• Sun. Mar 20th, 2022

ស្រី​ម្នាក់ បោះ​ទុន​៥០​ម៉ឺនដុល្លារ ​វិនិយោគ​លើ​វិស័យ​ភាពយន្ត

285 Shares

លោកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន»​ថៅកែយីហោផលិតផល​ថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» ល្បី​មួយ ពេលនេះបាន សម្រេចចិត្ត ប្រឡូកចូល​ក្នុងវិស័យភាពយន្ត ​បន្តែម​លើ​មុខ​ជំនួញ​បច្ចុប្បន្ន ក្នុងនាមជាចាងហ្វាងផលិតកម្មផង និងជាតួសម្តែងផង។ មុខ​ជំនួញ​ថ្មី​នេះ អ្នក​នា បាន​ដាក់​ទុន​វិនិយោគ​ដំបូង ៥០ម៉ឺនដុល្លារ។

ថៅកែ​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បានរៀបចំពិធីក្រុងពាលី កាលពីថ្ងៃទី០៣ កក្កដាកន្លងទៅនេះ នៅ​ទីតាំង​ថតផ្ទាល់ ក្នុងក្រុងបាត់ដំបង ដែលជាទឹកដីអំណោយផលខាងសិល្បៈ និងសម្បូរទៅដោយ សំណង់​ អាណានិគមចាស់ៗ។អ្វីដែលកាន់តែប្លែក គឺរឿងដំបូង ដែលស្រីអូន ប្រុង​ផលិតនោះ ជារឿង​បែប​រន្ធត់​ខ្នា​តធំ ប្រមូលផ្តុំដោយតារាសម្តែងអាជីពទាក់ទាញ ក្រុម ការងារ និងឧបករណ៍ថតទំនើប មិន​ចាញ់​ផលិតកម្មក្រៅស្រុក។

ក្នុងពិធីនោះ ស្រីអូនជាប្រធានចាងហ្វាងផលិតកម្មបានលើកឡើងថា៖ «ផលិតកម្ម រាម» (Ream Production) លេច រូបរាងឡើងក៏ដោយសារតែចិត្តខ្ញុំស្រលាញ់វិស័យសិល្ប:ខ្លាំង ហើយ​លើសពីចិត្តស្រឡាញ់ ក៏យើងចង់រួមចំណែក អភិវឌ្ឃឧស្សាហកម្មភាពយន្តកម្ពុជា ដោយក្រុមហ៊ុនបានកំណត់ទស្សន:វិស័យយ៉ាងច្បាស់លាស់ថា «នាំភាពយន្តខ្មែរ ទៅកាន់ពិភពលោក»។ ហេតុដូចនេះហើយបានជាយើងសម្រេចវិនិយោគ ៥០ម៉ឺនដុល្លារ ជាការដាក់ទុនដំបូង ដោយ ចំណាយ៣០ម៉ឺនដុល្លារ លើកាមេរ៉ាថតលំដាប់ហូលីវូឌម៉ាក ARRI កុំព្យូទ័រកាត់តរូបភាព ឧបករណ៍ច្នៃសម្លេង និងសម្ភារៈ ទំនើបផ្សេងៗទៀត និងចំណាយ​២០​ម៉ឺន​ដុល្លារ លើការផលិតរឿងទី១ឡើងដែលមានចំណងជើងថា «កម្ម» រឺហៅជា ភាសាអង់គ្លេសថា «Karma»។

ចំណែកឯ Zanith ដែលជាតួឯកប្រុសក្នុងខ្សែភាពយន្តខ្នាតធំនេះវិញ សម្តែងចំណាប់អារម្មណ៍ថា៖ «ទោះបីខ្ញុំប្រឡូកក្នុង វិស័យសិល្បៈបាន៤ឆ្នាំមកហើយក្តី លើកនេះជារឿងដំបូង​សម្រាប់ខ្ញុំសម្តែង សម្រាប់ចាក់នៅរោងភាពយន្ត។ ខ្ញុំពិតជា ស្រឡាញ់តួអង្គប្រុសជា «វិសុទ្ធ» ដោយសារមានស្នេហ៍ស្មោះ ដែលអាចឈ្នះអ្វីគ្រប់យ៉ាង។» គួរបញ្ជាក់ដែរថា Zanith បានលេចធ្លោក្នុងវិស័យភាពយន្ត បន្ទាប់ពីជាប់ការប្រកួតMr. United នៅប្រទេស​ហ្វីលីពីន​ក្នុងចំណោមជ័យលាភី៣រូប។ រួចប្អូនបានសម្តែងក្នុងភាពយន្តភាគតាមទូរទស្សន៍​ដូចជា​ «មនុស្សពិត» នៅប៉ុស្តិ៍បាយ័ន។

សម្រាប់កញ្ញា Bella វិញដែលចាប់អាជីពពីតារាម៉ូដែលចេញពីកម្មវិធី​ Khmer Super Model បានគូសបញ្ញាក់ថា៖ ««កម្ម» ក៏ជាខ្សែភាពយន្តខ្នាតធំទី១ សម្រាប់នាងខ្ញុំដែរ។ នាងខ្ញុំត្រូវសម្តែងសាកដល់ទៅ៣ដង ទម្រាំបងដឹកនាំរឿង សម្រេចយក។ នាងខ្ញុំពិតជារំភើប ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយនេះ ជាពិសេសដើរតួ«មាលា»ជាតួ ពិសពុល ពោរពេញដោយការប្រចណ្ឌ បណ្តាលពីចិត្តស្នេហ៍តែម្ខាងទៅលើ«វិសុទ្ធ»។»

បើក្រឡេកទៅ លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿងវិញ លោកមានប្រសាសន៍ថា៖ «ចំពោះដំណើរការផលិតរឿង «កម្ម» ក្រុមការងារមានការសម្អិតសម្អាងពិសេសលើការតុបតែងឆាក ការរចនាសម្លៀកបំពាក់ ការផាត់មុខ បច្ចេកទេសថត និង រចនាសម្លេង បច្ចេកទេសរចនា Visual Effects និងបច្ចេកទេសថតបូកផ្សំជាមួយបច្ចេកទេសពន្លឺ។ ជាពិសេសយើង ប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យយើងមានភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុង ពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និង សម្លេងរបស់រឿងនេះកាន់តែប្រណីត។ បូកផ្សំជាមួយក្រុមការងារដែលមានគុណភាពនិងបទពិសោធន៍ វាកាន់តែធ្វើឱ្យ សង្វាក់ផលិតកម្មយើងប្រព្រឹត្តទៅតាមស្តង់ដាផលិតមួយដែលជួយលើកកំពស់គុណភាពកុនខ្មែរយើងទៅដល់កម្រិតខ្ពស់។ នេះជាការលើកឡើងត្រួសៗរបស់សមិទ្ធិករយើងដែលធ្លាប់ទទួលបានការបណ្តុះ​បណ្តាលភាពយន្ត ទាំងក្នុងស្រុក និងក្រៅ ស្រុកដូចជានៅជប៉ុន និងកូរ៉េ។

ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចតាមដាន ដំណើរការផលិតរឿង «កម្ម» តាមបណ្តាញព័ត៌មាន និងអនឡាញ រហូត ដល់ថ្ងៃចាក់បញ្ចាំង។ តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយរឿង«កម្ម»នេះ បើស្ថានភាព អំណោយផល ខ្សែភាពយន្តខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ។

285 Shares
Copy link
Powered by Social Snap