• Tue. Mar 15th, 2022

តើប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ជានរណា?

288 Shares

កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលមិញ រដ្ឋសភាកម្ពុជា​​បានបោះឆ្នោតគាំទ្រ ​និងផ្តល់ទំនុក​ចិត្តឱ្យលោក ប្រាជ្ញ ចន្ទ​ ជាសមាជិក​គណបក្សប្រជាជន​កម្ពុជាធ្វើ​ជាប្រធានគណៈកម្មធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថ្មីជាផ្លូវការ​។​ បន្តទៅទៀត លោក​ប្រាជ្ញ ចន្ទ ​នឹងត្រូវចូលស្បថក្នុ​ងព្រះបរមរាជវាំង​ ដើម្បីឡើងកាន់ការងារ​ជាប្រធានគ.ជ.ប​ថ្មីនៅថ្ងៃនេះ។​

លោក ប្រាជ្ញ ចន្ទ​ ត្រូវបានជ្រើសរើស​ជាប្រធានថ្មី​គ.ជ.ប នេះ ​គឺជំនួសលោក ស៊ិក ប៊ុនហុក ​ដែលបានលាលែងកាលពី​ដើមខែមិថុនានេះ​ក្រោមហេតុផលសុខភាព​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើលោក ប្រាជ្ញ ចន្ទ ជានរណា?

មានវ័យ៦៤ឆ្នាំ លោកប្រាជ្ញ ចន្ទ ត្រូវបានក្លាយជាប្រធានថ្មីនៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប)។ លោកកើតនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត។ លោកបញ្ចប់​មធ្យមសិក្សាកម្រិត​​១​នៅក្នុងខេត្តកំពត ហើយបានមកបន្តបញ្ចប់មធ្យមសិក្សាកម្រិត​​២នៅក្នុងរាជធានីភ្នំពេញក្នុងសម័យសាធារណរដ្ឋខ្មែរមុនការមកដល់នៃរបបខ្មែរក្រហម។ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទាំង២កម្រិតនេះ លោកប្រាជ្ញ ចន្ទ ក៏បានបញ្ចប់​ការ​សិក្សា​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយថ្នាក់បរិញ្ញាបត្រ។

លោក ប្រាជ្ញ ចន្ទ មានបទពិសោធន៍ជោគជាំនៅក្នុងក្រសួងមហាផ្ទៃ។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០១ លោកបានកាន់ដំណែងជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ខេត្តនៃក្រសួងមហាផ្ទៃ ហើយក្រោយមកជាប្រធាន​នាយកដ្ឋានរ​ដ្ឋបាល​ទូទៅ ប​ន្ទាប់មកទៀតជាអគ្គនាយករង​នៃ​អគ្គ​នាយក​ដ្ឋា​ន​រដ្ឋបាល និងចុងក្រោយជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋ​បាលនៃក្រសួងមហាផ្ទៃ។

ចេញពីក្រសួងមហាផ្ទៃ លោកប្រាជ្ញ ចន្ទ បានទៅធ្វើជាអភិបាលខេត្តបាត់ដំបងចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០១៣ ហើយផ្លាស់ទៅធ្វើជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ខណៈដែលនៅពេលនោះរាជរដ្ឋាភិបាលសម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី។

ក្រោយមក លោកបានធ្វើជាតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និង ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មុនត្រូវបានជ្រើសរើសជាប្រធានគ.ជ.បថ្មីនាពេលនេះ៕

288 Shares
Copy link
Powered by Social Snap