• Thu. Mar 17th, 2022

ចំណាយ​​​ថវិកា​​ប្រមាណ​ ៨៣៥.២៥០.១៦៨បាត ​​សាង​​សងអគារ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ស្ទឹង​​បត់​-បាន​ណង​អៀន​​

37 Shares

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹង​បត់​-បាន​ណង​អៀន សម្រេចបាន៥% ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល​២១​ខែបន្ទាប់ ដែល​គ្រោង​មួយ​​នេះ គ្រោង​ចំណាយ​​ថវិកា​​ប្រមាណ ៨៣៥.២៥០​.១៦៨​បាត​ ។

ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០​២០​ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការ​សាង​សង់​អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃ​គណៈ​អភិបាល ប្រធានមន្ទីរ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការ​សាង​សង់​ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាន​ណង​អៀន​ ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬ​សៀវ​ភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

សូមបញ្ជក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន ​Team Consulting​ Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥​.២៥០​.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស​​​ជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០​២០​​ នេះ គម្រោងនេះសម្រេចបានប្រមាណ៥%ហើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល​២ខែ​ធៀបនឹងកិច្ច សន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគ​កូវីដ​១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃពន្លឿនការងារសាងសង់ របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិ​វិធី​បើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅ ច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

គួរកត់សម្គាល់ថា៖ ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹង​បើក​ឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជា ជាតិទាំងពីរផងដែរ៕


ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

37 Shares
Copy link
Powered by Social Snap