• Mon. Mar 14th, 2022

ស្ថាបនិកហាង «ម៉ូបាលកាហ្វេ» ត្រៀមបោះទុន ១លានដុល្លារ បើកហាងកាហ្វេ ១០ទីតាំងបន្ថែមទៀត

870 Shares

វិស័យភេសជ្ជៈ និងម្ហូបអាហារ នៅតែជាកាឡានុវឌ្ឍភាពសម្រាប់ស្ថាបនិកហាងកាហ្វេ «ម៉ូបាលកាហ្វេ» លោក យ៉ែម ឈីម ដោយលោកត្រៀមនឹងបន្តបោះទុនវិនិយោគចំនួន ១លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត លើការពង្រីកសាខាហាងកាហ្វេម៉ាកយីហោក្នុងស្រុកចំនួន ១០ ទីតាំង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ផ្ដល់បទសម្ភាសន៍ជាមួយ ឧកញ៉ាញ៉ូញ៍ សហគ្រិនវ័យក្មេង និងជាស្ថាបនិកបង្កើតយីហោសាខា Mobile Coffee ក្នុងស្រុក បច្ចុប្បន្នបានជាង ១០សាខា បានបង្ហើបឱ្យដឹងថា៖ «ថ្វីត្បិតថា បញ្ហាកូវីដនៅបន្តរាតត្បាតក៏ពិតមែន តែខ្ញុំមើលឃើញថា វិស័យភេសជ្ជៈកាហ្វេនេះ នៅតែមានតម្រូវការពីសំណាក់អតិថិជន ហេតុដូច្នេះហើយ ក្រុមហ៊ុនខ្ញុំត្រៀមនឹងបោះទុន ១លានដុល្លារ ពង្រីកសាខាឱ្យបាន ១០ទីតាំងទៀត»។

លោក យ៉ែម ឈីម បញ្ជាក់បន្ថែមថា សាខាទាំង ១០ទីតាំង ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងរាជធានីភ្នំពេញទាំងអស់។  លោកថា កន្លងមក អតិថិជនរបស់ម៉ូបាលកាហ្វេ ពួកគាត់នៅតែបន្តគាំទ្រប្រេនហាងកាហ្វេរបស់ខ្មែរយើង ទោះស្ថិតក្នុងស្ថានភាពកូវីដ ក៏ហាងរបស់លោក នៅតែបន្តទទួលបានការគាំទ្រ និងបញ្ជាទិញកាហ្វេតាមអនឡាញពីសំណាក់អតិថិជនដដែល។ កត្តានេះហើយ ទើបជំរុញឱ្យលោក សម្រេចចិត្តថានឹងបើកសាខាបន្ថែម ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងជាការរួមចំណែកផ្ដល់ការងារឱ្យកូនខ្មែរធ្វើបានមួយចំនួនផងដែរ។

ថ្មីៗនេះទៀតសោត យុវជនប្រកបមុខរបរបើកហាងកាហ្វេរូបនេះ ទើបពង្រីកសាខាហាង ម៉ូបាលកាហ្វេធំៗ ចំនួន ២កន្លែង ស្ថិតនៅប្លុកបឹងកេងកង Mobile Coffee BKK-57 និងម៉ូបាលយូរ៉ូផាក នៅក្នុងបុរីប៉េងហ៊ួត សាខាបឹងស្នោរ។

​គួរបញ្ជាក់ថា លោក យ៉ែម ឈីម គឺជាអតីតយុវជនកូនកសិករមួយរូប មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្នុង អំឡុងឆ្នាំ ២០១២ យុវជនសំបុរស្រអែម រូបនេះ ក៏បានផ្លាស់មកបន្តរៀនសូត្រនៅរាជធានីភ្នំពេញ និងសុំព្រះសង្ឃស្នាក់នៅវត្ត ដើម្បីមានឱកាសបន្តការសិក្សា។

ហែលឆ្លងកាត់ជីវិតតស៊ូរៀនសូត្រ ប្រឹងប្រែងដោយខ្លួនឯង និងមានប្រវត្តិធ្លាប់ដាក់ពាក្យសុំគេធ្វើការងារធ្លាក់រាប់ភ្លេច មុនមានឱកាសចូលហាត់ការ និងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយ។  ធ្វើការងារយកប្រាក់ខែបានមួយរយៈ នៅដើម​ឆ្នាំ ២០១៤​​ លោក​ ឈីម ក៏បានបោះ​បង់​ការងារ​ប្រាក់ខែ​ខ្ពស់ មក​ស្រវា​ចាប់​ឱកាស​រកស៊ី​លក់​កាហ្វេ​តាម​ផ្លូវ​ ឬហៅថាកាហ្វេចល័តតាមរទេះ។

គិតមកទល់ពេលនេះ ​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​ និងហាងយីហោខ្មែរ “​Mobile Coffee” បានពង្រីកខ្លួនជាលំដាប់ និងកំពុងឈរជើងបានជាង ១០សាខា ហើយត្រៀមនឹងពង្រីកសាខាបន្ថែមឱ្យបាន ១០ទៀត ទោះស្ថិតក្នុងស្ថានភាពរាតត្បាតនេះជំងឺកូវីដ១៩ ក៏ដោយ។

ក្នុងផ្នត់គំនិតជាសហគ្រិន និងជាអ្នកបង្កើតយីហោហាងកាហ្វេរបស់ខ្មែរ ម៉ូបាលកាហ្វេ លោក យ៉ែម ឈីម បានដាក់នូវមហិច្ឆិតាធំលើអាជីវកម្មលក់កាហ្វេនេះថា៖ “​គោលដៅរបស់ក្រុមហ៊ុនលោក គឺ ពង្រឹង និង ពង្រីកឱ្យកាន់តែធំ កាន់តែលេចធ្លោ រឹងមាំក្នុងវិស័យកាហ្វេ ដើម្បីរួមចំណែកលើកស្ទួយ ប្រ៊េនរបស់ខែ្មរ”៕

870 Shares
Copy link
Powered by Social Snap