• Tue. Oct 26th, 2021

សម្តេចតេជោ ហ៊ុន សែន ផ្តល់​៣០លានដុល្លារ សម្រាប់សាងសង់អគារព្យាបាលមន្ទីរពេទ្យកាល់ម៉ែត

15 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារអាមេរិក ដើម្បីបន្តកសាងអគារកំពស់ ១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់ ១៧ភាគរយរួចមកហើយ ក្នុងតម្លៃ៣៩លាន៧សែនដុល្លារអាមេរិក។

នៅតាម Facebook របស់សម្តេចតេជោនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសម្រេចផ្តល់ថវិកាបន្ថែមនេះ បានធ្វើឡើងបន្ទាប់​ពី​សម្តេច​ពិនិត្យឃើញថា មន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអគារថ្មី និងអគារដែលមានរួចមកហើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បីថ្ងៃរួចមកហើយដែលខ្ញុំមក កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាជនប៉ុន្តែមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអាគារថ្មី និងអគារដែលមានរួចមកហើយ។ ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារ ដើម្បីបន្តកសាងអគារកំពស់១២ជាន់ ដែលមន្ទីរពេទ្យបានសាងសង់បាន ១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ»។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការបំពាក់សម្ភារបរិក្ខារទាំងនៅអាគារថ្មី និងអគារចាស់សម្តេចបានបង្កើតចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន ៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាច ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ សម្តេចសូមអរគុណចំពោះសប្បុរសជន ដែលបានចូលតាមការអំពាវនាវ របស់សម្តេចតាមពាក្យស្លោក «បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណ និងកោតសរសើរចំពោះវេជ្ជបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

សម្តេចបន្ថែមថា «បើទោះជាជីវិតម្តាយក្មេកខ្ញុំ ដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្តដែរ ព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះ ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំ បានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយ ដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត»៕
ប្រភព៖ http://freshnewsasia.com

15 Shares
Copy link
Powered by Social Snap