• Sun. Nov 28th, 2021

មកដឹងប្រវត្តិ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

1.2K Shares

ការផ្សាយព័ត៌មានរបស់ Mengly J.Quach University Press កាលពីថ្ងៃទី ២៥ ខែ៦ ឆ្នាំ២០១៨ ស្តីពីជីវប្រវត្តិសង្ខេប លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បច្ចុប្បន្នលោកឧកញ៉ា ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េង លី ជេ.គួច អេខ្យូខេសិន ។ លោកឧកញ៉ាវេជ្ជបណ្ឌិត ជាបុគ្គលម្នាក់ ដែលគេមើលឃើញថាជោគជ័យនៅក្នុងមុខជំនួញ ហើយលោកឧកញ៉ា តែងតែណែនាំដល់យុវជនឲ្យចេះសន្សំហើយវិនិយោគ។ បានចុះផ្សាយ Mengly J.Quach University Press ដូចខាងក្រោម៖

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កើតថ្ងៃអង្គារ ខែចេត្រ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៦៩ ក្នុងទឹកដីទីរួមខេត្តបាត់ដំបង។ ទីកំណើតរបស់លោកឧកញ៉ាស្ថិតក្នុង​ភូមិព្រែក​មហាទេព ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។ លោកឪពុកលោកឧកញ៉ា មានឈ្មោះ គួច លៀងហួរ ចំណែកអ្នកម្តាយឈ្មោះ សូវ សុកហួង។

លោកឧកញ៉ា ទទួលការអប់រំ និងធំដឹងក្តីឡើងនៅសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ បច្ចុប្បន្ននេះ លោកឧកញ៉ាបាននិងកំពុងរស់នៅក្នុងព្រះរាជាណាច្រកម្ពុជា។ ភរិយារបស់លោកឧកញ៉ាគឺ លោកជំទាវ អ៊ឹង លីហុង ហើយបច្ចុប្បន្នលោកឧកញ៉ាមានបុត្រីចំនួន២នាក់គឺ ចាស្មីន និងមែល្លីស្សា។

លោកឧកញ៉ា ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសខាងអប់រំ ជាជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្នលោកឧកញ៉ាត្រូវគេស្គាល់ថា ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ទទួលបានការសិក្សាពីសាកលវិទ្យាល័យ California, Berkeley ទីក្រុង Berkeley សហរដ្ឋអាមេរិក ដែលជាកន្លែងលោកឧកញ៉ាបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ ១៩៩១។ បន្ទាប់មក លោកឧកញ៉ាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ NewMexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រ ផ្នែកវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រទូទៅ។ ក្នុងឆ្នាំ២០០៧ លោកឧកញ៉ាបានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts Amherst ទីក្រុង Amherst រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

លោកឧកញ៉ា បានធ្វើការជាសាស្រ្តាចារ្យវិទ្យាសាស្រ្តបង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្ររូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង LosAngeles រដ្ឋ California អស់មួយរយៈពេលមុនពេលវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា វិញក្នុងឆ្នាំ ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្តមានតួនាទីជា អ្នកប្រឹក្សាយោបល់ នៃគម្រោង “Integrated Management of Childhood Illness”(IMCI) និងសុខភាពសាធារណៈ របស់អង្គការ ដៃគូដើម្បីអភិវឌ្ឍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។

ក្រោយមកលោកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៃមហាវិទ្យាល័យ គណិត សាស្រ្តវិទ្យាសាស្រ្ត និង វិស្វកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយលោកឧកញ៉ា ក៏ទទួលបាន ការ តែងតាំងជាស្ថាបនិកព្រឹទ្ធបុរសអនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃមហា វិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកឧកញ៉ា បង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។

លោកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ាក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទី ជានាយកប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ.គួច ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥។ តាមរយៈសកម្មភាពនិងទឹកចិត្ត សប្បុរសធម៌ ដែលលោកឧកញ៉ាបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់កន្លងមក បានធ្វើឱ្យប្រជាជនទូទៅ សិស្ស និស្សិត គោរពស្រឡាញ់ រហូតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហប្ញទ័យប្រោស ព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ មហាសេនា និងបានចេញព្រះរាជក្រឹត្យ តែងតាំងជា “ឧកញ៉ា” ចាប់តាំងពី ឆ្នាំ២០០៩ មក ដើម្បីជាកិច្ចតបស្នង នូវទឹកចិត្តសប្បុរសធម៌ ដែលលោកបានបរិច្ចាសម្រាប់ប្រទេសជាតិ។

ពានរង្វាន់កិត្តិយសចុងក្រោយ ដែលលោកទទួលបានមានដូចខាងក្រោម៖
• ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ និងសប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ និង ២០១៧ ក្នុង គេហ ទំព័រព័ត៌មានអនឡាញ Sabay News។
• អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ និង២០១៦នៅក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា។
• ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទ ថ្នាក់តំបន់ អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥, ក្រុងហុងកុង, ឆ្នាំ២០១៥ ប្រគល់ដោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី ទី២៧ គឺលោកស្រី Julia Gillard។
• លោកក៏ត្រូវបានចុះផ្សាយផងដែរនៅក្នុងបណ្ដាញសារព័ត៌មាន និងទស្សនាវដ្ដីល្បីៗមួយចំនួនមានដូចជា៖ កាសែត ភ្នំពេញប៉ុស្ដិ៍, កាសែត ឌឹ ឃែមបូឌា ដេលី, កាសែតខ្មែរថែមស៍, ទស្សនាវដ្ដី ពាណិជ្ជកម្ម កម្ពុជា, ទស្សនាវដ្ដី ហេលស៍ ថាម, ទស្សនាវដ្ដី ឡារ៉ែន, ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ, Business Circle Magazine និង Management Insider Magazine ជាដើម។

តួនាទីផ្សេងៗ នាពេលបច្ចុប្បន្នរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមមាន៖
• ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា
• សមាជិកទីប្រឹក្សា នៃសភាពាណិជ្ជកម្មកម្ពុជា
• ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី
• សមាជិកស្ថាបនិក និងទីប្រឹក្សានៃក្លិបអ្នកវិនិយោគកម្ពុជា
• សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព
• សមាជិកស្ថាបនិក វិទ្យុផ្កាឈូក

1.2K Shares
Copy link
Powered by Social Snap