• Tue. Mar 15th, 2022

គោលដៅអេកូទេសចរណ៍ ៤នឹងទទួលការអភិវឌ្ឍរួមគ្នាដើម្បីជំរុញកំណើនទេសចរក្នុងស្រុក

55 Shares


មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហគមន៍អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរ​បាន​យ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោម ជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។


គោលដៅសហគមន៍ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។ សហគមន៍ទាំង៤នេះ ជាសហគមន៍ដែលទើបតែបង្កើតថ្មី ហើយក៏ទើបតែបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោងផងដែរ ដែលទាមទារឱ្យមានការជួយអភិវឌ្ឍន៍ដល់សហគមន៍បន្ថែមពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

ក្រសួងក៏បាន​លើកពីបញ្ហានៅចំពោះមុខដែលកំពុងមានក្នុងសហគមន៍ទាំងនោះ រួមមាន៖ បញ្ហាខ្លះប្រព័ន្ធហេ​ដ្ឋា​រចនា​សម្ពន្ធតភ្ជាប់ទៅកាន់សហគមន៍ បញ្ហាផ្លូវធ្វើដំណើរមិនទាន់ស្រួលបួល បញ្ហា​បរិស្ថាន អនាម័យ និងសំរាម ខ្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីន​ធើ​ណេត​ដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការ​ផ្សព្វ​ផ្សាយ និងចំណុចខ្លះចន្លោះជាច្រើនទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះស្ថិតក្រោមក្រសួងណាឡើយ។ តួយ៉ាងដូចក្នុងករណីរបស់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងរបស់ក្រសួង​បរិស្ថាន សហគមន៍នេសាទផាត់សណ្ដាយរបស់រដ្ឋបាលជលផល សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍របស់រដ្ឋបាលព្រៃឈើ និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានការចូលរួមរបស់ក្រសួងពាក់ព័ន្ធជាច្រើន៕

ប្រភព៖ ក្រសួងទេសចរណ៍

55 Shares
Copy link
Powered by Social Snap