• Mon. Mar 21st, 2022

លោក តាន់ គឹមសួរ នាំ ​​ទាំង​មន្ត្រី​ទាំង​រាស្ត្រ ដាំកូន​ឈើ ១០ម៉ឺនដើម ពោរពេញ​ដោយ ស្នាម​ញញឹម

1.1K Shares

សិល្បករ សិល្បការិនី តារាសម្តែង និងតារាភាពយន្តល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមកពីសមាគមសិល្បករខ្មែរ រួមជាមួយយុវជនស្ម័គ្រចិត្ត ដឹកនាំដោយលោក តាន់ គឹមសួរ នៅថ្ងៃសៅរិ៍ ៣កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ បានចូលរួមដាំដើមឈើជាង៥០០០ដើមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិសាមគ្គី នៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ឯកឧត្តម សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមផងដែរពីព្រះសង្ឃ មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

លោក តាន់ គឹមសួរ បានឱ្យដឹងថា នេះគឺជាយុទ្ធនាការដាំដើមឈើ ចំនួន១០ម៉ឺនដើម នៅឆ្នាំ២០១៩ ក្រោមប្រធានបទ«រួមគ្នាព្យាបាលដំបៅផែនដី» គាំទ្រដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអាជ្ញាធរខេត្តកំពង់ស្ពឺ សមាគមសិល្បករខ្មែរ អាជ្ញាធរមូលដ្ឋាន រួមទាំងវិស័យឯកជនមួយចំនួនទៀត ដើម្បីបង្ហាញឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម និងជីវភាពសហគមន៍។

លោក មុំ សំអាត ប្រធានសហគមន៍តំបន់ការពារធម្មជាតិសាមគ្គី បានឱ្យថា ប្រជាសហគមន៍ត្រេកអរចំពោះការចូលរួមដាំកូនឈើនាពេលនេះ ហើយលោកសង្ឃឹមថានៅពេលអនាគតសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ។

តារាកំប្លែង នាយ ពាមី មកទាំងគ្រួសារ ចូលរួមដាំកូនឈើបានរាប់សិបដើម បានបញ្ជាក់ថា លោកចង់ឱ្យគ្រួសារ ជាពិសេសកូនៗលោក មានការស្រឡាញ់ធម្មជាតិ ហើយគំនិតផ្តួចផ្តើមឱ្យមានយុទ្ធនាការថ្ងៃនេះ គឺបង្ហាញពីឆន្ទៈក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសផ្លាស់ប្តូរផ្នត់គំនិត ជនខិលខូចមួយចំនួនដែលកំពុងបំផ្លាញធនធានធម្មជាតិ មានការខ្មាសអៀន និងមានការគិតវិជ្ជមានចំពោះព្រៃឈើ ស្រឡាញ់បរិស្ថាន។

ក្នុងឱកាសនោះ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់គ្រប់គ្រងតំបន់ការពារធម្មជាតិ៥៦កន្លែង ដែលមានផ្ទៃដីប្រមាណ៧,៥ លានហិកតា។ ក្រសួងបរិស្ថាន មានឧទ្យានុរក្សត្រឹមតែជាង១២០០នាក់ ដើម្បីការពារអភិរក្សធនធានធម្មជាតិ មិនអាចគ្រប់គ្រាន់ទេ មានតែការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្ដម បានចាត់ទុកថា សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមបង្កើនការចូលរួមជាមួយសហគមន៍មូលដ្ឋាន ដើម្បីបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិនាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអាចទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ។

ឯកឧត្តមបានបន្ថែមថា ការបង្កើនការចូលរួមរបស់ប្រជាសហគមន៍មិនត្រឹមតែការដាំទេ គឺការថែរក្សាព្រៃធម្មជាតិដែលគាត់មានគួរតែថែរក្សា។

ជាមួយគ្នានេះដែរ លោកស្រី យឹម ឆៃលីន បានកោតសរសើរចំពោះគម្រោងរួមគ្នាដាំកូនឈើ និងថែទាំដើមឈើ ហើយសង្ឃឹមថានឹងទទួលជោគជ័យ ព្រោះមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើននាក់ នៅពេលនេះ ហើយបន្តរួមគ្នាជួយថែរក្សាការពារកូនឈើដែលបានដាំរួចនេះ ឲ្យបានស្ថិតស្ថេរគង់វង្សនិងលូតលាស់ល្អ ដើម្បីជាប្រយោជន៍នាពេលអនាគត។ លោកជំទាវបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងដាំកូនឈើដើម្បីស្តារព្រៃឡើងវិញ ដែលអាចជួយកាត់បន្ថយកំដៅផែនដី ការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិ ព្រមទាំងជួយការពារលំនឹងបរិស្ថានធម្មជាតិផងដែរ។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ព្រៃឈើក៏អាចបង្កើតជាតំបន់អេកូទេសចរណ៍ ដោយបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន តាមរយះការទាក់ទាញអ្នកទេសចរឱ្យមកទស្សនានៅក្នុងមូលដ្ឋាននេះផងដែរ។

សូមបញ្ជាក់ថានៅថ្ងៃចាប់ផ្តើមនៃយុទ្ធនាការរួមគ្នាដំកូនឈើ និងថែរក្សាដើមឈើ អ្នកស្មគ្រចិត្តចូលរួម បានដាំកូនឈើសរុបចំនួន១៥០០០ដើម នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៤ រួមមានខេត្តកំពង់ស្ពឺ បាត់ដំបង សៀមរាប និងឧត្តរមានជ័យ។ លោក តាន់ គឹមសួរ បានបង្ហាញសេចក្តីសង្ឃឹមថាបន្ទាប់ពីយុទ្ធនាការនេះ នៅឆ្នាំក្រោយៗទៀត លោកនឹងបង្កើតគម្រោងដាំកូនឈើឱ្យបាន១លានដើមផងដែរ៕























































1.1K Shares
Copy link
Powered by Social Snap