• Fri. Mar 18th, 2022

មុន​ឈប់​ពី Amazon មហាសេដ្ឋី​លេខ ១ លោក Jeff Bezos ប្រាប់​បទ​ពិសោធន៍​ ២៧​ ឆ្នាំ ចេញ​រក​ស៊ី​ជំនួញកុំ​ឲ្យស្តាយក្រោយ​

11 Shares

កាលពី​ឆ្នាំ ១៩៩៤ Amazon គ្រាន់តែ​ជា​គេហទំព័រ​លក់​សៀវភៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុណ្ណោះ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​​នេះ​មាន​មាន​តម្លៃ​ដល់ទៅ​ ១,៧ ទ្រី​លាន​ដុល្លារ​ ហើយ​ស្ថាបនិក​ដែល​បង្កើត​វា​ឡើង​គឺ Jeff Bezos ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក​គឺ​ជិត ២០០ ពាន់​លាន​ដុល្លារ។

សម្រាប់​រយៈពេល ២៧ ឆ្នាំ​នៃ​ភាព​ជោគជ័យ​​មាន​មក​ទល់​សព្វថ្ងៃ ច្បាស់​ណាស់​មាន​មេរៀន​ជាច្រើន​ដែល​លោក​ទទួល​បាន​ច្រើន​រាប់​មិន​អស់​ទាំង​មេរៀន​អាក្រក់​ និង​មេរៀន​ល្អ​ យ៉ាងណាមិញ​ សម្រាប់​អត្ថបទ​មួយ​នេះ​យើង​សូម​ធ្វើការ​ចែក​រំលែក​នូវ​បទពិសោធន៍​ល្អ ៥ ដែល​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ និង​ផ្គត់ផ្គង់​យាន​អវកាស​ Blue Origin បាន​ចែក​រំលែក​ដូច​តទៅ៖

1/ ហ៊ាន​ប្រថុយ​ហានិភ័យ

“នៅពេល​ដែល​អ្នក​មាន​វ័យ ៨០ ឆ្នាំ​ ហើយ​អ្នក​គិត​អំពី​រឿង​ស្ដាយក្រោយ​ក្នុង​ឆាក​ជីវិត ភាគច្រើន​រឿង​អស់ទាំង​នោះ​គឺ​សុទ្ធតែ​ជា​អ្វី​ដែល​អ្នក​មិនធ្លាប់​ធ្វើ។ វា​កម្រ​ណាស់​ដែល​អ្នក​ស្ដាយក្រោយ​នូវ​អ្វី​ដែល​អ្នក​ធ្លាប់ធ្វើ​តែ​បរាជ័យ”។ នេះ​បើ​តាម​សម្ដី​របស់ Bezos ប្រាប់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ឆ្នាំ ២០១៨។

ទស្សនៈ​ខាងលើ​គឺ​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​ឲ្យ Bezos បង្កើត​បាន​ Amazon ឡើង។​ នៅពេល​ដែល​លោក​មាន​វ័យ ៣០ ឆ្នាំ Bezos បាន​ចូលរួម​ពិព័រណ៍​ការងារ​មួយ ហើយ​លោក​បាន​មើលឃើញ​ពី​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ក៏​មាន​គំនិត​បង្កើត​ហាង​សៀវភៅ​អនឡាញ​ឡើង។

យ៉ាងណាមិញ បើ​ទោះ​ជា​មាន​ការយល់​ស្រប​ពី​ចៅហ្វាយនាយ​ តែ Bezos នៅ​ត្រូវ​បាន​គេ​ផ្ដល់​យោបល់​ឲ្យ​បោះបង់​គំនិត​មួយ​នេះ​ ព្រោះ​វា​មាន​ហានិភ័យ​ពេក​ហើយ​គេ​គួរ​រក្សា​ការងារ​ដែល​មាន​នា​ពេលនោះ​ជាង។ តែ Bezos ជំនះ​ធ្វើ​វា​ទាល់តែបាន ដោយ​នៅ​ឆ្នាំ ១៩៩៤ គាត់​បាន​ចាប់ផ្ដើម​គម្រោង និង​នៅ​ខែកក្កដា ១៩៩៥ គេហទំព័រ​ Amazon បាន​លេច​រូបរាង​ជា​ផ្លូវការ​។

2/ ត្រូវ​ចេះ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​លឿន និង​ត្រឹមត្រូវ

គន្លឹះ​សំខាន់​នៃ​ការ​រក្សា​ស្ថិរភាព​នៃ​ជំនួញ​ឲ្យបាន​គង់វង្ស​គឺ ការសម្រេចចិត្ត​ដែល​មាន​ភាព​ត្រឹមត្រូវ​ និង​រហ័ស។ នេះ​បើ​តាម​សម្ដី​របស់ Bezos ឧស្សាហ៍​និយាយ​តាម​សារព័ត៌មាន​។

“រាល់​ការសម្រេចចិត្ត​ទាំង​ក្នុង​វិស័យ​ជំនួញ និង​ជីវិត​របស់ខ្ញុំ គឺ​តែង​ធ្វើ​ចេញ​ពី​បេះដូង​ វិចារណញ្ញាណ​ និង​ស្មារតី​ មិនមែន​ធ្វើ​ចេញ​ពី​ការវិភាគ​ច្រើន​អ្វី​ឡើយ​”។ នេះ​បើ​តាម​សម្រង់​សម្ដី​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​កម្មវិធី Economic Club Washington D.C. កាលពី​ឆ្នាំ ២០១៨ របស់ Bezos។

3/ ត្រូវ​ចេះ​ស្វែង​រក​ចំណូលចិត្ត​ផ្ទាល់ខ្លួន​

ការ​ដែល​ចេះ​ស្វែង​រក​ចំណូលចិត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក​ គឺ​ជា​ចំណុច​គោល​នៃ​ភាព​ជោគជ័យ ហើយ​នេះ​គឺ​ជា​អ្វី​ដែល Bezos តែង​ទូន្មាន​បុគ្គលិក​ក្រោម​ឱវាទ​របស់​លោក ក៏​ដូច​ជា​កូនៗ​ទាំង ៤ នាក់​ផង​ដែរ។

“អ្នក​អាច​មាន​ការងារ ឬ​មុខ​ជំនួញ​អ្វី​មួយ ហើយ​ប្រសិន​បើ​អ្នក​រក​ឃើញ​ពី​ចំណូលចិត្ត​ពិតប្រាកដ​ថែមទៀត នោះ​អ្នក​ហាក់​ដូច​ជា​ត្រូវ​រង្វាន់​ធំ​អញ្ចឹង​ ដ្បិត​វា​គឺ​ជា​រឿង​សំខាន់​បំផុត”។

នៅពេល​លោក​បង្កើត Amazon មហាសេដ្ឋី​រូប​នេះ​ទម្លាយ​ថា ​ចំណូលចិត្ត​របស់​លោក​គឺ​ចង់​បង្កើត​អ្វី​ថ្មី ហើយ​កាលពី​ពេល​ថ្មីៗ​នេះ Bezos ទម្លាយ​ថា​ក្ដី​ស្រមៃ​ធំ​មួយ​ទៀត​ក្នុង​ឆាក​ជីវិត​គឺ​ចង់​ទៅ​លំហ​អាកាស។

Bezos បាន​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ការសាងសង់​ក្រុមហ៊ុន​ផលិត​យាន​អវកាស Blue Origin ហើយ​រឿង​តំបូង​បង្អស់​ដែល​លោក​ចង់​ធ្វើ​ បន្ទាប់ពី​លាលែង​តំណែង​ជា CEO នៃ​ Amazon គឺ​​នឹង​ក្លាយជា​អវកាសយានិក​ដឹក​អ្នកដំណើរ​ដំបូង​ជាមួយ​ប្អូនប្រុស​របស់​លោក​នៅ​ថ្ងៃ ២០ កក្កដា​ខាងមុខ​។

4/ ត្រូវ​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ និង​ភាព​មិន​ច្បាស់លាស់

អាជីវកម្ម​របស់​​ Amazon គឺ​ពឹង​ផ្អែក​ទៅលើ​ប្រសិទ្ធភាព និង​សេវាកម្ម​ ដោយ​អតិថិជន​ធ្វើការ​កុម្ម៉ង់​ឥវ៉ាន់​ច្រើន​មុខ ហើយ​រំពឹង​ថា​វា​នឹង​មក​ដល់​មុខ​ផ្ទះ​របស់​ពួកគេ​ក្នុង​រយៈពេល ២-៣ ថ្ងៃ​ ឬ​តិចជាង​នេះ។ តែ Bezos បែរជា​យល់ឃើញ​ថា ភាព​មិន​ច្បាស់លាស់​ ឬ​មិន​ល្អ​ឥតខ្ចោះ​បន្តិច គឺ​ជា​គន្លឹះ​នៃ​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

“ភាព​មិន​ច្បាស់លាស់ គឺ​ជា​ហេតុផល​សំខាន់​ដែល​ផ្ទុយគ្នា​នឹង​ប្រសិទ្ធភាព ហើយ​អ្នក​ចាំបាច់​ត្រូវ​ការ​វា​ទាំង ២។ ពេល​ខ្លះ​នៅ​ក្នុង​ជំនួញ អ្នក​តែង​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ហើយ​នៅ​ពេល​ចាប់ផ្ដើម​ធ្វើ​វា អ្នក​នឹង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់”។

“ផ្ទុយ​ទៅ​វិញ ភាព​មិន​ច្បាស់លាស់​ក្នុង​វិស័យ​ជំនួញ​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ តែ​វា​ក៏​មិន​អត់​ប្រយោជន៍​ដែរ។​ វា​គឺ​ជា​អ្នក​នាំ​ផ្លូវ ដោយ​បណ្ដុះ​ចេញ​ជា​គំនិត​ថ្មី ស្មារតី​រឹងមាំ​ជាង​មុន ការ​ងឿងឆ្ងល់​ ដែល​អាច​ឲ្យ​យើង​ដឹង​បាន​ថា ភាព​រីករាយ​របស់​អតិថិជន​គឺ​វា​សម​តម្លៃ​ នឹង​ភាព​រញ៉េរញ៉ៃ​ដែល​យើង​ឆ្លង​កាត់​កន្លង​មក។

មេរៀន​សំខាន់​មួយ​ដែល Bezos ចែក​រំលែក​គឺ ភាព​ជោគជ័យ​ទទួល​បាន​តាម​រយៈ​ ការ​បង្កើត​ថ្មី បើក​ដំណើរការ ​ធ្វើថ្មី​ម្ដងទៀត​ ដាក់​ដំណើរការ​ម្ដងទៀត និង​ធ្វើ​បែបនេះ​រហូត។

5/ កុំ​បាត់បង់​ភាព​ផ្ទាល់ខ្លួន​ដែល​មាន​ប្លែក​ពី​គេ​

“ពួក​យើង​សុទ្ធ​តែ​ដឹង​អំពី​ភាព​ខុសប្លែក​ពី​អ្នក​ដទៃ ភាព​ជា​ខ្លួនឯង គឺ​មាន​តម្លៃ​ខ្លាំង​ណាស់។​ពួក​យើង​គឺ​ត្រូវ​បាន​បង្រៀន​ឲ្យ​ “ធ្វើ​ជា​ខ្លួនឯង”​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​គ្រប់គ្នា​នោះ​គឺ​ព្យាយាម​រក្សា​ និង​គ្រប់គ្រង​ភាព​ជា​ខ្លួនឯង​កុំ​ឲ្យ​បាត់បង់។ គ្រប់គ្នា​ចង់​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ទៅ​តាម​បែបផែន​ផ្សេងៗ​គ្នា តែ​សូម​កុំ​ឲ្យ​វា​កើត​មាន​ឡើង​ឲ្យ​សោះ”។

Bezos បាន​អះអាង​ថា វា​សម​តម្លៃ​នៃ​ការ​រក្សា​ភាព​ខុសប្លែក​ពី​អ្នកដទៃ​ បើ​ទោះ​ជា​វា​ទាមទារ​ការ​ខិតខំ​ព្យាយាម​ច្រើន​ក៏​ដោយ៕

ប្រភព: cnbc

11 Shares
Copy link
Powered by Social Snap