2021

ធានាគារជាតិ៖ ការនាំ​ចូល​សម្ភារ​សំ​ណង់ នឹង​កើន​ជាង​​២​ពាន់​​លាន​​ដុ​ល្លារ នៅ​ឆ្នាំ​នេះ

68 Shares

ភ្នំពេញ៖ ការនាំចូលសម្ភារសំណង់ រួមមានបរិក្ខាសំណង់ផ្សេងៗ ដូចជា ស៊ីម៉ង់តិ៍ និង​ដែក ត្រូវបានព្យាករណ៍ថា នឹងនៅតែបន្តកើនឡើងនៅឆ្នាំ២០២០ ដែលឆ្លុះបញ្ជាំង​ពីកំណើននៃវិស័យសំណង់នៅកម្ពុជា ខណៈគម្រោងសាងសង់ក្នុងឆ្នាំ២០១៩ មាន​សន្ទុះកើនឡើងខ្ពស់។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ។

ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីរបាយការណ៍ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» កាលពីដើម ខែមករា​កន្លងទៅ បានឲ្យដឹងថា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយ​នៃការជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០។

ធនាគារជាតិនៃកម្ពុជា សរសេរនៅក្នុងរបាយការណ៍ថា៖មានកតាលីករ២សំខាន់ ដែល​ជួយជម្រុញឲ្យវិស័យសំណង់ និងអចលនព្រទ្យឆ្នាំ២០២០ បន្តកើនឡើង គឺនិន្នា​ការ​កើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួល​បានការ​អនុម័ត ដែលធាតុចូលទាំងពីរនេះ គឺជាការឆ្លុះបញ្ចាំងវិស័យសំណង់ និងអចលនទ្រ​ព្យបន្តកើនឡើង។

ធគារជាតិបានឲ្យដឹងបន្តថា សម្រាប់ឆ្នាំ២០២០ ការនាំចូលសម្រាប់ផ្គត់ផ្គង់ដល់​វិស័យ​សំណង់ ត្រូវបានព្យាករណ៍ថា មានតម្លៃប្រមាណជាង ២,៣០០ លានដុល្លារ។

ទន្ទឹមគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់នៅក្នុងរបាយការណ៍​ទស្សនវិស័យ​នេះ​ដែរថា ការនាំចូលបរិក្ខារសំណង់ផ្សេងៗ តំណាងជិតជាង៥០ភាគរយ ធៀប​នឹងការ​នាំចូលសម្ភារសំណង់សរុប ឬមានទំហំទឹកប្រាក់នាំចូល ប្រមាណជិត ១ ៤០០​លាន​ដុល្លារ។ ចំណែកការនាំចូលស៊ីម៉ងត៍ តំណាង​ជិត១០ភាគរយ ឬស្មើប្រមាណជិត ២០០លាន​ដុល្លារ។ដោយឡែក ការនាំចូលដែកតំណាងជិត ៤០ភាគរយ ឬស្មើនឹង​តម្លៃសម្រាប់នាំចូល ប្រមាណជិត ៨០០លានដុល្លារ។

យោងតាមរបាយការណ៍នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ​២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង ជាមួយនឹងគម្រោង​សាងសង់​មានចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគ ធៀបនឹងឆ្នាំ២០១៨ ខណៈទុន​វិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណ ៩,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៧៨ ភាគរយ។

បើតាមរបាយការណ៍ធនាគារជាតិដដែលបានបង្ហាញថា នៅក្នុងឆ្នាំ២០១៩ ការនាំចូល​សម្ភារសំណង់មានតម្លៃប៉ាន់ស្មាន ១ ៥០០ លានដុល្លារ ក្នុងនោះ​ការនាំចូល​បរិក្ខារសំ​ណង់​ផ្សេងៗ មានតតម្លៃជាង ៩០០លានដុល្លារ ការនាំចូលស៊ីម៉ង់តិ៍មានតម្លៃជាង ១០០លានដុល្លារ និងការនាំចូលដែកមានតម្លៃ ៥០០លានដុល្លារ។

បើតាមការព្យាករណ៍របស់ធនគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន​ក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ធ្លាក់ចុះពីកំណើនដែលគេប៉ាន់ប្រមាណ ៧,១​ភាគរយ ក្នុងឆ្នាំ២០១៩៕ អត្ថបទ៖ សិរីកា

68 Shares
Copy link
Powered by Social Snap