• Tue. Mar 15th, 2022
168 Shares

រដ្ឋបាលបាលខេត្តបាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លង​ទៅ​ បានរៀបចំពិធី​ក្រុង​ពាលី​ និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយ​ស្ពាន​​ថ្មី​មួយ​នេះ​មាន​តម្លៃ​​ជាង​ ៥០​ម៉ឺន​ដុល្លារ។

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ខាង​លើ​មានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាសប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ។

សូមជម្រាបផងដែរថា ស្ពានថ្មថ្មីដែលបានធ្វើពិធីក្រុងពាលីនាឱកាសនេះមានប្រវែង​បណ្តោយ​១០០​ម៉ែត្រ​ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់​នៅប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។

ប្រភព​ពី​អ្នក​ជំនាញ​​ផ្នែក​សាង​សង់​នៅ​ពិធី​បញ្ចុះ​បឋម​សិលា​កាល​​ពី​ម្សិល​មិញ​បាន​បង្ហើប​ប្រាប់​​សារព័ត៌មាន​​ក្នុង​ស្រុក​ល្បី​ឈ្មោះ​មួយ ថា​ ​ស្ពាន​​ថ្ម​នេះ​មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​ ខណៈ​អភិបាល​រង​ខេត្ត​​បាត់​ដំបង​​លោក​ សឿម ប៊ុនរិទ្ធិ​ សុំ​​មិន​ធ្វើ​អត្ថាធិប្បាយ​​រឿង​តម្លៃ​ទេ។ ​​​​​

សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញពីការលំបាកការធ្វើចរាចរណ៍ និងការកកស្ទះចរាណ៍ ជាពិសេសនៅពេលមានពិធីបុណ្យផ្សេងៗនៅក្នុងក្រុងបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋានខេត្តបាត់​ដំបង បានគៀរគរសប្បុរសជន ដើម្បីចូលរួមសាងសង់ស្ពាន​បេតុងថ្មីឆ្លងកាត់ស្ទឹង​សង្កែ​នៅក្បែ​ស្ពានថ្មចាស់នេះ ដែលការសាងសង់នេះ​គឺចំណាយថវិកាពីការចូលរួម​របស់​សប្បុរសជន ។

កន្លងមកអាជ្ញាធរខេត្តក៏មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស និងមានការសំណូមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តបាត់ដំបង នៅតាមបណ្តាញ​សង្គមឱ្យមានការជួសជុល និងអភិរក្សស្ពានថ្មចាស់​ដែលមានអាយុជាង១០០​ឆ្នាំនោះ និងឲ្យមានការសាងសង់ស្ពាថ្មថ្មីនៅក្បែនោះ ព្រមទាំងយកលំនាំដើមតាមស្ពានថ្មចាស់ ។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពាន​ថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេល​មានជំនន់ស្ទឹងសង្កែហក់ឡើង​ខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀស​ការកកស្ទះចរាចរណ៍ក្នុងក្រុងនៅ​ពេលមានពិធីបុណ្យផ្សេងៗ ។

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

168 Shares
Copy link
Powered by Social Snap