• Mon. Mar 14th, 2022

“ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន

132 Shares

“ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។នេះបើតាមទំព័រហ្វេសបុកផ្លូវការក្រសួងពាណិជ្ជកម្ម។

 ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួងពាណិជ្ជកម្ម ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មកម្លេះ ហើយចាប់ពីពេលនេះតទៅ “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី។

មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយច្បាប់នេះបានចូលជាធរមាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការចូលជាសមាជិករបស់ប្រទេសកម្ពុជានេះ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក “ម្រេចកំពត” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕

132 Shares
Copy link
Powered by Social Snap