• Tue. Mar 15th, 2022

កុំភ័យអីការប្រើប្រាស់ Telegram នៅតែមិនមានការបង់ថ្លៃសេវាកម្មដដែល

3 Shares

សម្រាប់អ្នកប្រើប្រាស់ដែលតែងតែគិតពីការការពារ ទិន្នន័យឯកជនភាពរបស់ពួកគេ កម្មវិធី Telegram គឺជាកម្មវិធីដែលគេប្រើប្រាស់ដោយសារតែកម្មវិធីនេះបានផ្ដល់នូវមុខងារ end-to-end encryption មុនគេ។

កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសមួយចំនួននៃអតីតសហភាពសូវៀតនិងប្រទេសអុីរ៉ង់ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជិត៥០០ លាននាក់នៅជុំវិញពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាយើងវិញនោះ កម្មវិធី Telegram ក៏មានការពេញនិយមគួរសមដែរ ដោយសារកម្មវិធីនេះងាយស្រួលនឹងប្រើ ហើយម្យ៉ាងវិញទៀតវាមិនមានបញ្ហាច្រើនផងនោះ។

ដើម្បីរកកម្រៃមកផ្គត់ផ្គង់សេវាកម្មនេះដែលមានអ្នកប្រើប្រាស់កាន់តែច្រើននោះ កាលពីពេលថ្មីៗនេះលោក Pavel Durov ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសថា នឹងចាប់ផ្ដើមឱ្យមានការបង់ថ្លៃសេវាកម្មក្នុងឆ្នាំ២០២១ ដែលនេះធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនគិតថាគេត្រូវតែបង់ប្រាក់ដើម្បីប្រើប្រាស់កម្មវិធីនេះនៅឆ្នាំក្រោយ ប៉ុន្តែតាមការពិតលោកអ្នកភាគច្រើនគឺអាចនៅតែបន្តប្រើប្រាស់កម្មវិធីនេះដោយមិនចាំបាច់ចំណាយថវិកាអ្វីទាំងអស់។

លោក Pavel Durov បានបញ្ជាក់នៅក្នុងការប្រកាសរបស់គាត់ថា ការបង់ថ្លៃសេវាកម្មគឺសម្រាប់តែអ្នកប្រើប្រាស់ដែលផ្ញើឯកសារធំៗ “Power users” ហើយដែលចង់ប្រើប្រាស់មុខងារថ្មីៗបន្ថែម។ ការទាញយកនិងការប្រើប្រាស់កម្មវិធី ជាមួយនឹងមុខងារដែលមានក្នុងពេលបច្ចុប្បន្នគឺនៅតែមិនចាំបាច់បង់ថ្លៃសេវាកម្មដដែល។ ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មវិញនោះ វាក៏មិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅជាលក្ខណៈឯកជនទេ នេះគឺសម្រាប់តែផ្សព្វផ្សាយនៅក្នុងក្រុមរបស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើន “Massive public one-to-many channels” តែប៉ុណ្ណោះ៕

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

3 Shares
Copy link
Powered by Social Snap