• Thu. Mar 17th, 2022

កុងទឺន័រជាង៨០ទូរ ផ្ទុកកាកសំណល់ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តព្រះសីហនុ

98 Shares

កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាក់សំណល់សំរាមដែលគេបោះចោល នាំមកពីសហរដ្ឋអាមេរិក និងកាណាដា ត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ នៅខេត្តព្រះសីហនុ។



ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងតែម្ដង នៅក្នុងកំពង់ផែខេត្តព្រះសីហនុ ខណៈដែលនេះជាលើកទី១ហើយ នៃការនាំចូលសំរាមមកពីបរទេស តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល។

ការគាស់ទូរកុងទឺន័រនៅរសៀលនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត។



មន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបថា មូលហេតុដែលកាក់សំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជា ទើបស្កែនឃើញថាជាសំរាម។

គួរជម្រាបថា ពាក់ព័ន្ធករណីនាំកាក់សំណល់ចូលប្រទេសកម្ពុជានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យមានជាដាច់ខាត ចំពោះការនាំកាកសំណល់ចូលប្រទេសកម្ពុជា ក្រោមហេតុផលថា កែច្នៃសំរាមទាំងអស់នេះ ទៅជាថាមពលអគ្គិសនី។


សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យធ្វើបែបនេះ មិនយូរមិនឆាប់នោះទេ កម្ពុជានឹងក្លាយជាប្រទេសមួយដែលរង់ចាំទទួលសំរាមពីបរទេសជាក់ជាមិនខានឡើយ ហើយសម្ដេចអះអាងទៀតថា កម្ពុជាមិនមែនជាប្រទេសចោលសំរាមឧស្សាហកម្មនោះទេ។

បើតាមតួរលេខបានបង្ហាញថា ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ប្រមូលសំរាមបានប្រមាណ៣,០០០តោន ហើយនៅខេត្តព្រះសីហនុ ប្រមូលសំរាមបានប្រមាណ៦០០តោនក្នុងមួយថ្ងៃ៕





98 Shares
Copy link
Powered by Social Snap