• Fri. Oct 29th, 2021

ពេញមួយព្រះជន្ម របស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីបាន​បូជានូវព្រះបញ្ញាញណ និងព្រះកាយពលឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើក​តម្កើងវិស័យវប្បធម៏ខ្មែរ ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់លើសកលលោក

25 Shares

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ព្រះអង្គ ព្រះ​ប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានី​ភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។

ព្រះអង្គ ត្រូវបានត្រាស់បង្គាប់ជា នាដការីដំបូងគេបំផុត សម្រាប់សម្តែងនូវ របាំអប្សរា ដែល​តម្លើង​ដោយ សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់​ទទួល​បដិ​សណ្ឋារកិច្ច នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្តម Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ ១៩៦៤ និង​ក្រោយ​មក​ទៀត​ដោយ​ទត​ឃើញ​ពី​ភាពល្អឯកនេះហើយ ទើប ព្រះអង្គ ត្រូវបានប្រោសព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះ​បរមរតន​កោដ្ឋ យាងទៅសម្តែងរបាំព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទោកាន់ក្រៅប្រទេស និងសម្តែងជូន ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះ​គោរមងារ​ជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពី​ការ​តែតាំង​មត៌ក​មនុស្ស​រស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។ ព្រះអង្គ ជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយ​រយៈ​មុន​បន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គ បានបង្ហាត់បង្រៀនជូនប្រជាជនខ្មែរ ដែល រស់​នៅ​ក្នុង​ជំរុំ Site B អំពីរបាំ ព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវ ការ​លំបាក​ពេល​រស់​នៅ​ក្នុង​ជំរុំ​ផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះ ទ្រង់ បារម្ភ​ខ្លាច​បាត់​បង់​ពេល​ប្រទេស​ធ្លាក់​ចូល​ក្នុងសង្គ្រាម ។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុ​រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ព្រះអង្គ ជា​ទីប្រឹក្សា​ជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៏ និងក្រោយមកកាន់តំណែងជា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៏ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤ ។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ទ្រង់ បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈរបាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិក នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

ស្នាព្រះហស្តដ៏សំខាន់ របស់ ទ្រង់ គឺការនាំឲ្យ មានការ បញ្ចូលរបាំព្រះរាជទ្រព្យ ចូល​ជាបេតិកភណ្ឌ​វប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពី​ព្រោះ​តែ​កាល​ពី​អតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែង​តែ​នឹក​ឃើញ​ជានិច្ច​ដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួម​ជាមួយ​សម្រស់​ដ៏ស្រស់​សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់​នៅ​តែ​បន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និង​ជា​ពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

រឿងរាជឥស្សរិយយស ដែលព្រះអង្គទទួលបានរួមមាន៖

១៥ មីនា ២០០៦៖ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា

២២ តុលា ២០០១៖ គឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា

១៦ ឧសភា ២០០១៖ គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នា​វេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយ​ព្រះរោគាពាធ៕

អត្ថបទ និងរូបភាព៖ Royal du Cambodge

25 Shares
Copy link
Powered by Social Snap