• Mon. Mar 21st, 2022

ឧកញ៉ា ហ៊ួត ជា​បង្ហើប​ក្បួន កែប្រែវាសនា​ពី​បុគ្គលិក​មក​​ក្លាយ​​ជា​​ថៅ​កែ​​ដោយ​​ជោគ​ជ័យ​

263 Shares

លោកឧកញ៉ា ហ៊ួត ជា ត្រូវបានមនុស្សជាច្រើនបានស្គាល់ថាជាម្ចាស់យីហោ ហ៊ួត ជាលក់គ្រឿងសំណង់ដ៏ល្បីល្បាញទាំងនៅទីក្រុងភ្នំពេញ និងនៅ​តាមបណ្ដាខេត្តនានាជាច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺលោកមិនមែនកើតក្នុងគ្រួសារដែលមានជីវភាពធូរធារនោះទេ។

លោកធ្លាប់បានចាប់ផ្ដើមអាជីវកម្មដំបូងដោយលក់គ្រឿងសំណង់តិចតួចនៅតាម​សំ​យ៉ាប​​ផ្ទះរបស់គេតែប៉ុណ្ណោះ។ ដោយសារតែការអត់ធ្មត់តស៊ូខ្ពស់ក្នុងអាជីវកម្ម បានធ្វើឱ្យអាជីវកម្មរបស់លោករីកចម្រើនកាន់តែធំឡើងៗរហូតដល់អាចពង្រីកខ្លួនបានជាច្រើនសាខា និងក្លាយជាបុគ្គលដ៏លេចធ្លោមួយរូបខាងផ្នែកអាជីវកម្ម។
ឆ្លងកាត់បទពិសោធន៍ដែលធ្លាប់ក្រលំបាក និងអាចរំដោះខ្លួនចេញពីភាពក្រីក្រ លោកក៏​បាន​ចែករំលែកនូវក្បួនធ្វើការងារសម្រាប់បុគ្គលិកគ្រប់រូបដែលគួរតែប្រកាន់យក ប្រសិន​បើ​ពួកគេចង់កែប្រែវាសនារបស់ពួកគេពីបុគ្គលិកមកក្លាយជាថៅកែបាន ប្រសិនបើពួក​គេ​​ផ្លាស់ប្ដូរការគិតរបស់ខ្លួនដូចខាងក្រោមនេះគឺឈប់គិតថាខ្លួនត្រឹមតែជាបុគ្គលិក ហើយក្រុមហ៊ុនជារបស់ថៅកែមិនមែនជារបស់ខ្លួនទេ។

លោកបានចែករំលែកថា៖ “បើអ្នកកំពុងធ្វើការឱ្យគេ ចូរចាត់ទុកការងាររឺមុខរបរនោះឱ្យដូចជារបស់ខ្លួនឯង ត្រូវគិតរិះរកវិធីធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនឬមុខរបរនោះរីកចម្រើននិងចំណេញ។ ទម្លាប់ខ្លួនឯងបែបនេះទើបអ្នកអាចមានឱកាសក្លាយទៅជាថៅកែដូចគេដែរ…!!! តែបើអ្នកធ្វើការដើម្បីតែប្រាក់ខែ មិនចាត់ទុកមុខរបរនោះជារបស់ខ្លួនឯងទេ ថ្ងៃក្រោយទៅអ្នកគឺនៅតែជាបុគ្គលិកគេរហូតហ្នឹង”។

ជាការពិតណាស់ កន្លែងការងារគឺជាសាលាបង្រៀនរកស៊ីដ៏ល្អមួយ សម្រាប់មនុស្សដែលមាន​បំណងចង់ចាប់ផ្ដើមអាជីវកម្ម ព្រោះកន្លែងធ្វើការតែងតែបង្រៀននូវមេរៀនអាជីវកម្មពិតៗ ហើយថែមទាំងផ្ដល់ជាប្រាក់ខែឱ្យថែមទៀតផង។ ដូច្នេះប្រសិនបើបុគ្គលិកដែលមានផ្នត់គំនិតជាសហគ្រិន ពួកគេក៏នឹងអាចរៀនសូត្របាននូវមេរៀនដ៏ល្អៗជាច្រើនពីកន្លែងធ្វើការងារនេះ មុននឹងឈានទៅចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

ប៉ុន្តែជាអកុសល បុគ្គលិកភាគច្រើនតែងតែធ្វើការងារដើម្បីតែបំពេញម៉ោងការងារ ហើយ​រង់ចាំតែដល់ថ្ងៃបើកប្រាក់ខែតែប៉ុណ្ណោះ។ ភាគច្រើនពួកគេតែងតែប្រកាន់យកនូវផ្នត់គំនិតដុះស្លែរមួយគឺ ក្រុមហ៊ុនជារបស់ថៅកែ រីឯខ្លួនត្រឹមតែជាបុគ្គលិកតែប៉ុណ្ណោះ ទោះបីជាខ្លួនខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏លទ្ធផលចំណេញតែថៅកែតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកមានបំណងចង់ចេញមកចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង ពេលដែលកំពុងធ្វើការងារឱ្យគេ អ្នកត្រូវចាត់ទុកថាក្រុមហ៊ុននោះប្រៀបបីដូចជាក្រុមហ៊ុនរបស់អ្នក​ ឬស្រមៃថាខ្លួនអ្នកជាថៅកែក្រុមហ៊ុននោះតែម្ដង ទើបធ្វើឱ្យអ្នកមានថាមពលក្នុងការបំពេញការងារ ខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាព។

ត្រូវចាត់ទុកថាភាពរីកចម្រើនរបស់ក្រុមហ៊ុន គឺជាភាពរីកចម្រើនរបស់ជីវិតអ្នកដូចគ្នា។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនខាតបង់ ជីវិតអ្នកក៏កំពុងតែខាតបង់ដូចគ្នា នោះទើបអ្នកអាចនឹងទទួលបានូវភាពរីកចម្រើនក្នុងអាជីព ពេលដែលអ្នកគិតបែបនេះ។

ប្រសិនបើអ្នកនៅតែគិតថាខ្លួនឯងជាបុគ្គលិកដែលអង្គុយតែធ្វើការងារឱ្យគេ នោះអ្នកក៏នឹងមិនមានស្មារតីខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាពនោះដែរ ហើយនៅពេលដែលអ្នកធ្វើការងារត្រឹមតែលំៗអ្នកក៏នឹងទទួលបានលទ្ធផលលំៗដែរ រី​ឯអាជីពការងាររបស់អ្នកក៏នឹងមិនសូវមានភាពរីកចម្រើនទៅតាមនោះដែរ។


ប្រភព៖business-cambodia

263 Shares
Copy link
Powered by Social Snap