• Mon. Mar 14th, 2022

គោលការណ៍គន្លឹះ ៤ជាយុទ្ធសាស្រ្តអាជីវកម្មដែលធ្វើឲ្យ Coca-Cola ឈរជើងលើទីផ្សារកម្ពុជាបានរាប់សិបឆ្នាំ

246 Shares

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឈាន​​មុខ​គេនៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈក្រុមហ៊ុនក៏ទទួលបាននូវភាពជោគជ័យដ៏សំបើមនៃចំណែកទីផ្សារដ៏ធំក្នុងឧស្សាហកម្មផលិតភេសជ្ជៈ។

ភេសជ្ជៈ​ Coca-Cola ប្រភេទដប​ត្រូវ​បាននាំចូល​មក​លក់​ក្នុង​ប្រទេស​កម្ពុជាជាលើកដំបូងនៅដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០ មកម៉្លេះ ប៉ុន្តែក្រុមហ៊ុនភេសជ្ជៈកម្ពុជាទើបតែចាប់ផ្តើម​ផលិត​ភេសជ្ជៈរបស់ខ្លួនក្នុងឆ្នាំ១៩៩៣ ដែលមានរោងចក្រស្ថិតក្នុង​ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈភាពជោគជ័យក្នុងទីផ្សារដោយទទួលបានការគាំទ្រច្រើនពីអតិថិជនឥតឈប់ឈរ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនបានបោះទុនវិនិយោគលើការ​សាងសង់​រោងចក្រ​ផលិត​ភេសជ្ជៈ​ថ្មីដែលមាន​តម្លៃ ១០០លានដុល្លារអាមេរិក ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គឺជា​រោងចក្រផលិតដ៏​ទំនើបបំផុត និងរចនាតាមបែបមេត្រីភាពបរិស្ថានក្នុងប្រទេសកម្ពុជា

នាពេលកន្លងទៅ ក្រុមហ៊ុនក៏បានប្រកាសពីភាពជោគជ័យធំបំផុត ដែលមានការប្ដេជ្ញាចិត្តរយៈពេលវែងច្បាស់លាស់នៅក្នុងការចូលរួមសម្រេចឱ្យបាននូវភាពជោគ​ជ័យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសម្រាប់​ប្រទេស​កម្ពុជាផងដែរ។

លោក David Wigglesworth អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជាបានឲ្យដឹងថា៖ “យើងខ្ញុំមានចក្ខុវិស័យក្នុងការបង្កើតម៉ាកយីហោ និងផ្តល់ជម្រើសភេសជ្ជៈជាច្រើនប្រភេទដែលប្រជាជនកម្ពុជាចូលចិត្ត ព្រមទាំងផ្តល់នូវភាពស្រស់ស្រាយទាំងផ្នែករាងកាយ និងស្មារតីជូនដល់ពួកគាត់ផងដែរ”។

លោកបន្តថា យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងអាជីវកម្មមួយប្រកបដោយនិរន្តរភាព ដើម្បីកសាងអនាគតរួមគ្នាដ៏ល្អ និងកាន់តែល្អប្រសើរ សម្រាប់ការរស់នៅរបស់ប្រជាជន  សហគមន៍ និងពិភពលោកទាំងមូល។

ឧកញ៉ាញូស៍ សូមបង្ហាញគោលការណ៍គន្លឹះ ៤ចំណុចជាយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន Coca-Cola ដែលបានឈរជើងជាង៦ទស្សវត្សរ៍នៅស្រុកខ្មែរ៖

១.បុគ្គលិក​​មានភាពចម្រុះ

យើង​ជឿជាក់​លើ​ការ​ផ្តល់ភាពអង់អាច​ដល់​បុគ្គលិក​របស់​យើង ការ​បង្កើត​ឱកាស​ស្មើ​គ្នា និង​កសាងបរិយាបន្ន។ ពិពិធភាព (ភាពចម្រុះផ្សេងគ្នា) និងបរិយាបន្ន ​គឺជា​ចំណុចស្នូល​នៃ​គុណ​តម្លៃ និង​យុទ្ធសាស្រ្ត​កំណើន​របស់ក្រុមហ៊ុន កូកា-កូឡា ព្រមទាំង​ដើរ​តួនាទីយ៉ាង​សំខាន់នៅក្នុងការធានា​ភាព​ជោគ​ជ័យរបស់​ក្រុមហ៊ុន។

សម្រាប់​ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ការ​រៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែង​ធ្វើការ​ដែលមានវប្បធម៌បរិយាបន្ន គឺជាចំណុច​អាទិភាពនៅក្នុង​អាជីវកម្ម​បែប​យុទ្ធសាស្រ្ត​ ​ដែល​ជំរុញឱ្យមាន​ភាព​ច្នៃ​ប្រឌិត​ នវានុវត្តន៍ និង​ការ​​ភ្ជាប់ទំនាក់ទំនង​កាន់តែល្អប្រសើរជាមួយ​សហគមន៍​ដែល​យើង​ធ្វើប្រតិបត្តិការ។

២.ការផ្ដល់ភាព​អង់​អាចដល់ស្រ្តី

​ភាពចម្រុះនៃក្រុមការងាររបស់កូកា-កូឡា គឺអនុវត្តយ៉ាងសកម្មនៅក្នុងការ​លើក​កម្ពស់បុគ្គលិក​ស្រ្តី​ឱ្យ​ឡើងកាន់​​តួនាទី​ជាន់​ខ្ពស់ នៅ​ក្នុង​មុខដំណែងគណៈគ្រប់​គ្រង ឬនៅ​ក្នុង​តួនាទីផ្សេងៗ ​ដូចជា​អ្នក​បើក​បរ​រថយន្ត​ដឹកទំនិញ និង​អ្នក​បើក​បរ​រថយន្ត​លើក​ទំនិញ ដែល​ជា​ទូទៅ​ត្រូវ​បាន​កត់សម្គាល់​ឃើញថាជា​ប្រភេទការងារសម្រាប់​បុរស។

បើតាមរបាយការណ៍ក្រុមហ៊ុន កូកា-កូឡា បានបញ្ជាក់ថា បច្ចុប្បន្ន បុគ្គលិកស្រ្តីរបស់យើងមានចំនួន 30% ហើយ​យើងកំពុងតែខិតខំប្រឹងប្រែងបន្តទៀត​ដើម្បី​បង្កើន​ចំនួននេះ​ឱ្យ​ដល់ 50% នៅ​ក្នុង​រយៈពេល 5 ​ឆ្នាំ​ខាង​មុខ។ យើង​កំពុងអនុវត្តកម្មវិធី​ពិសេសៗ​ ដើម្បី​បង្កើត​ស្មារតី​សហគមន៍ និងគាំទ្រ​ស្រ្តី​នៅក្នុងចំណោមបុគ្គលិករបស់​យើង។

៣.វប្បធម៌​ក្រុមហ៊ុន

សម្រាប់​ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ការ​រៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែង​ធ្វើការ​ដែលមានវប្បធម៌បរិយាបន្ន គឺជា​យុទ្ធសាស្រ្តអាទិភាពនៅក្នុង​អាជីវកម្ម ​ ​ដែល​ជំរុញឱ្យមាន​ភាព​ច្នៃ​ប្រឌិត​ នវានុវត្តន៍ និង​ការ​​ភ្ជាប់ទំនាក់ទំនង​កាន់តែល្អប្រសើរជាមួយ​សហគមន៍​។​

ក្រុមហ៊ុន​មិន​មែនត្រឹមតែមានបំណងក្នុងការ​ឆ្លុះ​បញ្ចាំងអំពីភាព​ចម្រុះ​នៃ​សហគមន៍​កំពុង​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏មានគោលដៅក្នុងការ​ដឹក​នាំ និង​គាំទ្រឱ្យមានអនាគត​រួមកាន់តែល្អ​ប្រសើរ​ផងដែរ។

កូកា-កូឡា បានបន្ថែមថា យើង​តែងតែលើក​ទឹកចិត្ត​ឱ្យបុគ្គលិករបស់យើង​សួរសំណួរផ្សេងៗដែល​ពាក់ព័ន្ធនឹង​អ្នក​ប្រើប្រាស់ អតិថិជន ដៃគូ​របស់​យើង ព្រមទាំងអំពី​មជ្ឈដ្ឋាននៅជុំវិញ​ខ្លួន​យើងផងដែរ។ យើងស្រាវជ្រាវ ស្វែង​យល់ ភ្ជាប់ទំនាក់ទំនង ប្រើគំនិត និងរិះរកវិធីសាស្រ្តដែលនាំមកនូវភាពល្អប្រសើរជាងមុន។ 

៤.អនាគតរួមគ្នា​

ថ្នាក់ដឹកនាំនិងក្រុមហ៊ុនតែងតែប្រកាន់​ជឿជាក់​លើ​ការ​ទទួល​យកតួនាទី​ដឹកនាំ​ក្នុងគម្រោង​ពិភព​លោក​គ្មាន​សំរាម តាមរយៈការ​ធ្វើ​ឱ្យ​សំបកវេច​ខ្ចប់​ក្លាយ​ជា​សេដ្ឋកិច្ចវិលជុំ។ នៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ក្រុមហ៊ុនផលិត​ដប​ទឹក​បរិសុទ្ធ Dasani​ ​ចេញពី​សំណល់​​ប្លាស្ទិកដែលអាច​កែច្នៃ​ឡើងវិញបាន ហើយនឹងកំពុងសហការជាមួយ​​រដ្ឋាភិបាល និង​ដៃគូ​វិស័យ​ឯកជន ដើម្បី​លើក​កម្ពស់​ការ​កែ​ច្នៃឡើងវិញ​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ដោយ​បាន​បង្កើត​ជាមជ្ឈមណ្ឌល​កែច្នៃឡើងវិញ​នៅតាម​សាលា​រៀននៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អប់រំ​ និង​ជំរុញ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ឱ្យ​ចូលរួមនៅក្នុងការលើកកម្ពស់អនាគតរួមគ្នាកាន់តែល្អ​ប្រសើរ។

កូកា-កូឡា បញ្ជាក់ថា ផ្ទាំងសូឡា​​​នៅ​លើ​ដំបូល​រោងចក្រ​របស់​យើ​ងនៅរាជធានី​ភ្នំពេញអាចផ្តល់​ថាមពល 30% នៃ​តម្រូវការ​ថាមពល​របស់​យើង ចំណែកប្រព័ន្ធប្រព្រឹត្តិកម្ម​ទឹកកខ្វក់​របស់​យើងត្រូវបានរៀបចំឡើងដើម្បី​ធានាថា ដំណើរការផលិតរបស់យើងនឹង​មិន​បញ្ចេញ​​ទឹកកខ្វក់ចូលទៅ​ក្នុងបរិស្ថាន​វិញឡើយ៕

246 Shares
Copy link
Powered by Social Snap