• Thu. Mar 17th, 2022

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ចូលលួច iPad ផ្អើលពេញបណ្ដាញ​Facebook បានចូលសារភាព ប៉ូលិសឃាត់ខ្លួន​ហើយ

2 Shares

អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងមុននេះថា បុរសម្នាក់ដែលពាក់ឯកសណ្ឋានជានគរបាល និងពាក់ស័ក្ដិ៣លើស្មា ចូលទៅលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក បានចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ។


លោកអធិការបានបញ្ជាក់ថា បុរសរូបនេះពិតជាមន្ដ្រីនគរបាល ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ថា បម្រើការងារនៅអង្គភាពណានោះទេ ដោយបច្ចុប្បន្នកំពុងតែសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក។

លោក សុខ ហេង បានបញ្ជាក់ថា ក្រោយមានព័ត៌មាននេះភ្លាម កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានចុះស្រាវជ្រាវ ហើយមន្ដ្រីនគរបាលរូបនេះ ក៏បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ចមូលដ្ឋាន មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ បម្រើការងារនៅនាយកដ្ឋានព្រំដែនទឹក ក្រសួងមហាផ្ទៃ៕


2 Shares
Copy link
Powered by Social Snap