• Sat. Mar 12th, 2022

លោក យ៉ន សេងហាន ពីគ្រូបង្រៀនព្រះវិន័យបិដកព្រះពុទ្ធសាសនាដ៏កម្រប្រែក្លាយមកជាឧកញ៉ា គ្រប់គ្រងមុខជំនួញជាច្រើនក្នុងដៃ

7.2K Shares

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក និងជាគ្រូបណ្តុះបណ្តាលភាពជាអ្នកជោគជ័យ មុខជំនួញ និងការងាររបស់លោកទាំងពីរនេះជឿថា មានអ្នករកស៊ីខាងអចលនទ្រព្យ ពិតជាបានស្គាល់លោកច្បាស់ណាស់ ក៏ប៉ុន្តែប្រហែលជានៅមិនទាន់ស្គាល់ទេពីដំណើរជីវិតពិតរបស់លោកថាយ៉ាងណានោះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

មុនទទួលបានគោរមងារដ៏ឧដ្តុងឧត្តមជាឧកញ៉ា និងគ្រប់គ្រងអាណាចក្រជំនួញជោគជ័យជាច្រើនដូចសព្វថ្ងៃនេះ លោក យ៉ន សេងហាន កើតក្នុងគ្រួសារកសិករ មានបងប្អូនចំនួន ៩នាក់ ខណៈលោកគឺជាកូនទី៥ រស់នៅភូមិទីមួយ ឃុំកំពង់ទ្រាស់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម តែក្រោយមករដ្ឋាភិបាលបានកាត់បំបែកចេញមកជាខេត្តត្បូងឃ្មុំថ្មី កាលពីកុមារភាពរបស់លោករស់នៅជាមួយឪពុកម្តាយក្រីក្រលំបាកសឹងតែរកអ្វីហូបគ្មាន ដោយពេលខ្លះលោកហូបក្តួចនិងពោតលាយជាមួយបាយផងក៏មាន ដែលទាំងនេះគឺជាបទពិសោធន៍ដ៏ជូរជត់របស់លោក។

លោកឧកញ៉ា យ៉ន សេងហាន បានលើកឡើងថា៖ “បញ្ហានិងឧបសគ្គជាច្រើនដែលជួបកន្លងមកគឺធ្វើឲ្យលោករឹងមាំ ប្រសិនបើខ្ញុំមិនបានជួបរឿងរ៉ាវទាំងអស់នឹងទេ ឆាកជីវិតរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ ការខិតខំប្រឹងប្រែងរបស់ខ្ញុំប្រហែជាអាចមានកម្រិត តែដោយសារភាពពិបាកវេទនាក្រីក្រឪពុកម្តាយលំបាកខ្លាំងហ្នឹងហើយ ដែលធ្វើឲ្យលោកមានការតស៊ូ។”

ជីវភាពគ្រួសារលំបាកខ្លាំងពេក លោកបានទៅរៀនសូត្រនៅវត្ត ក្នុងឆ្នាំ ១៩៩៩ បន្ទាប់មកលោកក៏សម្រេចិត្តសុំលោកឪពុកម្តាយបួសជាព្រះសង្ឃដើម្បីបានសិក្សារៀនសូត្រ បន្ទាប់ពីបួសបានមួយរយៈសាមណេរ យ៉ន សេងហាន ចេញពីស្រុកកំណើតមកបន្តការសិក្សានៅវត្តគល់ទទឹង រាជធានីភ្នំពេញជាមួយលោកគ្រូធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន។ ដោយការខិតខំមិនបោះចោលការព្យាយាម បានប្រែក្លាយលោកមកជាអ្នកមានចំេណះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាដ៏ជំនាញមួយរូបនៅកម្ពុជា ហើយក្នុងឆ្នាំ ២០០១ លោកក៏ទទួលភារៈកិច្ចជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដក នៅវត្តធុតង្គចំការដូង រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើជាគ្រូបង្រៀនព្រះវិន័យបិដកបាន ២ឆ្នាំ លោកក៏ទៅដឹកនាំនិងទទួលភារៈជាចៅអធិការវត្តបន្ទាយថ្មី ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយជានិច្ចកាលតែងតែនិមន្តផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទឲ្យបានយោបល់ដឹងប្រកបដោយបញ្ញា។

លោកថា នៅក្នុងឆ្នាំ២០០៤ ជាអកុសលសុខភាពរបស់លោកចុះទ្រុធទ្រោមនិងមានជំងឺឈឺច្រើនផង ក៏សម្រេចចិត្តលាចាកសិក្ខាបទមកជាគ្រហស្ថវិញ (សឹកមកជាមនុស្សសាមញ្ញ) ក្រោយសឹកភ្លាម លោកបន្តអាជីពជាគ្រូបង្រៀន ប៉ុន្តែបានប្តូរជំនាញមកបង្រៀនភាសាអង់គ្លេសកម្រិតទាបវិញម្តង។

ជីវិតនិងពេលវេលាចេះតែដើរទៅមុខឥតឈរនោះ មិនបង្អង់យូរឡើយ លោក យ៉ន សេងហាន ក៏បានចូលបំរើការងារផ្នែកព្រីនឯកសារគូបពី (Copy) នៅម្តុំបាក់ទូក ប៉ុន្តែដោយលោកជាមនុស្សចង់ចេះចង់ដឹង ក៏លៃពេលវេលារៀនផ្នែកកុំព្យុទ័របណ្តើរធ្វើការបណ្តើរ ក្រោយមកលោកបានក្លាយជាគ្រូបង្រៀនកុំព្យុទ័រ។ ធ្វើជាគ្រូបង្រៀនកុំព្យុទ័របានមួយរយៈលោកទៅចាប់អាជីពថ្មីមួយទៀត គឺជាអ្នកបកប្រែឯកសារភាសាថៃ ហើយកាលណោះលោកក៏ចូលរួមបកប្រែគម្ពីរអភិធម្មជាភាសាថៃមកភាសាខ្មែរ ដោយសារលោកធ្លាប់ជាគ្រូបង្រៀនព្រះអភិធម្មផងនោះ។

ជំឈានបន្ទាប់ លោក សេងហាន បានចូលបំរើការងារក្នុងវិស័យឯកជនជំនាញទីផ្សារអស់រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០០៥ ដល់ ឆ្នាំ ២០០៩។

លោក យ៉ន សេងហាន បានលើកឡើងនូវប្រវត្តិជូរជត់មួយ កាលពី១៣មុន ដែលកាលនោះលោកបានរៀបអាពាហ៍ពិពាហ៏ សូម្បីថ្លៃទឹកដោះបង្គាប់១៥០០ដុល្លារ ក៏លោកគ្មានគ្រប់ មានតែ៦០០ដុល្លារ (ជំពាក់គេ៩០០ដុល្លារ)  និងមានតែ១០ម៉ឺនរៀលតស៊ូរស់ជាមួយភរិយា ដោយជាប់បំណុលគេជាច្រើន ពីព្រោះតែម្ដាយឪក្មេក យកលុយគេមករៀបការអោយ។

ធ្វើការឲ្យគេរាប់សិបឆ្នាំហើយ ដូចជាមិនមានការរីកចម្រើន ក្នុងឆ្នាំ២០០៩ លោក សេងហាន សម្រេចបោះបង់ចោលការងារជាមួយប្រាក់ខែថេរ ចេញមករកស៊ីលក់ខោអាវ ស្បែកជើង និងគ្រឿងសម្អាង មុខរបរទាំងនេះមិនទទួលបានជោគជ័យលោកបានប្តូរមុខរបរជាច្រើន។ ជាមនុស្សចង់មានចង់បាន និងមានបេះដូងដើម្បីជួយដល់សង្គមផងនោះ ក្នុងឆ្នាំ២០១៣ លោកសម្រេចបើកក្រុមហ៊ុនអាហារបំប៉ន ហើយក្រោយមកទទួលបានជោគជ័យជាបន្តបន្ទាប់។

ដើមឆ្នាំ២០១៨ លោកបានហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យទាំងគម្រោងពុះដីឡូតិ៍ និងគម្រោងសាងសង់បុរី ក្រោយមកលោកក្លាយខ្លួនជាបុគ្គលជោគជ័យ ត្រឹមរយៈពេលខ្លី។

បន្ទាប់ពីហែលឆ្លងជីវិតពោរពេញដោយការតស៊ូស្ទើរតែពាក់កណ្ដាលនៃជីវិតមក លោកក៏ទទួលបានជោគជ័យទាំងក្នុងវិស័យអចលនទ្រព្យ និងជាគ្រូបណ្តុះបណ្តាលអាជីវកម្មជោគជ័យ មិនតែប៉ុណ្ណោះលោកបានចូល​រួម​ចំណែក​ជួយ​​ដល់​សង្គម​ជាតិ​ជា​ច្រើននា​ពេល​កន្លង​មកក្នុងកិច្ចការមនុស្សធម៌។ លោក យ៉ន សេងហាន អគ្គនាយក​ក្រុមហ៊ុន សេងហាន ​ដែលផ្តើមចេញពីជីវិតអ្នកលក់ស្បែកជើងនៅមុខរោងចក្ររូបនេះក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ នស/រតក/០២២០/២២៨ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា យ៉ន សេងហាន គ្រប់គ្រងអាណាចក្រជំនួញធំៗចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ជី កសិកម្ម ក្រុមហ៊ុនអាហារបំប៉នជាប្រភេទឪសថបុរាណ ក្រុមហ៊ុនអចលនទ្រព្យ និងស្ថាប័នបណ្តុះបណ្តាលធនធានមនុស្ស។

លោកឧកញ៉ា យ៉ន សេងហាន បានលើកហេតុផលដែលជាកក្តាដ៏សំខាន់ក្នុងការជម្រុញលើកទឹកចិត្តឲ្យលោកមកដល់សព្វនេះ គឺមានគោលបំណងដើម្បីជួយជាតិ តាមរយៈការបណ្តុះធនធានមនុស្ស ព្រោះធនធានមនុស្សគឺជាផ្នែកមួយសំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រទេស។ ពិសេសទៀត ដោយសារលោកធ្លាប់អត់ពិបាកក្រក្រី ហើយលោកភាគច្រើនបាននៅជាមួយអ្នកអត់ដូចគ្នា ដូច្នេះលោកយល់ដឹងច្រើនណាស់ពីភាពលំបាក។

លោកថ្លែងថា៖ “ដូច្នេះហើយបានជាខ្ញុំព្យាយាមបណ្តុះបណ្តាលបំផុសលើកទឹកចិត្តមនុស្សជុំវិញខ្លួនឲ្យមានការតស៊ូ មានគោលដៅ និងមានផែនការក្នុងជីវិតច្បាស់លាស់ ទាំងនេះជាហេតុផលដែលជំរុញឲ្យខ្ញុំប្រឹងប្រែងទាំងថ្ងៃទាំងយប់បង្កើតអាជីវកម្មឡើងដើម្បីកាត់បន្ថយការចំណាក់ស្រុក។”

លោកបន្តថា ប្រសិនបើត្រឹមម៉ាចាយវាយគឺខ្ញុំអត់ប្រឹងដូចសព្វថ្ងៃនេះទេ ព្រោះខ្ញុំគិតថាជីវិតកើតមកដែលមានតម្លៃនោះគឺអាស្រ័យលើយើងជួយអ្នកដទៃឲ្យរីកចម្រើនដែរ។

លោកបន្ថែមថា៖ សព្វថ្ងៃនេះខ្ញុំប្រឹងស្ទើរ ៨០%ហើយ គឺដើម្បីតែសង្គម និងមនុស្សជុំវិញខ្លួន ដែលអាចឲ្យពួកគាត់ងើបឈរឡើងដោយខ្លួនឯង ដូចអ្វីដែលខ្ញុំបានធ្វើកន្លងមក។ ព្រោះយើងដឹងថា ភាពក្រីលំបាកនឹងគឺវាជារឿងស្មុគស្មាញមួយនៅក្នុងជីវិតពូជអំបូរ វាមិនត្រឹមតែខ្លួនយើងមួយនោះ ប៉ុន្តែវាបានបន្តធ្វើឲ្យពិបាកគ្រប់ជំនាន់ ចឹងខ្ញុំប្រឹងប្រែងការងារនឹង ដើម្បីឲ្យពួកគាត់ស្តា និងកែប្រែប្រវត្តិសាស្រ្តចាប់ផ្តើមពីថ្ងៃនេះតទៅ មិនខ្វល់ថាពូជគាត់មកពីណា ពីមិនមុនយ៉ាងម៉េចនោះទេ គឺកែប្រែចាប់ពីម៉ោងនេះទៅដើម្បីជួយអ្នកដទៃឲ្យបានជោគជ័យដែរ៕

7.2K Shares
Copy link
Powered by Social Snap