• Tue. Mar 15th, 2022

តើអាជ្ញាធរជាតិអប្សរា បង្កើតឡើងនៅឆ្នាំណា?

4 Shares

អាជ្ញាធរជាតិអប្សរា ឬ អាចហៅបានម្យ៉ាងទៀតថា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់អង្គរ (អ.ជ.អ) ត្រូវបានបង្កើតឡើងជាផ្លូវការ នាខែកុម្ភៈ ឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌនានា នៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុង សាន់តាហ្វេ (មិចសិចកូថ្មី) នៃសហរដ្ឋអាមេរិច។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើអាជ្ញាធរជាតិអប្សរាជាអ្វី និង មានបេសកកម្មធ្វើអ្វីខ្លះ?

អាជ្ញាធរជាតិអប្សរា ជាគ្រឹះស្ថានសាធារណៈមួយ ប្រកបដោយបុគ្គលភាពគតិយុត្តិ មានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ ។ អាជ្ញាធរជាតិអប្សរា មានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍទេសចរណ៍ នៃតំបន់ចំនួនប្រាំ ដែលកំណត់ក្នុងព្រះរាជក្រឹត្យលេខ ០០១ នស ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និង ចាត់ចែងតំបន់សៀមរាបអង្គរ។

១/តំបន់១ រមណីយដ្ឋានមានប្រាសាទៈ គឺតំបន់នានាដែលមានស្ថានីយបុរាណវត្ថុសំខាន់ៗ ហើយត្រូវទទួលកិច្ចការពារកំរិតខ្ពស់បំផុត។ ធម្មតាតំបន់ទាំងអស់នេះមានទំហំតូច តែចំពោះអង្គរវិញ ទោះមានផ្ទៃដ៏ធំធេងនោះក៏ត្រូវចាត់ចែងការពារចូលក្នុងកំរិតខ្ពស់បំផុតនេះដែរដោយតំបន់នេះមានប្រាសាទ និងសំណល់បុរាណវត្ថុច្រើន។

២/តំបន់ទី២ ឧទ្យានបុរាណវត្ថុត្រូវការពារៈ គឺតំបន់ដែលសំបូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្ដេសផ្ដាសនិងការអភិវឌ្ឍមិនសមស្រប។ ធម្មតាតំបន់ទាំងនេះ ស្ថិតនៅជុំវិញរមណីយដ្ឋានមានប្រាសាទ។ តំបន់ទាំងនេះច្រើនមានបុរាណវត្ថុបង្កប់ក្នុងទីនោះ។ តំបន់នេះមានសារៈសំខាន់ ចម្បងដោយសារ ជាតំបន់ទ្រនាប់សំរាប់ការពាររមណីយដ្ឋានមានប្រាសាទ។

៣/តំបន់៣ ទេសភាពវប្បធម៌ត្រូវការពារៈ គឺតំបន់ដែលមានលក្ខណៈជាទេសភាពត្រូវការពារ ដោយហេតុថា តំបន់នេះមានទិដ្ឋភាពបរមបុរាណ។ លើសពីនេះទៅទៀតបែបបទប្រើប្រាស់ដីធ្លី សំណង់លំនៅឋាន អាគារប្រវត្តិសាស្ត្រនៅទីនោះដែលជាកេរដំណែលដ៏យូរលង់ ផ្តល់តំលៃវប្បធម៌ខ្ពស់ ឆ្លុះបញ្ចាំងអោយឃើញជីវភាពរស់នៅពីអតីតកាល។ ទេសភាពវប្បធម៌នេះ ជាមធ្យោបាយរក្សាទស្សនវិស័យ ព្រមទាំងទំនាក់ទំនងរវាងទិដ្ឋភាពលេខធ្លោនានា ។ ទេសភាពវប្បធម៌ត្រូវការពារនេះ ត្រូវមានការគ្រប់គ្រងដោយច្បាប់ទំលាប់ទប់ទល់នឹងសកម្មភាពបំផ្លិចបំផ្លាញ បង្ហិនបង្ហោច។

៤/តំបន់៤ ចំណុចមានសារៈ សំខាន់ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬ ប្រវត្តវិទ្យាៈ គឺតំបន់ផ្សេងៗទៀត ដែលមានសារប្រយោជន៍ខាងបុរាណវត្ថុវិទ្យា តែមានសារៈសំខាន់កំរិតទាបជាងរមណីយដ្ឋានមានប្រាសាទ។ តំបន់នេះត្រូវរក្សាការពារដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវ ការអប់រំ ឬ ទេសចរណ៍ ។ កិច្ចការពារនិងច្បាប់ទំលាប់គ្រប់គ្រង់ត្រូវមានកំរិតដូចគ្នា និងឧទ្យានបុរាណវត្ថុដែរ។

៥/តំបន់៥ បរិវេណវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរៈ បរិវេណនេះគ្រប់ដណ្ដប់ខេត្តសៀមរាបទាំងមូល។ ក្នុងគោលដៅថែរក្សាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិ ត្រូវចាត់ចែងវិធានការដើម្បីជំរុញការអភិវឌ្ឍស្ថិតស្ថេរមួយ និង​ វិធានការគណនាផលប៉ះពាល់លើបរិដ្ឋាន។

តើអាជ្ញាធរជាតិអប្សរាមានរចនាសម្ព័ន្ធយ៉ាងដូចម្ដេច?

អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានរចនាសម្ព័ន្ធដូចតទៅ៖

-នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យាបង្ការ
-នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ
-នាយកដ្ឋាន​រៀបចំ​ដែនដី​ និង​គ្រប់​គ្រង​លំនៅ​ដ្ឋានក្នុង​ឧទ្យាន​អង្គរ
-នាយកដ្ឋាន​អភិវឌ្ឍន៍កសិកម្ម និង​សហគមន៍
-នាយកដ្ឋាន​គ្រប់​គ្រង​ទឹក
-នាយកដ្ឋាន​គ្រប់​គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌ និងបរិស្ថាន
-នាយកដ្ឋាន​សណ្តាប់ធ្នាប់​ និងសហប្រតិបត្តិការ
-នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ​​ និងបទ​ដ្ឋាន​បេតិកភណ្ឌ
-នាយកដ្ឋាន​អភិវឌ្ឍន៍​បេតិកភណ្ឌ​ក្រុងក្នុង​តំបន់​សៀមរាប
-នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ
-នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និងសម្ភារៈ
-នាយកដ្ឋាន​ហិរញ្ញកិច្ច​ និងគណនេយ្យ
-នាយកដ្ឋានផ្សព្វផ្សាយ
-នាយកដ្ឋាន​ទ្រទ្រង់បចេ្ចកទេស​ និង​គម្រោង​អន្តរវិស័យ
-ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍
-មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ
-មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា
-ក្រុមការងារសហគមន៍

4 Shares
Copy link
Powered by Social Snap