• Sat. Mar 19th, 2022
2.7K Shares

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងកំពង់ផែជាលើកដំបូងនៅកម្ពុជា។ នេះគឺជាការឈានជើងមួយជំហ៊ានទៀតរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាលនិស្សិតជំនាន់ក្រោយ ដើម្បីទទួលបាននូវជំនាញបច្ចេកទេសពិតប្រាកដក្នុងការរួមគ្នាបំរើជាតិមាតុភូមិឲ្យកាន់រីកចម្រើនរុងរឿងល្បីខ្ទររន្ទឺដល់ពិភពលោក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការចំនួន ៤រូបរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមមាន៖

១.លោក ប្រាងហង្ស សេរីរិទ្ធ ប្រគល់ភារកិច្ចឱ្យបំពេញមុខងារជានាយករងវិទ្យាស្ថាន។ ឆ្នាំ២០១៩ លោកត្រូវបានការទុកចិត្ត​ពីថ្នាក់​ដឹកនាំ​ក្រសួង​ តែងតាំងជាប្រធាននាយកដ្ឋាន​សហប្រតិបត្តិការ​ភស្ដុ​ភារកម្ម​។ 

២. លោក យិន សិរីវុធ សម្រួលភារកិច្ចពីប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សាធារណការ និងដឹកជញ្ជូន ទៅជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍ

៣. លោកស្រី ប្រសើរ ម៉ូលីកា សម្រួលភារកិច្ចពីប្រធាននាយកដ្ឋាននីតិកម្ម មកជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹត្យការ។ លោកស្រី ប្រសើរ ម៉ូលីកា បានបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកបង្រៀនភាសាអង់គ្លេសសម្រាប់វិស័យច្បាប់ និងស្រាវជ្រាវនៅប្រទេសអូស្ត្រាលី និងជាសាស្រ្តាចារ្យភាសាអង់គ្លេស មានបទពិសោធន៍១០ឆ្នាំក្នុងវិស័យអបរ់រំសាធារណៈ ហើយជានារីខ្មែរប្រកបដោយមានភាពមុះមុតក្នុងការបង្កើតឲ្យមានការសិក្សាស្រាវជ្រាវជាទុនថ្មីៗ។

លោកស្រីបានចូលរួមបង្កើតអង្គការ MACA ដើម្បីតម្រង់ផ្លូវយុវវ័យក្នុងការជ្រើសរើសមុខវិជ្ជាសិក្សា ឲ្យសមស្របតាមទីផ្សារការងារ។

៤. លោកស្រី ញឹក ច័ន្ទវណ្ណារ៉ា ជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។

ជាមួយគ្នានោះ លោក ហឿន សំនៀង ក៏ត្រូវបានតែងតាំងជានាយកវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦៤១/៤៦៩ ចុះថ្ងៃទី១២ ខែមិថុនានេះ។ មុនទទួលបានភារៈកិច្ចដ៏សំខាន់នេះ លោកជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយករងខុទ្ទកាល័យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហឿន សំនៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ កាលនោះ លោកនៅជាព្រះសង្ឃនៅឡើយ។

លោក ហឿន សំនៀង ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប ដែលបានជួយកុមារកំព្រា កុមារគ្រួសារក្រីក្រ យុវជនយុវតី ស្ត្រីរងគ្រោះ និងងាយរងគ្រោះ ឱ្យមានជំនាញ និងបានចូលរៀនសិក្សាចប់ថ្នាក់ឧត្តមសិក្សា តាមរយ:គម្រោងនានា របស់សមាគម រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវ:កាត់ដេរ គម្រោងលើកកំពស់សម្រាប់សិស្សស្រីក្រីក្រកម្រិតវិទ្យាល័យ សាលាភាសារបរទេសវត្ដដំណាក់ ភូមិកុមារអភិវឌ្ឍន៍(មណ្ឌលក្មេងកំព្រា) និងគម្រោងអាហារូបករណ៍សម្រាប់ព្រះសង្ឃ។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន ក៏ដូចហេដ្ឋារចនាសម្ព័ន្ធនានាលើកដំបូងនៅកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ និងសម្ពោធជាផ្លូវការនូវវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។

ការបង្កើតធនធានមនុស្សជានយោបាយអាទិភាពមុនគេសម្រាប់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះកិច្ចប្រឹងប្រែងបង្កើតឱ្យមានវិទ្យាស្ថាននេះឡើង។ សម្តេចតេជោ រំពឹងថា វិទ្យាស្ថាននេះ នឹងបង្កើតបាននូវធនធានមនុស្សថ្មីលើជំនាញសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក៏ដូចជាកំពង់ផែជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្តីរំពឹងរបស់លោកក្រោយបង្កើតឱ្យមានវិទ្យាស្ថាននេះ គឺរយៈពេល៤ ទៅ៥ឆ្នាំក្រោយ កម្ពុជានឹងមានវិស្វករជាកូនខ្មែរកាន់តែច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពានដោយខ្លួនឯង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ធ្វើការបណ្តុះបណ្តាលនិស្សិត ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ បន្ថែមពីលើនោះ វិទ្យាស្ថានបានប្រមូលសាស្ត្រាចារ្យជំនាញមកបណ្តុះបណ្តាល និងបំពាក់ប្រព័ន្ធបច្ចេកទំនើបៗក្នុងការផ្តល់ចំណេះដឹងដល់និស្សិត។ វិទ្យាស្ថាន បានបង្កើតឱ្យឧបករណ៍ សម្ភារ និងមន្ទីរពិសោធន៍លើវិស័យស្ពាន និងថ្នល់ សម្រាប់ផ្តល់នូវការយល់ដឹងដល់និស្សិតឱ្យកាន់តែប្រសើរផងដែរ៕

2.7K Shares
Copy link
Powered by Social Snap