• Thu. Mar 17th, 2022

សម្ដេចក្រឡាហោម តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចតេជោ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១ម៉ឺន២១០គ្រួសារ

6 Shares

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ក្រុងស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង ស្មើនឹង៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង១សែនហិកតា, ដំណាំសាវប្បកម្មនិងឧស្សាហកម្មជាង៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រនិងផ្លូវក្នុងក្រុងចំនួន២០ខ្សែ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្រ្តី ហើយសម្ដេចក៏នឹងអមដំណើរសម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែសម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានមកបំពេញទស្សនកិច្ចកម្ពុជា ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សាភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែកចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនេះ អញ្ជើញមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។អំណោយទាំងនោះរួមមានស្រូវពូជ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា៥ម៉ឺនរៀល៕

6 Shares
Copy link
Powered by Social Snap