• Fri. Oct 29th, 2021

អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង

24 Shares

ការរកស៊ីចាំបាច់មានអតិថិជនជាទៀងទាត់ ដើម្បីឲ្យអាជីវកម្មដំណើរការកាន់តែល្អ។ ប៉ុន្តែមានអាជីវករមួយចំនួន ពុំចេះតិចនិកក្នុងការទាក់ទាញភ្ញៀវ ឬថែរក្សាពួកគេឲ្យប្រើសេវាកម្ម ឬទិញផលិតផលរបស់ហាងឡើយ។ ខាងក្រោមនេះជាទង្វើខ្លះៗដែលធ្វើឲ្យភ្ញៀវលែងចូលហាងអ្នកទៀត៖

១. បុគ្គលិកទទួលបានការបណ្ដុះបណ្ដាលតិចតួច
មិនថាអ្នកជាអ្នកលក់ទំនិញ ឬបម្រើសេវាកម្មទេ បុគ្គលិកគួរតែមានចំណេះដឹងពាក់ព័ន្ធនឹងទំនិញឬសេវាកម្មរបស់ហាងខ្លួនឯង។ ចៀសវាងភ្ញៀវសួរពីផលិតផល តែបុគ្គលិកបែរជាមិនដឹងអីទៅវិញ។ វាជារឿងដែលគួរឲ្យអាម៉ាស់ និងធ្វើឲ្យអតិថិជនគ្មានអារម្មណ៍ទិញផលិតផល ឬចង់ប្រើសេវាកម្មអ្នកទៀតទេ។

២ . ការដាក់ម៉ោងធ្វើការ
ហាងរបស់អ្នកចាប់បើកម៉ោង៧ព្រឹក ប៉ុន្តែពេលភ្ញៀវទៅដល់ហាង ម្ចាស់ហាងឬបុគ្គលិកទើបតែទៅដល់ដែរ។ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ភ្ញៀវ មិនមែនទៅដល់ហាងដំណាលភ្ញៀវបែបនេះទេ។ ជួនកាលអ្នកអាចសម្អាងថា បើកអាជីវកម្មខ្លួនឯង អ្នកចង់ឈប់សម្រាកពេលណាក៏បាន ដោយឧស្សាហ៍បិទទ្វារហាងជាដើម រឿងនេះក៏ធ្វើឲ្យភ្ញៀវមករកមិនឃើញ យូរៗទៅភ្ញៀវឈប់ក៏មកទៀត។

៣. មើលទៅដូចគ្មានជំនាញ
ការរៀបចំហាង និងការរៀបចំខ្លួនរបស់បុគ្គលិកពិតជាសំខាន់ក្នុងការទាក់ទាញភ្ញៀវ។ ការស្លៀកពាក់ ស្បែកជើង សក់ក្បាល របស់បុគ្គលិកត្រូវតែរៀបរយ ស្អាតបាត សមរម្យ ព្រោះថារឿងទាំងនេះត្រូវបានអតិថិជនយកចិត្តទុកដាក់ និងវាយតម្លៃទៅលើហាងផងដែរ។ បើអ្នកមើលទៅគ្មានរបៀប ភ្ញៀវប្រាកដជាមិនចូលហាងអ្នកទេ។

៤. មិនឆ្លើយតបជាមួយអតិថិជន
ការឆ្លើយសំណួរទៅនឹងភ្ញៀវ ធ្វើឲ្យភ្ញៀវទទួលអារម្មណ៍ថា អ្នកចង់លក់ផលិតផលឲ្យពួកគេ។ ប៉ុន្តែអ្នកលក់ខ្លះបែរមិនចង់ឆ្លើយសំណួរ ដោយគិតថាភ្ញៀវសួរច្រើន។ វាមិនមែនជារឿងត្រឹមត្រូវឡើយដែលព្រងើយកន្តើយជាមួយអតិថិជនដោយទង្វើបែបនេះ។ អ្នកត្រូវចាំជានិច្ចថា ភ្ញៀវជាស្ដេច! ការធុញទ្រាន់ជាមួយភ្ញៀវ មិនមែនជារឿងជោគជ័យក្នុងអាជីវកម្មឡើយ។

៥. មិនគោរពអតិថិជន
មនុស្សគ្រប់គ្នាត្រូវមានអារម្មណ៍ថា អ្វីដែលពួកគេធ្វើនិងនិយាយជារឿងសំខាន់។ ការផ្តល់នូវតម្រូវការបែបនេះដល់អតិថិជន គឺជាខ្លឹមសារនៃសេវាកម្មអតិថិជនដ៏ល្អបំផុត។ ដូចបាននិយាយពីខាងលើមកថា ភ្ញៀវជាស្ដេច ដែលអ្នកត្រូវយកចិត្តទុកដាក់បម្រើសេវាកម្មនិងផលិតផលឲ្យបានល្អ ដើម្បីឲ្យគេមានអារម្មណ៍ថា ពួកគេសំខាន់សម្រាប់ហាងអ្នក។

៦. កុហកអតិថិជន
ការកុហកអតិថិជន ជារឿងដែលត្រូវចៀសវាងដាច់ខាត បើអ្នកមិនចង់បាត់បង់ភ្ញៀវទេ។ មនុស្សយើងគ្មាននរណាចូលចិត្តការកុហកទេ។ បើសិនអ្នកចង់រក្សាអតិថិជន អ្នកមិនគួរកុហកឡើយ ព្រោះភ្ញៀវរបស់អ្នកនឹងឈប់ទុកចិត្តលើហាងរបស់អ្នកទៀត។

៧. ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាចាញ់បោក
បើចង់រក្សាអតិថិជន ដាច់ខាតកុំបោកប្រាស់ភ្ញៀវពីផលិតផលនិងសេវាកម្មររបស់អ្នក ដោយប្រាប់ពួកគេថា វាមានគុណភាពល្អ តែការពិតវាមិនមែននោះទេ។ ការរកស៊ីបែបនេះ នឹងធ្វើឲ្យហាងដួលក្នុងរយៈដ៏ខ្លី ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖កម្ពុជាថ្មី

24 Shares
Copy link
Powered by Social Snap