• Thu. Oct 28th, 2021

មក​ស្គាល់ ប្រវត្តិ រហាត់ទឹក​ធំ​មួយ​នៅ​តំបន់​អង្គរ ដែល​ជំទាវ​ឧកញ៉ា សៀង ចាន់ហេង ​ជួយ​ជួស​ជុល​ឲ្យ​ដំណើរ​ការ​ដូច​ដើម​វិញ

140 Shares

រហាត់​ទឹក​ធំ​មួយដែល​ធ្វើឡើងតាំងពី​សម័យ​សង្គម​រាស្រ្ត​និយម​កំពុង​​មាន​វត្ត​មាន​នៅតំបន់​រមណី​យ​ដ្ឋាន​អង្គរ និង​កំពុង​រងការខូច​ខាត​ផងដែរ តែថា​អាជ្ញាធរជាតិអប្សរា និង​សប្បុរសជន គឺ​លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យា​នឹង​ជួសជុល​ឡើង​វិញ ។ រហាត់​ទឹក​ធំ​មានប្រវត្តិ​ដូច​ការ​រៀបរាប់​ខាង​ក្រោម។

បើតាម​អាជ្ញាធរជាតិ​អប្សរា​រហាត់ទឹក​នេះ​ធ្វើ​ឡើងតាំងពីទសវត្សរ៍​ឆ្នាំ១៩៦០ និង​មាន​ផ្ទះ​លំហែកាយ​មួយ​នៅក្បែរ​នោះ​ផង។ ក្នង​សម័យ​សង្គ្រាម​រហាត់ទឹកនេះ​រងការ​ខូច​ខាត ហើយ​ផ្ទះ​លំហែ​កាយ​នោះ​ក៏​ត្រូវ​បាត់​បង់​ផងដែរ។

​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ រហាត់ទឹកធំ​មួយ​នេះ​​ក៏ត្រូវ​បានរដ្ឋបាល​ព្រៃឈើខេត្ត​សៀមរាប​ធ្វើការ​សាងសង់​ឡើងវិញ​នៅចុង​ទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមាន​ផ្ទះលំហែ​កាយ​ដូចមុនទេ​។ ការ​សាងសង់ឡើង​វិញ​គឺ​ ដើម្បី​ទាញទឹក​ពីស្ទឹងសៀមរាប​មកស្រោចស្រពកូន​ឈើនៅក្នុងសួនបណ្តុះ​កូន​ឈើប្រាសាទតាកែវ​ដែលខ្លួន​គ្រប់គ្រង។

ប្រភព​ពី​អាជ្ញាធរជាតិអប្សរា​ឲ្យ​ដឹងទៀតថា​ក្រោយមក ពេល​អង្គរ​ចូលជា​សម្បត្តិបេតិក​ភណ្ឌពិភព​លោក​ រហាត់ទឹក​និង​សួនបណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ ត្រូវ​បាន​ប្រគល់​សិទ្ធិគ្រប់គ្រង​ទៅ​អាជ្ញាធរ​ជាតិអប្សរា​។ ក្នុងដំណាក់កាល​គ្រប់គ្រង​របស់​អាជ្ញាធរជាតិ​អប្សរា​រហាត់​ទឹក​នេះ ក៏មាន​ការជួស​ជុលដោយ​សហការជាមួយ​ជប៉ុន និងសាលា​សង្កាត់​នគរធំ និង​មានដំណើរ​ការផ្គត់ផ្គត់​ទឹកសំរាប់​ស្រោច​កូន​ឈើបានតិចតួចប៉ុណ្ណោះ​ ព្រោះ​រហាត់ធំ ​ឯទឹក​ស្ទឹង​មានតិច​។ ​បច្ចុប្បន្ន​ រហាត់ទឹក​នេះ បាន​រង​នូវការ​ខូចខាតជាដំណំ ​សល់​តែរូបរាង​ពុកផុយ​មិនអាច​ដំណើរកា​របាន​តែម្តង។

គួរ​បញ្ជាក់ថា​បច្ចុប្បន្នអាជ្ញាធរជាតិ​អប្សរា​បាន​ទទួលការ​សន្យា​ជួយ​ជួសជុល​ឡើង​វិញ​ពី​សប្បុរសជន​គឺ​លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យា​នឹង​ជួសជុល​ឡើង​វិញ ហើយ​​និង​កំពុង​សិក្សា​ពី​សម្ភារៈដែល​ត្រូវ​ប្រើ​ប្រាស់ និង​តម្លៃ​នៃការ​សាង​សង់ឡើង​វិញ។បែប​នេះ​ក្ដី នៅ​​មិន​ទាន់​ដឹង​ខ្ទង់​ចំណាយ​លើ​ការ​ជួស​ជុល រហាត់​ទឹក​បុរាណ​ដ៏​ធំ នោះ​ឡើយ ហើយ​ចំពោះ​ថា អាច​និង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ពេល​ណា​នោះ​ក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ៕

















140 Shares
Copy link
Powered by Social Snap