• Sun. Mar 20th, 2022

ថ្ងៃខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំសៀវភៅស្តីពីដំណើរជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចេញផ្សាយ

255 Shares

សៀវភៅ “ទឹកចិត្តអ្នកជួយសង្រ្គោះ” ស្តីពីដំណើរជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ពីកុមារភាពរហូតបច្ចុប្បន្ន ចេញ​ផ្សាយជាសាធារណៈចំពេលរម្លឹកអនុស្សាវរីយ៍៤៥ឆ្នាំនៃ​ខួប​អា​ពាហ៍ពិពាហ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឯកឧត្តមទីប្រឹក្សា ពៅ សុខ ដែលជាអ្នកនិពន្ធស្នាដៃ “ទឹកចិត្តអ្នកជួយ​សង្រ្គោះ” បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ថា សៀវភៅនេះមានកម្រាស់ជាង ៤០០ ទំព័របានចាប់ផ្តើមសរសេរកាលពីចុងឆ្នាំ ២០១៣ និងបញ្ចប់សព្វគ្រប់ ការរៀបរៀងនៅពាក់កណ្តាលឆ្នាំ ២០២០ ដោយបានដាក់ចំណងជើងដំបូងជាភាសាបាលី គឺ ទឹកចិត្តសង្គហជន ដែលមានន័យ​ថា ទឹកចិត្តអ្នក​ជួយ​សង្រ្គោះ ដូចគ្នា។

ឯកឧត្តមបញ្ជាក់ទៀតថា សៀវភៅនេះរៀបរាប់ពីដំណើរជីវិត ដ៏ជូរ​ចត់​របស់សម្តេចព្រឹទ្ធបណ្ឌិត និងប្រជាជនខ្មែរក្នុងសម័យសង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងយុគសម័យដ៏​មហារន្ធត់វេទនា នៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលដឹកនាំដោយ​ពួក​ខ្មែរក្រហម ប៉ុល ពត។

ឯកឧត្តមរៀបរាប់ថា ក្នុងអំឡុងឆ្នាំ ១៩៧៧ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន រត់ភៀសខ្លួនទៅកាន់ប្រ​ទេស​វៀតណាម ដើម្បីស្វែងរកជំនួយមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបដ៏ឃោរឃៅនោះ។ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រៀបទៅនឹងព្រះនាងជ័យរាជទេវី ដូច្នោះដែរ ដែលព្រះនាងត្រូវបែកពីព្រះស្វាមីព្រះបាទជ័យវរ្ម័ន ទី៧។ ព្រះបាទជ័យវរ័្មន បានរត់ភៀសព្រះកាយទៅសម្ងំបង្កើតកងទ័ពរយៈពេលចន្លោះពី១៥ ទៅ១៩ឆ្នាំ ដើម្បីរំដោះ​ព្រះនគររបស់ព្រះអង្គ ធ្វើឱ្យព្រះនាងជ័យរាជទេវី រង់ចាំព្រះអង្គរហូតសោយទិវង្គត។

ចំណែកសម្តេចតេជោ ហ៊ុន សែន បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម និងចំណាយពេលជិត៣ឆ្នាំ បង្កើតកងទ័ព និងរួមកម្លាំងជាមួយចលនាខ្មែរដទៃទៀតរួមមានសម្តេច ជា ស៊ីម សម្តេចហេង សំរិន សម្តេច សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់  ដើម្បីរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ ចលនារបស់សម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត ជាអ្នកប្រោះជីវិតប្រជាជនកម្ពុជា ប្រោះប្រទេសកម្ពុជា ប្រស់សេរីភាពប្រជាធិបតេយ្យ ប្រស់​របប​រាជានិយម និងប្រស់​អ្វីៗគ្រប់យ៉ាងឱ្យរស់ឡើងវិញ។

ឯកឧត្តមទីប្រឹក្សាបញ្ជាក់ថា សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដំណើរជីវិតប្រៀបដូចព្រះ​នាងជ័យ​រាជទេវី ប៉ុន្តែរឹងមាំជាងព្រះនាង គឺក្រោយពេលសម្តេចតេជោហ៊ុន សែន ដឹកនាំយុទ្ធដ៏ស្មោះត្រង់របស់សម្តេច ចេក​ចេញ​ពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចប៊ុន រ៉ានី ត្រូវរស់នៅយ៉ាងវេទនា ជាមួយប្រជា​ជន​ខ្មែរទូទាំងប្រទេស រង់ចាំស្វាមីត្រឡប់​មករំដោះប្រទេសវិញ។ ដោងរំពឹង និងជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃណា​មួយ​ស្វាមីនឹងត្រឡប់មករំដោះប្រទេស និងប្រជាជនខ្មែរពីមហាទុក្ខវេទនា​ជាមិន​ខាន។ សម្តេចប៊ុន រ៉ានី មានភាពរឹងមាំជាងព្រះនាងជ័យរាជទេវី ត្រង់ថា សម្តេចមិនបណ្តោយឱ្យការទន្ទឹងរង់ចាំ​ក្លាយ​ជាទម្ងន់ ក្លាយជាអម្រែកលើផ្លូវចិត្ត និងរាងកាយរបស់សម្តេចឡើយ ដោយសម្តេចបានពង្រឹង​ខ្លួនឯង​យ៉ាងរឹងមាំ មិនទន់ជ្រាយ ប្រៀបបាននឹងដែកថែប ដែលត្រូវបានគេលត់ដំម្តងហើយម្តងទៀត ក្នុងជំរំការងារ ដ៏គួរ​ឱ្យ​ភ័យរន្ធត់​តក់​ស្លុត និងទីបំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួប សម្តេចហ៊ុន សែន វិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​១៩៨០ ក្រោយពីប្រទេស និងប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបដ៏ឃោរឃៅបានមួយឆ្នាំ។

ឯកឧត្តមអះអាងថា សៀវភៅ “ទឹកចិត្តអ្នកជួយសង្រ្គោះ” នេះ ក៏បានរៀបរាប់ផងដែរអំពីទឹកចិត្តជាអ្នកជួយសង្រ្គោះ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីកុមារភាព យុវភាព និងបច្ចុប្បន្ន ដែលសម្តេចបង្កើតឱ្យមណ្ឌលកុមារកំព្រា មជ្ឈ​មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការបង្កើឱ្យមានមូលនិធិកូនភ្លោះ៣ ផ្ទះទេវតា និងក្រុមគ្រូពេទ្យយុវជនស្ម័គ្រ​ចិត្តសម្តេចតេជោ របស់សម្តេច​កិត្តិ​ព្រឹបណ្ឌិត សម្តេចតេជោហ៊ុន សែន និងកូនចៅរបស់សម្តេច៕

255 Shares
Copy link
Powered by Social Snap