• Tue. Mar 15th, 2022

អាស៊ីអាគ្នេយ៍ និងអាស៊ាន មិនមែនជាកូនអុកនៅលើក្តាអុករបស់សហរដ្ឋអាមេរិក និងចិននោះទេ

253 Shares

សិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៉ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» ដែលរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) សហការជាមួយមូលនិធិ អាស៉ី (The Asia Foundation) បានពិភាក្សាអំពីរបាយការណ៍ថ្មីមួយរបស់មូលនិធិអាស៊ី ដែលមានចំណងជើងថា “បញ្ហាបន្ទាន់ក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២១” កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។

កិច្ចពិភាក្សានេះបានគួសបញ្ជាក់ពីបញ្ហាប្រឈមក្នុងតំបន់ លើវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេរដ្ឋារចនាសម្ព័ន្ធ និងបម្រែបម្រួលអាកាសធាតុ ដែលក្នុងនោះក៏បានរាប់បញ្ចូលវិបត្តិនៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ និងការប្រជែងគ្នាដ៏កាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។

អ្នកជំនាញបានផ្តល់យោបល់បន្ថែមថា សហរដ្ឋអាមេរិកគួរតែ ទីមួយ ទទួលស្គាល់ពីសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាអ្នកដើរតួពិតប្រាកដនៅក្នុងតំបន់ មិនមែនត្រឹមតែជាកូនអុកនៅលើក្តាអុករបស់សហរដ្ឋអាមេរិក និងចិននោះទេ ទីពីរ បង្កើតគំនិតផ្តួចផ្តើមថ្មីមួយដើម្បីលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អាមេរិក-អាស៊ាន ដែលប្រកបដោយសុវត្ថិភាព និងភាពធន់ ក៏ដូចជាស្វែងរកនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងការធ្វើកំណែងទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងទីបី ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលនានាជាមួយបណ្តាលប្រទេសអាស៊ាន។

មន្ថែមពីនេះ សិក្ខាសាលាក៏បានលើកឡើងនូវមធ្យោបាយនានាក្នុងការជំរុញទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា តាមរយៈការជំរុញលិទ្ធិប្រជាធិបតេយ្យ ទំនាក់ទំនងសដ្ឋកិច្ច កិច្ចសហប្រតិបត្តិការថាមពល និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេស គឺការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២។ គម្រោងក្រោមការវិនិយោគរបស់អាមេរិកក្នុងវិស័យថាមពល នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅកម្ពុជា ដែលរួមមានថាមពលស្អាត ឧស្ម័នធម្មជាតិ ថាមពលសូឡា ខ្យល់ និងថាមពលដែលជំរុញដោយកំដៅផែនដី ក៏ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះផងដែរ។

ដោយឡែក វាគ្មិនទាំងអស់បានបង្ហាញនូវទស្សនៈ ទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលអាចនឹងក្លាយជាវិបត្តិសន្តិសុខសម្រាប់អាស៊ាន។ ក្នុងន័យនេះ តាមនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ កម្ពុជាគួរតែផ្តល់នូវការចែករំលែកបទពិសោធន៍នៃជម្លោះផ្ទៃក្នុងរបស់ខ្លួន និងឬក៏ភាពជាអ្នកសម្របសម្រួលនៅក្នុងវិបត្តិមួយនេះដើម្បីស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខពេញលេញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាតំបន់ទាំងមូល៕

253 Shares
Copy link
Powered by Social Snap