• Thu. Oct 28th, 2021
187 Shares

មានទ្រឹស្តីមួយគេនិយាយថា ក្រុមហ៊ុនល្អ មិនប្រាកដថាថៅកែល្អ ថៅកែល្អ មិនប្រាកដថាក្រុមហ៊ុនល្អ ហើយការជ្រើសរើសការងារ គួរជ្រើសរើសយកការងារណាដែលមានថៅកែល្អ កុំជ្រើសយកក្រុមហ៊ុនល្អ។ ពាក្យថា ថៅកែល្អ មិនមែនជាថៅកែដែលថ្នមកម្លាំងពលកម្មបុគ្គលិកទេ តែជាមនុស្សពូកែទំាងការគិត ពូកែទំាងការធ្វើ ការគ្រប់គ្រងថវិកា ការគ្រប់គ្រងពេលវេលា ការគ្រប់គ្រងបុគ្គលិក ជាពិសេសពូកែយល់ពីចិត្តបុគ្គលិក។ ថៅកែពូកែខ្លះ គ្រាន់តែឃើញទឹកមុខបុគ្គលិក គឺដឹងថាបុគ្គលិកនោះមានបញ្ហាអ្វីមួយបាត់ទៅហើយ ហើយគេព្យាយាមរកវិធីល្អៗដើម្បីដោះស្រាយបញ្ហានោះ បញ្ចប់បញ្ហានោះដោយសន្តិវិធី ដោយរលូន។

ក្រៅពីយល់ចិត្តបុគ្គលិក ថៅកែល្អក៏មើលឃើញផងដែរ ពីទុក្ខលំបាករបស់បុគ្គលិក ពីតម្រូវការរបស់បុគ្គលិក ពីចំណុចខ្វះខាតរបស់បុគ្គលិក ហើយចេះចែករំលែកចំណេះដឹង ទុក្ខលំបាក និងភាគលាភ ដោយផ្តល់នូវអំណោយ ឬរង្វាន់លើកទឹកចិត្តដល់បុគ្គលិក ដូចជាការលើកសរសើរផ្ទាល់មាត់ ការចេញបណ្ណសរសើរ ការផ្តល់រង្វាន់ជាថវិកា និងការជប់លៀងជូនបុគ្គលិកជាដើម។

បើក្រុមគ្រួសារបុគ្គលិកជួបទុក្ខលំបាករឿងអ្វីមួយ ថៅកែល្អ អាចជួយដោះស្រាយទុក្ខលំបាកនោះ ដោយមិនគិតពីការសងគុណរបស់បុគ្គលិកវិញឡើយ។

ថៅកែល្អ ចេះដឹកនាំបុគ្គលិក ណែនាំបុគ្គលិក បង្ហាត់បង្រៀនបុគ្គលិកឱ្យចេះសហការគ្នាធ្វើការមិនចូលចិត្តពាក្យបញ្ចើចបញ្ចើ ឬបញ្ជោរហួសហេតុពីបុគ្គលិក និងថៅកែល្អ ចូលចិត្តធ្វើអំពើល្អ ចូលចិត្តសាងគុណ តែមិនខ្វល់ពីការជំពាក់គុណ ឬការសងគុណរបស់បុគ្គលិក។ ថៅកែល្អ គិតគូរពីសុខទុក្ខ ទុក្ខលំបាករបស់បុគ្គលិក ច្រើនជាងការដាក់បន្ទុក គាបសង្កត់ ស្តីបន្ទោស ឬកេងចំណេញពីបុគ្គលិក៕


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

187 Shares
Copy link
Powered by Social Snap