• Sun. Oct 17th, 2021

ចូល​រកស៊ី​​លើ​ទឹក​ដី បាវិត​ភ្លាម ឧកញ៉ា​​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ផ្ដល់​ផ្ទះ​៣០​ល្វែង​ជូន​មន្ត្រី​រាជការ ចំណែក​អ្នក​ទិញ​វិញ ទិញ​ភ្លាម​បាន​ចំណូល​មក​វិញ​ភ្លាមៗ

881 Shares

ដំណឹង​ល្អ​សម្រាប់​មន្ត្រី​រាជការ ​កំពុង​បម្រើការ​លើ​ទឹក​ដី ក្រុង​បាវិត ខេត្ត ស្វាយរៀង ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់​នៅ ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែល​កំពុង​តែ​បោះ​ទុន​វិនិយោគ​សំណង​ផ្ទះ​​ល្វែង​រាប់​ពាន់​ស្វែង​នៅ​លើ​ទី​ក្រុង​ថ្មី​ជាប់​​ព្រំប្រទល់​វៀតណាម​នេះ បាន​ប្រកាស​​ថា នឹង​​​ផ្ដល់​ផ្ទះ​ចំនួន​៣០​ល្វែង​ជា​ជំហាន​ដំបូង ជូន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់ ដោយ​មិន​គិត​ប្រាក់​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​លោក​ក៏ ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន​ភ្លាមៗ​មក​វិញ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង ក្នុង​​ជំនួប​មួយ រវាង លោក​អភិបាល​ក្រុង បាវិត ជា​មួយ​ក្រុម​​អ្នក​​វិនិយោគ​១​ក្រុម នៅ​សាលា​ក្រុង បាវិត កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ជា​មួយ លោក អភិបាល​ក្រុង​បាវិត ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយក​ក្រុមហ៊ុន Vichet Dara Enterprise បាន​នាំ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​រូប​ ដើម្បី​បង្ហាញ​បំណង របស់​អ្នក​ជំនួញ​ទាំង​នោះ ចង់​ចូល​មក វិនិយោគ​លើ​ទឹក​ដី បាវិត លោក ឧកញ៉ា​បណ្ឌិត​ដែល​មាន​ប្រវត្តិ ពី​អ្នក​រត់​ម៉ូតូ​ឌុប​រូប​នេះ បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ ទីក្រុង បាវិត ជា​ទីក្រុង​មួយ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​វិនិយោគ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក បាន​កំពុង​តែ​បោះ​ទុន​​លើ​​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ក្នុង​​គម្រោង​សាង​សង់​​ផ្ទះ​ល្វែង ដោយ​​នៅ​ក្នុង​នោះ​ក្រុមហ៊ុន​បាន រចនា​ផ្ទះ​ឡើង ​ទៅ​តាម​តម្រូវ​ការ​អតិថិជន ទាំង​អ្នក​មាន​ចំណូល​ខ្ពស់ ចំណូល​មធ្យម និង ចំណូល​ទាប។

ទន្ទឹម​​គ្នា​នោះ​ដែរ ដើម្បី​រួម​​ចំណែក​ដល់ រដ្ឋាភិបាល ក៏​ដូច​ជា មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន​របស់​លោក បាន​សហការ​ជា​មួយ​​ក្រុមហ៊ុន​មួយ​​​មក​ពី​ប្រទេស​ជប៉ុន​ឈ្មោះ​ថា ក្រុម​ហ៊ុន ECCJ Real Estate ដោយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​នេះ នឹង​ជួល​ផ្ទះ ពី​អតិថិជន​ដែល​មក​ទិញ​នៅ​ក្នុង​បុរី របស់​លោក ដើម្បី​ជូន​​មន្ត្រី​រាជការ​ស្នាក់​នៅ ដោយ​​មិន​គិត​ប្រាក់ រយៈ​ពេល​៥ឆ្នាំ។

ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា​ បាន​ពន្យល់​ថា ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate ដំបូង​ឡើយ​ជា​អង្គការ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មាន​បំណង​ធំ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​ផ្ដល់​ជូន​ដល់​មន្ត្រី​រាជការ ដែល​ចង់​បាន​ផ្ទះ​ស្នាក់​នៅ (second house) ដោយ​ក្រុមហ៊ុន​មាន​​ម្ចាស់​ជំនួញ​​ជា​ច្រើន ក្នុង​ការ​ជួយ​គាំទ្រ​លើ​គម្រោង​នេះ។

លោក​ឧកញ៉ា​​បណ្ឌិត​ប្រាប់​ថា ​ជំហាន​ដំបូង ECCJ Real Estate នឹង​ផ្ដល់​ជូន​មន្ត្រី​រាជការ​​ធ្វើ​ការ​នៅ ក្រុង បាវិត​នេះ ចំនួន​៣០​ល្វែង ដោយ​ឲ្យ​ពួក​គាត់​រស់​នៅ​ចំនួន​៥ឆ្នាំ សាក​ល្បង​ដោយ​មិន​គិត​ប្រាក់ គ្រាន់​តែ​ពួក​គាត់​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង តែ​ប៉ុណ្ណោះ។

ជា​មួយ​គ្នា​នោះ​ដែរ លោក ឧកញ៉ា និង​ជា​ម្ចាស់​បុរី” ​វិចិត្រដារ៉ា” ខាង​លើ បាន​បញ្ជាក់​ថា ការ​ផ្ដល់​ជូន​នេះ មិន​មែន​តែ​លើ​មន្ត្រីរាជការ​ប៉ុណ្ណោះ​ទេ អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ក្នុង​បុរី របស់​លោក នឹង​មាន​ឱកាស​ទទួល​ប្រាក់​​ចំណូល​ពី​ផ្ទះ​មក​វិញ​​ភ្លាមៗ​តែ​ម្ដង ដោយ​នៅ​ក្នុង​នោះ គ្រប់​ផ្ទះ​ទាំង​អស់ ដែល​អតិថិជន​បាន​ទិញ ប្រសិន​បើ​ចង់​ដាក់​ជួល​វិញ ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate នឹង​ធ្វើ​កិច្ច​សន្យា​ជួល​វិញ ភ្លាមៗ ដោយ​ក្នុង​១ ខែ អាច​ទទួល​បាន​ចាប់​ពី​៦០០ ដុល្លារ​ឡើង ក្នុង​ផ្ទះ​១​ល្វែង កុងត្រា រយៈ​ពេល​៥​ឆ្នាំ​ឯណោះ។

“អ្នក​ទិញ​ក្នុង​បុរី​យើង គឺ​ចំណេញ​ភ្លាមៗ​បើ​សិន​ជា​គាត់​ចង់​ជួល ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate ជួល​គាត់​វិញ ដោយ​ក្នុង​១​ខែ គាត់​ជួល​ក្នុង​តម្លៃ​៦០០ ដុល្លារ ហើយ​កុងត្រា​៥​ឆ្នាំ​ម្ដង”ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា បញ្ជាក់។

លោក HIROTAKA SATO នាយក ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​មាន​ដៃគូ​ក្រុមហ៊ុន វិនិយោគ​ជា​ច្រើន ដែល​កំពុង​តែ​ចូល​មក​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា នឹង​មួយ​ចំនួន​ទៀត កំពុង​តែ​មាន​បំណង​មក​សិក្សា​ស្វែង​យល់ លើ​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ក្រៅ​ពី​ការ​ផ្ដល់ ផ្ទះ​ស្នាក់​នៅ​ដល់​ប្រជាជន​ខ្មែរ ជា​ពិសេស​មន្ត្រី​រាជការ ​ដោយ​ឥតគិតថ្លៃ ECCJ Real Estate ចាប់​អារម្មណ៍​ខ្លាំង លើ​ការ​បើក​កាស៊ីណូ លើ​ទឹក​ដី​បាវិត​នេះ ហើយ​ក្រុមហ៊ុន​មាន​បំណង​វិនិយោគ​លើ​ជំនួញ​នេះ​ឆាប់ៗ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប លោក លឹម សៀកហេង អភិបាល​ក្រុង​ បាវិត បាន​ស្វាគមន៍ លើ​គម្រោង​គម្រោង​វិនិយោគ​​ទាំង​នោះ។ លោក អភិបាល លើក​ឡើង​ថា វា​ដំណឹង​ល្អ​ណាស់​សម្រាប់​មន្ត្រី​រាជការ នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​បាន​គិត​គូរ​ពី​សុខទុក្ខ​​មន្ត្រី​រាជការ​បែប​នេះ។

សម្រាប់​មន្ត្រី​រាជការ​ធ្វើ​ការ​ក្នុង​ក្រុង បាវិត​នេះ លោក​អភិបាល​​បាន​ឲ្យ​ដឹង​ថា មួយ​ចំនួន​មាន​មក​ពី​ខេត្ត ឆ្ងាយ នឹង​មួយ​ចំនួន​ទៀត រស់​នៅ​ក្នុង​ខេត្ត ប៉ុន្តែ ផ្ទះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ ដោយ​ពួក​គាត់ ភាគ​ច្រើន​ស្នាក់​នៅ ផ្ទះ​ជួល​ក្បែរ​កន្លែង​ធ្វើ​ការ ដូច​នេះ​ការ​សន្យា​ផ្ដល់​ជូន​ខាង​លើ​ពិត​ជា​ដំណឹង​ល្អ សម្រាប់​មន្ត្រីរាជការ​ទាំង​អស់​នោះ​ខ្លាំង​ណាស់។ ក្នុង​នាម អាជ្ញាធរ​លោក អភិបាល​បាន​សន្យា និង ការពារ​ធានា​​សន្តិសុខ សុវត្ថិភាព​ជូន​ដល់ អ្នក​វិនិយោគ។ ក្នុង​ថ្ងៃ​​នោះ​ដែរ លោក​អភិបាល​ក្រុង​ និង ក្រុម​អ្នក​វិនិយោគ​ក៏​បាន​ចុះ​ទៅ​មើល​ទីតាំង​ក្នុង​គម្រោង​ដែល​កំពុង​តែ​សម្រុក​ការ​សាង​សង់ ដែល​ប្រហែល​ជា​១៨ ខែ ទៀត ផ្ទះ​ទាំង​នោះ នឹង​ធ្វើ​រួច​រាល់ មន្ត្រី​រាជការ​អាច​ចូល​ស្នាក់​នៅ​បាន​ហើយ។ បុរី”​វិចិត្រដារ៉ា” មាន​ទីតាំង​ស្ថិត ក្នុង ភូមិ បាវិតលើ សង្កាត់ បាវិតលើ ក្រុង បាវិត ខេត្ត ស្វាយរៀង។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុង​បាវិត​ជា​ច្រក អន្តរជាតិ​​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវ​គោក​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​និង​វៀតណាម ជា​ពិសេស​គឺ​ទី​ក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កម្សាន្ត​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់​ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម។ បច្ចុប្បន្ន​ទីក្រុង​ថ្មី ជាប់​ព្រំប្រទល់​វៀតណាម​មួយ​នេះ សំណង់​អគារ​ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹប​កម្សាន្ត ផ្សារ​ទំនើប រោងចក្រ កំពុង​សម្រុក​ការ​សាង​សង់​បន្ថែម​យ៉ាង​គំហុក៕

881 Shares
Copy link
Powered by Social Snap