• Sun. Oct 17th, 2021

ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​​ម៉ោង​​រៀន ធ្វើ​ឲ្យ​ខួរក្បាលចងចាំបានល្អ

331 Shares

អ្នក​និយម​​ងើប​​រៀន ម៉ោង​៤-៥ ទៀបភ្លឺ មើល​អត្ថបទ​១​នេះ ច្បាស់​ជា​ភ្លឺ​ភ្នែក​ជាក់​ជា​មិន​ខាន ត្បិត​អី​ទង្វើបែប​នេះ គឺ​ខុស​នឹង​​តាម​ក្បួន​ពេទ្យ ទាំង​ស្រុង​។ តាម​ការ​លើក​ឡើង​ពី​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី មនុស្សជា​ច្រើនតែងយល់ថា ​ការក្រោក​ពី​ដំណេក​ទៀប​ភ្លឺ (ម៉ោង៤ ឬម៉ោង៥) មើលមេរៀន​ជា​រឿងល្អចំ​ពោះពួកគេ ពោលគឺធ្វើឱ្យខួរក្បាល​ស្រឡះ​ និង​ចងចាំបានល្អ។ ការយល់ឃើញបែបនេះ ចំពោះ​លោក​ឧកញ្ញ៉ា គឺ​ជា​ការ​យល់​ឃើញ​ពុំត្រឹមត្រូវឡើយ។

ឧកញ៉ា​វេជ្ជបណ្ឌិត បាន​ដាក់​ជា សំនួន​ថា ហេតុអ្វី? ពីព្រោះបើតាមក្បួនពេទ្យ ដើម្បីមានសុខភាពល្អ ហើយខួរក្បាល​សម្រាកបានគ្រប់គ្រាន់។ ចំពោះមនុស្សវ័យជំទង់យ៉ាងហោចណាស់ក៏​ត្រូវគេង​ឱ្យ​បាន​៧​ទៅ៧ម៉ោងកន្លះដែរ។ ចំណែកក្មេងយ៉ាងហោចណាស់​ក៏ត្រូវគេងឱ្យបាន៨ទៅ៨​ម៉ោង​កន្លះ​ដែរ។ ដូច្នេះបើសិនជាចូលគេងម៉ោង១០ឬ១១យប់ ហើយក្រោកពីដំណេកនៅម៉ោង​៤ឬ​ម៉ោង៥​ទៀប​ភ្លឺ តើដំណេករបស់យើងគ្រប់គ្រាន់ឬទេ? តើសុខភាពយើងល្អដែរឬទេ? តើខួរក្បាល​យើង​ស្រឡះ​ល្អ​ឬ​ទេ? គឺអត់ទេ!

ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ឲ្យ​ដឹង​បន្ថែម​ថា​​ពេលវេលាដែលខួរក្បាលមនុស្សដំណើរ​ការបានល្អ ចង​ចាំបានល្អ និងស្រស់ស្រាយបំផុត គឺចាប់ពីព្រលឹមឡើងដល់ថ្ងៃត្រង់ ព្រោះពេលវេលា​នេះ​ខួរ​ក្បាល​បានសម្រាកគ្រប់គ្រាន់ រាងកាយមានថាមពលឡើងវិញ ខួរក្បាលស្រឡះល្អ។

ម្យ៉ាង​ដើម្បីឱ្យកាន់តែមានកម្លាំងកាយ និងកម្លាំងបញ្ញាខ្លាំងក្លា យើងគួរពិសាអាហារពេលព្រឹក​ឱ្យរួច​រាល់​សិនចាំចូល​រៀន។ ចំណែកពេលរសៀល និងពេលយប់ ខួរក្បាល​យើងពុំសូវ​ដំណើរការបាន​ល្អ និង​ស្រស់ស្រាយឡើយ។

ឧកញ៉ា​វេជ្ជបណ្ឌិត លើក​ឡើង​ថា ជាទូទៅក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយ យើង​តែង​តែ​ងងុយ​គេង ព្រោះក្រពះរបស់យើង​ត្រូវធ្វើ​ការរំលាយ​អាហារ។ នៅពេលក្រពះរំលាយអាហារ ពេល​នោះ​ឈាមរត់ចូលសរសៃឈាមក្នុងក្រពះដើម្បីប្រើកម្លាំងកិនរំលាយអាហារ ម៉្លោះហើយជាហេតុធ្វើ​យើង​មានអារម្មណ៍ថាសឺៗ ហើយងងុយគេង។ នៅពេលមានអារម្មណ៍សឺៗ ហើយងងុយគេង យើង​ប្រាកដ​​ជារៀន​មិនចូលឡើយ។

ចំពោះ​ការ​រៀន​ពេលយប់​វិញ ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី យល់​ឃើញ​ថា​ក៏ខួរក្បាលយើងមិនសូវ​ចងចាំ​បានល្អដែរ ព្រោះពេលវេលាហ្នឹងជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ជាពេលវេលា​កម្សាន្ត​ ជាពេលវេលាហាត់ប្រាណ និងជាពេលវេលាដែលត្រូវនៅជួបជុំគ្រួសារ។ដូច្នេះបើជ្រើស​រើស​យកពេល​វេលានេះសិក្សា គឺខួរក្បាលពិបាកចងចាំខ្លាំងណាស់។

ដោយ​ឡែក​​ចំពោះពួកអ្នក Professional ដូចជាវេជ្ជបណ្ឌិត, មេធាវី ឬ CEO Manager ជាដើមនោះ ដែលទៅរៀនតាមអនឡាញ ឬក៏រៀនបន្ថែម គឺពួកគេអាចរៀនពេលយប់ និងថ្ងៃសៅរ៍-អាទិត្យបាន ព្រោះអ្នកទាំងនោះចេះថ្លឹងថ្លែង និងបែងចែកពេលវេលាបានត្រឹមត្រូវ។

ជា​មួយ​គ្នា​នោះ​ដែរ​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ​សូមទទូចម្ដងទៀតថា ចំពោះយុវជន ឬ​សិស្ស​និស្សិត​វ័យក្មេងគ្រប់រូប គួរកុំរៀនពេលយប់ ឬថ្ងៃចុងសប្ដាហ៍អី។ គួរតែរៀនពេលព្រឹក ពិសេស​គឺ​រៀន​ពីថ្ងៃចន្ទ​ដល់ថ្ងៃសុក្រ នោះទើបធ្វើឱ្យខួរក្បាលយើងចងចាំបានល្អ។ ម្យ៉ាង ឧកញ៉ា​វេជ្ជបណ្ឌិត ​សូមផ្ដាំ​ដល់​យុវជន​មួយចំនួនដែរថា សូមឈប់មានមោទនភាពចំពោះខ្លួនឯង ដែលក្រោកពីដំណេក​ម៉ោង​២ពាក់​កណ្ដាល​យប់ គិតថាខ្លួនឯងក្រោកពីព្រលឹមទៅ គឺអ្នកទាំងអស់​គ្នាកំពុងធ្វើបាប​ខ្លួនឯង​ទៅ​វិញ​ទេ ​ព្រោះ​ពេលវេលានេះជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ដើម្បី​ឱ្យ​ខួរក្បាលស្រឡះ និង​ក្រេប​ជញ្ជក់​ថាមពលឡើងវិញ សម្រាប់ថ្ងៃបន្ទាប់៕

331 Shares
Copy link
Powered by Social Snap