• Tue. Mar 29th, 2022

សម្តេចតេជោ អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ បើកស្តាតអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្ត

2 Shares

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍, បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។

ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់។

ការរៀបចំអាពាហ៍ពិពាហ៍, សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ ៣វិច្ឆិកា។

សម្តេចតេជោ មានប្រសាសន៏ថា ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ៕

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។

2 Shares
Copy link
Powered by Social Snap